ជាតិ
អត្ថបទពាណិជ្ជកម្ម
«បរិច្ចាគឈាម សង្គ្រោះជីវិត» បុគ្គលិក អេ អឹម ខេ និងដាយ អុីឈិ ឡាយហ្វ៍ ស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម
30, Apr 2024 , 6:45 pm        
រូបភាព
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បុគ្គលិក អេ អឹម ខេ និង ដាយ អុីឈិ ឡាយហ្វ៍ បានចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្រោមប្រធានបទ «បរិច្ចាគឈាម សង្គ្រោះជីវិត»។ ការបរិច្ចាគនេះធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេ ដែលមានបុគ្គលិកស្ម័គ្រចិត្តប្រមាណជា ៨០នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរួមតែមួយគឺ បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត នេះជាចំណែកមួយក្នុងការចូលរួមជួយដល់សង្គមជាតិ និងជាការផ្តល់ក្ដីស្រលាញ់ចំពោះសហគមន៍របស់យើងផងដែរ។





 
តើអ្នកដឹងទេថាការបរិច្ចាគឈាមមានសារៈសំខាន់យ៉ាងណាចំពោះសង្គមជាតិ? ជាការពិតណាស់ ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិរបស់យើង តែវាមិនត្រឹមតែជួយដល់សង្គមជាតិទេ ការបរិច្ចាគឈាមក៏អាចជួយដល់ខ្លួនអ្នកបានផងដែរ។ ឈាមរបស់អ្នកអាចជួយដល់ជីវិតមនុស្សជាច្រើន ដែលពួកគាត់ត្រូវការខ្លាំងបំផុតដូចជា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដាយសម្រាលកូនមិនធម្មតា ជំងឺមហារីក ការវះកាត់ធ្ងន់ធ្ងរ និងជំងឺផ្សេងៗទៀត។ ម៉្យាងវិញទៀតការបរិច្ចាគឈាម គឺមានសុវត្ថិភាព និងអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដូចជា កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយកូលេស្តេរ៉ុល ភាពតានតឹង កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ជួយដល់សុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងអត្ថប្រយោជន៍ជាច្រើនទៀត។ 
 


 
យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សពេញវ័យមានចំណុះឈាមពី ៤លីត្រ ទៅ ៧លីត្រ អាស្រ័យទៅតាមទម្ងន់របស់ខ្លួនមនុស្សយើង។ ក្នុងការបរិច្ចាគឈាមម្ដង មានកម្រិតត្រឹម ៣៥០មីលីលីត្រប៉ុណ្ណោះ ហើយការផ្ដល់ឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយយើងអាចផ្ដល់ឈាមរៀងរាល់ ៣ខែម្ដងចំពោះបុរស និង ៤ខែម្ដង ចំពោះស្រ្តី។ ការបរិច្ចាគឈាម គឺមានភាពងាយស្រួល យើងអាចធ្វើបានទាំងអស់គ្នា។ ដូច្នេះ យើងទាំងអស់គ្នាចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតក្មេងៗ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
 
ស្របគ្នានេះដែរ អេ អឹម ខេ នឹងរៀបចំយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៤ ដោយ អេ អឹម ខេ នឹងធ្វើការបន្ថែមទ្វេដងនូវចំនួនដែលលោកអ្នកបរិច្ចាគ។ ដើម្បីចូលរួមយុទ្ធនាការនេះ លោកអ្នកអាចធ្វើការស្កេន KHQR ពីគ្រប់ធនាគារ ឬតាម AMK Mobile។ ថវិកាទាំងអស់ អេ អឹម ខេ នឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទិវាកុមារអន្តរជាតិ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕ 
 





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com