អន្តរជាតិ
បន្ថែមលំហបៃតងសម្រាប់ប្រជាជន ក្រុងបាងកកបង្កើតឧទ្យានដីសើមទំហំជិត១៤ហិកតា
28, Apr 2024 , 3:59 pm        
រូបភាព
រដ្ឋបាលទីក្រុងបាងកក កំពុងបង្កើតឧទ្យានថ្មីមួយទៀតក្នុងរាជធានីដើម្បីផ្ដល់លំហបៃតងបន្ថែម និងខ្យល់ស្អាតសម្រាប់ប្រជាជនក្នុងទីក្រុង។ 
ស្ថិតក្នុងខណ្ឌ Bung Kum ឧទ្យានថ្មីដែលនឹងបើកក្នុងឆ្នាំ២០២៤ ជាអតីតទីតាំងស្រូបយកទឹកភ្លៀង និងបញ្ចៀសទឹកជំនន់នៅប៉ែកខាងកើតទីក្រុងបាងកក។ ជាមួយដើមរុក្ខជាតិជាច្រើន ដីទំហំជិត១៤ហិកតានេះ ត្រូវបានប្រែក្លាយជាសួនសាធារណៈសម្រាប់ប្រជាជនលំហែកាយ និងសកម្មភាពហាត់ប្រាណ ហើយក៏ត្រូវដំឡើងជាឧទ្យានតែម្ដង។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ ឧទ្យានដីសើមថ្មីនេះ មានផ្លូវដើរក្រាលកៅស៊ូប្រវែង៣,៦គីឡូម៉ែត្រ និងផ្លូវដើមតាមទឹកប្រមាណ៤២០ម៉ែត្រផង។ ផ្លូវកៅស៊ូ មិនអនុញ្ញាតឱ្យរថយន្តប្រើប្រាស់ឡើយដើម្បីធានាសុវត្ថិភាពប្រជាជន។
 
ឧទ្យានថ្មីនេះ មានទីតាំងក្បែរសួនពីរទៀតដែលជាទីតាំងសម្រាប់ប្រជាជនថៃសម្រាក និងធ្វើលំហាត់ប្រាណនានា។
 
ជាមួយប្រជាជនប្រមាណ៥,៧លាននាក់នៅឆ្នាំ២០២៣ ក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទីក្រុងមមាញឹកមួយនៅអាស៊ីអាគ្នេយ៍។ ទីក្រុងនេះមានឧទ្យានធំៗដូចជា Lumpini និង សួន Benjakitti ដ៏ធំកណ្ដាលទីក្រុងទៀតផង៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com