ជាតិ
សមត្ថកិច្ច​​​​​​​​​​​​​​ អះអាងថា មិនបានឃាត់រថយន្តអ្នកស្រី ទ្រី ដាណា ពិនិត្យជាតិស្រវឹង រាល់ថ្ងៃឡើយ
28, Apr 2024 , 4:39 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ថា ជាអ្នកជំនួញអនឡាញ បានត្អូញត្អែរ រឿងសមត្ថកិច្ចឃាត់ឡាន ដើម្បីពិនិត្យជាតិអាល់កុលស្ទើររាល់ថ្ងៃ។ ប៉ុន្តែសមត្ថកិច្ចបដិសេធករណីនេះ។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយលើទំព័រហ្វេសប៊ុកថា កម្លាំងសមត្ថកិច្ច បានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សា​ភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២៧មេសានេះ ហើយបានហៅរថយន្តពណ៌សមួយគ្រឿង ឱ្យចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង។ ប៉ុន្តែបែរជារថយន្តនោះ មិនបានសហការចូលមកកន្លែងត្រួតពិនិត្យឡើយ។ ហេតុនេះ សមត្ថកិច្ចសង្ស័យថា រថយន្តនោះមានបំណងបើកគេចវេះ ក៏បានដេញតាម ហើយកាក់រថយន្តនោះ​ឱ្យ​ឈប់​។

ក្រោយ​សមត្ថកិច្ចឃាត់រថយន្តនោះឱ្យឈប់រួច ក៏ឱ្យអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការ និងចូលមកកន្លែងត្រួតពិនិត្យ។ យ៉ាងណាក៏​ដោយ សមត្ថកិច្ចបញ្ជាក់ថា ពេលនោះអ្នកបើករថយន្តដែលជាស្វាមីរបស់លោកស្រី ទ្រី ដាណា ក៏ព្រមសហការជាមួយសមត្ថកិច្ច ដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។
 
បើតាមស្នងការរាជធានីភ្នំពេញ ការចុះត្រួតពិនិត្យគ្រឿងស្រវឹង ក្នុងខណ្ឌសែនសុខ ក្នុង១សប្តាហ៍អនុវត្ត៤ដង ចាប់ពីម៉ោង១១យប់នាទី រហូតដល់ម៉ោង២រំលងអធ្រាត្រ ហើយការចុះអនុវត្តន៍ គឺចល័តគោលដៅ។ ស្នងការរាជធានីភ្នំពេញបានអះអាងយ៉ាងដូច្នេះ៖ «គោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ២ដងប៉ុណ្ណោះ។ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។ ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹង រហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណានោះទេ ទើបតែហៅ១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ»។ 
 
​អនុវត្តតាមបទបញ្ជា កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹង ក្នុងគោលបំណងឱ្យ​ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ​ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់​ពលរដ្ឋ៕ 
 

Tag:
 សង្គម
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com