អន្តរជាតិ
កូរ៉េ​ខាង​ជើង​ចោទ​អាម៉េរិក​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស
27, Apr 2024 , 9:39 pm        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែមេសា បានចោទអាម៉េរិកថាធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្ហាញការធ្លាក់ចុះកាន់តែខ្លាំងការគោរពសិទ្ធិមនុស្សក្នុងប្រទេសនេះ។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ដែលស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស ទីក្រុងព្យុងយ៉ាងនឹងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោនដែលប្រើសិទ្ធិមនុស្សជាឧបករណ៍សម្រាប់ឈ្លានពាន គំរាមកំហែង និងបញ្ចេញអាកប្បកិរិយាប្រឆាំងនឹងកូរ៉េខាងជើង។
 
អ្នកនាំពាក្យរូបនេះដដែលនេះ ចង់សំដៅរបាយការណ៍របស់​បេសកជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្សអាម៉េរិកលោកស្រី Julie Turner ដែលទៅទីក្រុងសេអ៊ូលនិងតូក្យូ​កាលពីខែកុម្ភៈ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅកូរ៉េខាងជើង។ ក្នុងដំណើរទស្សនកិច្ច លោកស្រី បញ្ជាក់ពីការបាត់ខ្លួន​ដោយ​បង្ខំ​តាម​រយៈ​ការ​ចាប់​ពង្រត់ និងសង្កត់ធ្ងន់លើតម្រូវការដោះស្រាយជាបន្ទាន់ចំពោះករណីនេះ។ 
 
ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកដែលចេញក្នុងសប្ដាហ៍នេះ បានរំលេចវិបត្តិមនុស្សធ្ងន់ធ្ងរនៅកូរ៉េខាងជើង។របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាម៉េរិក បានលើកឡើងពីការសម្លាប់មនុស្សដោយបំពាន ឬខុសច្បាប់រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបាត់​ខ្លួន​ដោយបង្ខំ ការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ឬការដាក់ទណ្ឌកម្មដោយអាជ្ញាធរ​។
 
បន្ថែមពីលើរឿងសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏រិះគន់អាម៉េរិកដែលជំរុញឱ្បបញ្ឈប់ការ បាញ់មីស៊ីល និងគ្រាប់រ៉ុក្កែតផ្សេងទៀត។ ទីក្រុងវ៉ាស៊ីនតោនហៅការបាញ់នេះ ជាការរំលោភ​​ដំណោះ​ស្រាយរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែកូរ៉េខាងជើងក៏ចោទសួរការបាញ់បង្ហោះផ្កាយរណបរបស់​កូរ៉េខាងត្បូងកាលពីខែមេសាវិញដែរ។
 
«យើងនឹងអនុវត្តបេសកកម្មដ៏សំខាន់របស់យើងដូចដែលបានគ្រោងទុកដើម្បីបង្កើនសមត្ថភាព​ឈ្លប​យកការណ៍អវកាសរបស់យើងដើម្បីធានាសុវត្ថិភាពរបស់ប្រទេសរបស់យើង»។ KCNA ស្រង់ស​ម្តី​អ្នក​នាំពាក្យរបស់រដ្ឋបាលអភិវឌ្ឍន៍អវកាសជាតិរបស់កូរ៉េខាងជើងបែបនេះ៕
 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com