អន្តរជាតិ
លោក សេដ្ឋា បោះបង់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុ ដែលជំនួសដោយអតីតអ្នកជំនួញថាមពល
28, Apr 2024 , 5:19 pm        
រូបភាព
អ្នកជំនួញថៃ Pichai Chunhavajira ត្រូវបានមហាក្សត្រថៃ តែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលនឹងកាន់តំណែងនាយករដ្ឋមន្រ្តីតែមួយវិញក្នុងការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូងក្រោយឡើងដឹកនាំប្រទេស។ លោក Pichai មានការងារច្រើននៅរង់ចាំ។
ក្នុងព្រះរាជក្រឹត្យចុះក្នុងរាជកិច្ចនៅថ្ងៃទី២៨ ខែមេសា លោក Pichai Chunhavajira ក៏ទទួលតំណែងជាឧបនាយករដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីថ្មីដែរ។ ជាអ្នកជំនួញ និងធ្លាប់ដឹកនាំផ្សារហ៊ុនថៃផង លោក Pichai ជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដែរ។
 
លោក Pichai នឹងប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងការស្តារសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ ដែលមានល្បឿនយឺតយ៉ាវ ជាមួយបញ្ហាប្រឈមនឹងបំណុលគ្រួសារ និងថ្លៃដើមកម្ចីខ្ពស់ ក៏ដូចជាឥទ្ធិពលសេដ្ឋកិច្ចចិនផងដែរ។
 
លើសពីនោះ រដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មីរូបនេះ ក៏ត្រូវដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល ពិសេសគោលនយោបាយរបស់បក្សភឿថៃលើការផ្ដល់ប្រាក់១ម៉ឺនបាតសម្រាប់ប្រជាជនថែមទៀត។ កម្មវិធីនយោបាយនេះ មិនទាន់អាចអនុវត្តបាននៅឡើយ។
 
មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Indiana នៃរដ្ឋ Pennsylvania លោក Pichai បានបម្រើការជានាយកប្រតិបត្តិនៅក្រុមហ៊ុនប្រេង PTT Exploration and Production ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ដែរ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com