ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន២ទៀត គ្រោងបោះទុនជាង១០០០លានដុល្លារ ផលិតកង់ឡាននៅកម្ពុជា
29, Apr 2024 , 11:59 am        
រូបភាព
រូបតំណាង៖ ទិដ្ឋភាពរោងចក្រផលិតកង់រថយន្តមួយកន្លែងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង។ CDC
រូបតំណាង៖ ទិដ្ឋភាពរោងចក្រផលិតកង់រថយន្តមួយកន្លែងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង។ CDC
ក្រុមហ៊ុនថ្មីចំនួន២ទៀតគ្រោងបោះទុនវិនិយោគជាង ១ ០០០លានដុល្លារនៅកម្ពុជា​ លើការផលិតសំបកកង់ឡានដើម្បីនាំទៅរបរទេស ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយ ចំនួន ហើយកំពុងផលិតសំបកកង់ឡាន​នាំទៅលក់នៅទីផ្សារអឺរ៉ុប។
 
« ថ្មីៗនេះកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន២ទៀតដែលគ្រោងចង់បោះទុនវិនិយោគលើ ការផលិតសំបកកង់ឡាននៅកម្ពុជាសម្រាប់នាំយកទៅលក់នៅទីផ្សារអន្តរជាតិដែរ»។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។ 
 
សម្តេច​​ បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះគឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន ៥០០លានដុល្លារសិន។  ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។ 
 
នាយករដ្ឋមន្ត្រី សម្តេច​ ហ៊ុន ម៉ាណែត

ការលើកឡើងពីគម្រោងវិនិយោគខាងលើបែបនេះ ក៏ព្រោះលោក ហ៊ុន ម៉ាណែត ចង់ បង្ហាញអំពីស្នាដៃរបស់រដ្ឋាភិបាលថ្មី ដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ សម្តេចបន្ត និយាយដោយបានអះអាងថា៖ «ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់តែមុត ស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះជូនប្រជាជនរបស់យើង»។ របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ ២ ២០០ លាន ដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។ CDC បានបញ្ជាក់ថា គម្រោងទាំង ១០៦នេះអាចបង្កើតការងារឱ្យពលរដ្ឋបានជាង ១០៧ពាន់ កន្លែង៕

Tag:
 កង់ឡាន
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com