ជាតិ
បុណ្យវិសាខបូជាឆ្នាំនេះ នឹងប្រារព្ធផ្លូវការក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជ្យទ្រព្យ
28, Apr 2024 , 6:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
រូបពីទំព័រហ្វេសប៊ុក ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបុណ្យ វិសាខបូជា ជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ និងថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជ្យទ្រព្យ(ឧដុង្គ)។ ដោយឡែកនៅតាមបណ្ដាវត្តអារាមទូទាំងប្រទេស ក៏នឹងរៀបចំពិធីបុណ្យនេះ ព្រមៗគ្នាដែរ។


ដើម្បីឱ្យពិធីបុណ្យ វិសាខបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនាទាំងអស់ ត្រូវសហការជាមួយសាលាគណ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយពីខ្លឹមសារ ស្ដីពីបុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋាន ឱ្យបានជ្រួតជ្រាបអំពីអត្ថន័យនៃពិធីបុណ្យវិសាខបូជា។
 
មន្ទីរធម្មការ ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ នៅតាមបណ្ដារាជធានី-ខេត្ត នី មួយៗ ត្រូវជ្រើសរើសវត្តណាមួយ ដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ វិសាខបូជា ជាផ្លូវការ។
 
មន្ទីរធម្មការ ក៏ត្រូវសហការជាមួយព្រះ​មេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនា បោស សម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាព ព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន។ ជាពិសេសចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗជាដើម ព្រមទាំងរៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទ សូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋាន។ 
 
គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃ​រាជនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធពិធីបង្សុកូល ឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព។
 
«ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងបំផុសសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឱ្យអញ្ជើញចូលរួមបំពេញកុសល តាមសទ្ធាជ្រះថ្លា រក្សាឱ្យបាននូវប្រពៃណីដ៏ល្អផូរផង់ របស់ព្រះពុទ្ធសាសនា និងអនុមោទនាយកអានិសង្សរៀងៗខ្លួន»។ នេះបើតាមក្រសួងធម្មការ និងសាសនា។
 
សូមបញ្ជាក់ថា បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេស​អ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់អភិលក្ខិត សម័យទាំង៣ គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា។ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើ នៅការិយាល័យអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ៕
 

Tag:
 សាសនា
  ព្រះពុទ្ធ
  វិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com