ជាតិ
ព្រះមហាក្សត្រព្រុយណេ និងរាជបុត្រ សោយក្រយា ជាមួយសម្ដេច ហ៊ុន សែន និងកូនប្រុសទាំង៣
30, Apr 2024 , 11:39 am        
រូបភាព
ដូចការគ្រោងទុក ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ  និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន បានយាងសោយក្រយា ជាមួយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងកូនប្រុសទាំង៣ រួមមានសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត , លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ ពិធីទទួលអាហារពេលព្រឹកនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ នាថ្ងៃទី៣០ មេសា។


ក្រោយចប់ពិធីសោយក្រយានេះ ព្រះចៅស៊ុលតង់ និងរាជបុត្រ នឹងយាងទៅកាន់មាតុភូមិនិវត្ត ប្រទេសព្រុយណេវិញ។ ចំពោះការស្រស់ស្រូបអាហារពេលព្រឹកនេះ មិនមែនជាជំនួបផ្លូវការអ្វីនោះទេ។ ប៉ុន្តែជាការនឹករលឹកគ្នាទៅវិញទៅមក រវាងព្រះចៅស៊ុលតង់ព្រុយណេ និងសម្ដេច ហ៊ុន សែន ប្រមុខបក្សកាន់អំណាចកម្ពុជា ដែលបានរាប់គ្នាជាបងប្អូនប៉ុណ្ណោះ។
 
ព្រះចៅស៊ុលតង់ព្រុយណេ គឺបងប្រុសទី១ , លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបងប្រុសទី២ ហើយសម្ដេច ហ៊ុន សែន ជាប្អូនប្រុសពៅ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានរម្លឹកពីចំណងមិត្តភាពនៃការរាប់អានគ្នានេះ៕







Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com