កីឡាអន្តរជាតិ
អន្តរជាតិ
Sheffield ធ្លាក់ពី Premier League ជាមួយកំណត់ត្រាគេស៊ុតចូលទីច្រើនជាងគេ
28, Apr 2024 , 11:01 am        
រូបភាព
ក្លិប Sheffield United បានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ Premier League ខណៈនៅសល់ការប្រកួត ៣ទៀតក្នុងដៃ ក្រោយពីប្រកួតចាញ់ក្រុម Newcastle United លទ្ធផល​ ៥-១ ក្នុងកីឡដ្ឋាន St. James’ Park។


ក្រុមដឹកនាំដោយលោក Chris Wilder នឹងបំបែកកំណត់ត្រា ជាក្រុមដែលត្រូវបានគេស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងចំណោម ៣៨ប្រកួតពេញ ១រដូវកាលរបស់ក្របខណ្ឌ Premier League ។ គិតត្រឹមសប្ដាហ៍ទី៣៥នេះ Sheffield របូតគ្រាប់បាល់ ៩៧គ្រាប់បាល់ ដែលអាចបំបែកកំណត់ត្រាក្រុម Swindon Town ដែលកាលពីឆ្នាំ ១៩៩៤-៩៥ ពួកគេរបូតគ្រាប់បាល់ ១០០គ្រាប់ ក្នុងលីគអង់គ្លេស ដោយកាលណោះមាន ២២ក្រុម។
 
ក្រុម Sheffield ទៀតសោត ក៏ត្រូវបានកត់ត្រាជាក្រុមថ្មីបន្ថែមមួយទៀត ដែលមានលំដាប់ពិន្ទុទាបជាងគេបំផុតមិន ធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Premier League។ Sheffield ប្រកួត ៣៥លើក រកបានត្រឹម ១៦ពិន្ទុ ខណៈកំណត់ត្រាកាន់កាប់ដោយក្រុម Derby County មានត្រឹម ១១ពិន្ទុ កាលពីរដូវកាល ២០០៧-០៨។
 
ដោយឡែកសម្រាប់រដូវកាលក្រោយវិញ Sheffield នឹងត្រូវចាប់ផ្តើមការប្រកួតក្របខណ្ឌទីពីរអង់គ្លេស EFL Championship ជាមួយនឹងការកាត់ ២ពិន្ទុ។ ការកាត់ពិន្ទុត្រូវធ្វើឡើងក្រោយស្ថាប័នលីគបាល់ទាត់អង់គ្លេស (EFL) ដាក់ពិន័យពួកគេចំពោះការមិនទូទាត់ប្រាក់ទៅកាន់ក្លិបផ្សេង។
  


ស្ថិតក្នុងជំនួប Premier League ដដែល ក្រុម Everton បានប្រកួតយកឈ្នះលើក្រុម Brentford លទ្ធផល ១-០ ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១៥ គេចចេញពីការខិតជិតទៅតំបន់កាត់ចោល។ ​Everton រកបាន ៣៦ពិន្ទុ ពី ៣៥ប្រកួត ដោយមានគម្លាតពិន្ទុ ១១ ពីក្រុម Luton Town ស្ថិតនៅចំណាត់ថ្នាក់លេខ ១៨។ ក្លិប Brentford ក៏ធានាសុវត្ថិភាពខ្លួនបន្តនៅក្របខណ្ឌ Premier League ទោះចាញ់ការប្រកួតក្តី។
 
តំបន់បាតតារាងមានភាពក្តៅគគុកដូចតំបន់ខាងលើ Nottingham Forest កំពុងតែប្រជែងទល់នឹងក្រុម Luton Town ដើម្បីគេចចេញពីការធ្លាក់ទៅលីគទីពីរ ខណៈខ្លួននៅសល់ ៤ប្រកួតក្នុងដៃ។ Luton Town នៅសល់ ៣ប្រកួតក្នុងដៃ ដែលត្រូវបន្តប្រជែង។
 
ដោយឡែកតំបន់ខាងលើវិញក្រុម Manchester United ខកឱកាសក្នុងការប្រជែងកៅអី UEFA Champions League ខណៈខ្លួនក៏ប្រឈមនឹងការគ្មានកៅអីក្របខណ្ឌអឺរ៉ុបផ្សេងទៀតលេងដូចគ្នា ក្រោយក្រុមស្មើ Burnley លទ្ធផល ១-១។ Aston Villa រកបាន ១ពិន្ទុបន្ថែមពីការប្រកួតស្មើ ២-២ ទល់នឹង Chelsea បញ្ចប់​ដំណើរប្រជែងរបស់ក្រុមបិសាចក្រហម។
 
Aston Villa ក៏ប្រឈមនឹងការគ្មានកៅអីលេងនៅ Champions League ខណៈខ្លួនត្រូវរង់ចាំមើលការប្រជែងរបស់ក្លិប Tottenham Hotspur ដែលតាមពីក្រោយមានគម្លាត ៧ពិន្ទុ ៕
 

Tag:
 Sheffield United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com