RFI
អន្តរជាតិ
អាមេរិកកំពុងចង់ខ្ចីដៃអារ៉ាប៊ីសាអូឌីតដើម្បីដាក់សម្ពាធ​​លើអុីស្រាអែល​ឲ្យទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន?
02, May 2024 , 7:59 am        
រូបភាព
ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី​ ប្លីងកិន​បានពន្លយប្រាប់សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត​ថា អាមេរិក​ត្រៀមខ្លួន​ដើម្បី​ចុះកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខ​ជាមួយ ​អារ៉ាប៊ី សាអូឌីត បើសិន​អារ៉ាប៊ី សាអូឌីត​យល់ព្រម​ចងស្ពានមេត្រីជាមួយ​អ៊ីស្រាអែល។ REUTERS - Evelyn Hockstein
ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី​ ប្លីងកិន​បានពន្លយប្រាប់សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត​ថា អាមេរិក​ត្រៀមខ្លួន​ដើម្បី​ចុះកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខ​ជាមួយ ​អារ៉ាប៊ី សាអូឌីត បើសិន​អារ៉ាប៊ី សាអូឌីត​យល់ព្រម​ចងស្ពានមេត្រីជាមួយ​អ៊ីស្រាអែល។ REUTERS - Evelyn Hockstein
ដោយ៖ឈាង បុប្ផា /RFI ខេមរភាសា
 
សង្រ្គាមនៅ​ហ្កាហ្សា​អូសបន្លាយជាង​៧ខែ ដោយ​សហគមន៍អន្តរជាតិ នៅក្នុង​​អាមេរិក​ នៅតែ​មិនអាច​ជួយអន្តរាគម បញ្ចុះបញ្ចូល​​អ៊ីស្រាអែលឲ្យឈប់​ធ្វើសង្រ្គាមមនុស្សនៅហ្កាហ្សា។ នៅចំពោះមុខ​ភាពទាល់ច្រក ដោយសារ​ភាគីជម្លោះ អ៊ីស្រាអែល​និងក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅតែចរចាមិនត្រូវគ្នារឿង​ដោះលែង​ចំណាប់ខ្មាំង អាមេរិក​ តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោក​អង់តូនី ប្លីងកិនចាប់ផ្តើម​ងាក​ទៅអន្ទងចិត្ត​សម្ព័ន្ធអារ៉ាប់​វិញ ដែលនៅក្នុងនោះមាន អារ៉ាប៊ី សាអូឌីត​ជាប្រទេសមានទម្ងន់នយោបាយ​ខ្លាំងជាងគេ នៅក្នុង​តំបន់។ អាមេរិកចង់ខ្ចីដៃ​អារ៉ាប៊ី សាអូឌីត​ដើម្បីដាក់សម្ពាធដោយប្រយោល​ទៅ​លើរដ្ឋាភិបាល​​អ៊ីស្រាអែលរបស់លោក​​នាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ឲ្យ​​យល់ព្រម​ទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។​ តើប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ី សាអូឌីត​មានអ្វីនៅក្នុងដៃ ដើម្បីទាក់ចិត្ត​អ៊ីស្រាអែល​ឲ្យស្តាប់ ធ្វើតាម​ខ្លួ​ន?  ​
 
គិត​ចាប់តាំង​ពី​ផ្ទុះសង្រ្គាមហ្កាហ្សា​ជាង ៧ខែមកនេះ ប្រមុខការបរទេស​អាមេរិក​ធ្វើដំណើរ​ទៅតំបន់​ដើមបូព៌ា​ដល់ទៅ៧ដង ដើម្បី​ស្វែងរកដំណោះស្រាយ​បិទបញ្ចប់​សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែ មិនបានសម្រេច​ជោគជ័យ។ អ៊ីស្រាអែលនៅតែ​ប្តេជ្ញាចិត្តគាស់រំលើង​ចលនា​ហាម៉ាស​នៅហ្កាហ្សា ដោយ​មិន​ខ្វល់​ពីការបាត់បង់ ស្លាប់ជីវិតប្រជាជនប៉ាឡេស្ទីន ឬ​ការថ្កោលទោស​របស់​សហគមន៍អន្តរជាតិ។ ដើម្បីអាច​ឈានទៅ​បិទបញ្ចប់សង្រ្គាមហ្កាហ្សា អាមេរិក​ទំនងរិះរកមធ្យោបាយ វិធីសាស្រ្ត​ការទូតថ្មី។
 
ធ្វើដំណើរទៅទីក្រុង​រីយ៉ាដ​លើកនេះ ដើម្បីទៅចូលរួម​នៅក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក រដ្ឋមន្រ្តីការបរទេស​ឆ្លៀត​ជួប​ប្រជុំជាមួយអ្នកតំណាង​របស់​បណ្តាប្រទេស​អារ៉ាប់ មុននឹង​ចូលជួប​​រាជបុត្រស្នងរាជ្យរបស់​អារ៉ាប៊ី សាអូឌីត មូហាម៉េដ បិន​សាល់ម៉ាន។ នៅទីក្រុង​រីយ៉ាដ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី​ ប្លីងកិន​បានពន្លយប្រាប់សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត​ថា អាមេរិក​ត្រៀមខ្លួន​ដើម្បី​ចុះកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខ​ជាមួយ ​អារ៉ាប៊ី សាអូឌីត បើសិន​អារ៉ាប៊ី សាអូឌីត​យល់ព្រម​ចងស្ពានមេត្រីជាមួយ​អ៊ីស្រាអែល។
 
តាំងពី​ឆ្នាំ ២០២០ នៅក្រោមគំនិតផ្តួចផ្តើម​របស់​អាមេរិក មានប្រទេស​អារ៉ាប់ចំនួន៤ដូចជា អេមីរ៉ាតអារ៉ាប់រួម​ស៊ូដង់ បារ៉ែន និងអូម៉ង់ កិច្ចព្រមព្រៀងឈ្មោះ អាប្រាហាម ដើម្បី​ភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយ​រដ្ឋជ្វីហ្វ អ៊ីស្រាអែល។អាមេរិក​អះអាងថា ការប្រមូលផ្តុំ​ប្រទេស​អារ៉ាប់នៅឈូងសមុទ្រពែរ្ស​ឲ្យចងមេត្រីភាពជាមួយអ៊ីស្រាអែល​នឹង​នាំមកនូវ​ស្ថិរភាព សន្តិភាពក្នុងតំបន់។
 
 ប៉ុន្តែ ហេតុផលមួយដែលគេដឹងច្បាស់ គឺ​អាមេរិក​ចង់​អូសទាញប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ី សាអូឌីតឲ្យឃ្លាតចេញឆ្ងាយពី​អ៊ីរ៉ង់​ និង​ពីក្រោមឥទ្ធិពល​របស់​ចិន ព្រោះ អ៊ីរ៉ង់​ទើប​ធ្វើឲ្យគេភ្ញាក់ផ្អើល​ នៅឆ្នាំមុន នៅពេល​អ៊ីរ៉ង់​យល់ព្រម​ស្តារទំនាក់ទំនងការទូតជាមួយអារ៉ាប៊ី សាអូឌីតឡើងវិញ ក្រោយពីអាក់ខាន​អស់​៧ឆ្នាំ ដោយសារ​បាតុកម្ម​ប្រឆាំងស្ថានទូតអារ៉ាប៊ី សាអូឌីតនៅតេហេរ៉ង់។ ចំណែក​ចិនវិញ​កំពុង​បង្កើនវត្តមានខ្លួននៅអារ៉ាប៊ី សាអូឌីតដែលជា​ប្រទេស​ផលិតប្រេងច្រើនជាងគេ ហើយដែលអាច​ចាប់អារម្មណ៍ទិញសព្វាវុធពីចិន ដើម្បីជំនួសសព្វាវុធអាមេរិក។
 
ហេតុផលមួយទៀតដែលធ្វើឲ្យរដ្ឋមន្រ្តីការបរទេស​និយាយ​ពីការផ្តល់សម្បទានយោធា​ដល់​អារ៉ាប៊ីសាអូឌីត ជាថ្នូរនឹងការ​ផ្សាភ្ជាប់ទំនាក់ទំនងប្រក្រតីអ៊ីស្រាអែល នៅពេលនេះ គឺមានជាប់ទាក់ទង​នឹង​សង្រ្គាមហ្កាហ្សា។ ​ អាមេរិក​ធ្លាប់​បាន​ជំរុញ​ឲ្យអ៊ីស្រាអែល​ និង​​អារ៉ាប៊ី សាអូឌីតចងមេត្រីភាពនឹងគ្នា ប៉ុន្តែ មិនសូវ​ផ្តល់លទ្ធផល​អ្វីធំដុំ ដោយសារ អាមេរិករារែក​ មិនឆ្លើយតបទៅនឹងការទាមទារ​ចង់បាន​របស់​អារ៉ាប៊ី សាអូឌីត ហើយម្យ៉ាងទៀត ការភ្ជាប់ទំនាក់ទំនងប្រក្រតី​ជាមួយ​អ៊ីស្រាអែល ដែលជា​សត្រូវ​របស់​ប្រជាជនអ៊ីស្លាម ប្រជាជនប៉ាឡេស្ទីន មិនស្ថិតក្នុងក្រសែភ្នែកគាំទ្រ​របស់​ប្រជាជនក្នុងស្រុកអារ៉ាប៊ី សាអូឌីតនោះទេ។
 
នៅថ្ងៃ​ចន្ទ នៅ​ក្នុងជំនួប​ជាមួយសមភាគីអារ៉ាប៊ី សាអូឌីត​នៅទីក្រុង​រីយ៉ាដ រដ្ឋមន្រ្តីការបរទេសអាមេរិក ​មិនបានលម្អិត​ថាតើ ការធ្វើសម្បទានយោធា ឬ​​កិច្ចព្រមព្រៀងសន្តិសុខ​ដែលអាមេរិក​ស្នើទៅអារ៉ាប៊ីសាអូឌីត មាននិយាយពីអ្វីខ្លះនោះទេ។ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា អារ៉ាប៊ី សាអូឌីតអាចដាក់លក្ខខណ្ឌទាមទារ​មួយចំនួនដូចជា ការចាត់ទុកសន្តិសុខ​ប្រទេស​អារ៉ាប់នៅឈូងសមុទ្រ​ជា​ផ្នែកមួយនៃ​ផលប្រយោជន៍អាមេរិក ​ការចាត់ទុកអារ៉ាប៊ី សាអូឌីត​និងប្រទេស​អារ៉ាប់ផ្សេងទៀត​ជា​សម្ព័ន្ធមិត្ត​ធំរបស់​អូតង់។ អារ៉ាប៊ី សាអូឌីត​ទំនង​ចង់ឲ្យអាមេរិក​ចុះសន្ធិសញ្ញាយោគយល់​ ស្រដៀងគ្នា​នឹង​សន្ធិសញ្ញាដែលអាមេរិក​ធ្វើជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលនៅក្នុងនោះ អាមេរិក​សន្យា​ការពារ​ប្រទេស​ទាំង២ពីការវាយប្រហារ​ពីខាងក្រៅ។

ក្រៅពីនោះ អារ៉ាប៊ី សាអូឌីតអាច​ទាមទារ​​ឲ្យលោកចូ បៃដិនលុបចោល​បម្រាមលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត​ ដែលរដ្ឋបាលរបស់​លោក​ប្រកាស​កាលពី​ប៉ុន្មានឆ្នាំមុន​ ដោយសារ​បញ្ហាឃាតកម្មសម្លាប់អ្នកកាសែត​អាមេរិកដើមកំណើត​អារ៉ាប៊ី សាអូឌីត។ ​គេជឿដែរថា អារ៉ាប៊ី សាអូឌីតអាច​ទាមទារ​ពីអាមេរិក គឺ​សិទ្ធិទទួលបាន​ការអភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល។ អារ៉ាប៊ី សាអូឌីត​ទាមទារ​ច្រើន ប៉ុន្តែ មិនប្រាកដថា អាមេរិកសម្រេច​តាមបំណង​របស់​​អារ៉ាប៊ី សាអូឌីតនោះទេ ជាពិសេស​កម្មវិធីផលិតនុយក្លេអ៊ែរ​ស៊ីវិល​ដែល​អារ៉ាប៊ី សាអូឌីតចង់បាន ក្នុងហេតុផលថា វា​អាច​ជំរុញ​ឲ្យមានមហិច្ឆតា​ផលិតនុយក្លេអ៊ែរ​យោធា រហូតឈានទៅមានការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរនៅក្នុងតំបន់។
 
នៅក្រោយជំនួបជាមួយសមភាគីអាមេរិក រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ី សាអូឌីត​​បញ្ជាក់ដែរថា ប្រទេស​ទាំងពីរ​ចរចា​ជិតបានសម្រេច ប៉ុន្តែ យ៉ាងណាក៏ដោយ​ អារ៉ាប៊ី សាអូឌីត​នៅតែបញ្ជាក់ជំហរដដែលថា បុព្វហេតុ​ប៉ាឡេស្ទីន ពោលគឺការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន នៅក្បែរអ៊ីស្រាអែល នៅតែ​ជាលក្ខខណ្ឌចំបងតែមួយគត់​​​ ដើម្បីអាចភ្ជាប់ទំនាក់ទំនងផ្លូវទូតជាមួយ​អ៊ីស្រាអែល។
 
ប្រមុខការបរទេស​អាមេរិក លោកអង់តូនី ប្លីងកិន​យល់ស្របដែលថា មុននឹង​ឈានទៅមានទំនាក់ទំនងធម្មតា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត មានចំណុចពីរដែលត្រូវមានចាំបាច់ នោះគឺ ភាពស្ងប់ស្ងាត់នៅហ្កាហ្សា ហើយនិងឆន្ទៈ​ក្នុងការជំរុញ​ឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន។ ចង់ ឬមិនចង់ អាមេរិកលើកនេះ​កំពុង​ចង់ខ្ចីដៃរបស់អារ៉ាប៊ី សាអូឌីត​ដើម្បីដាក់សម្ពាធ​លើអ៊ីស្រាអែល ព្រោះអាមេរិកដឹងថា អ៊ីស្រាអែលក៏ចង់ចូលស្និទ្ធស្នាលជាមួយ​អារ៉ាប៊ី សាអូឌីត​ ដែលជាមហាសេដ្ឋីប្រេងដ៏ធំ និងមានទម្ងន់នយោបាយនៅក្នុងតំបន់។ ដើម្បី​ផ្សាភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយ អារ៉ាប៊ី សាអូឌីត អ៊ីស្រាអែលគ្មានជម្រើសអ្វី ក្រៅតែពីត្រូវ​ទទួលស្គាល់​ការបង្កើតរដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ គេជឿថា នៅក្នុង​កាលៈទេសៈ ដែល​អ៊ីស្រាអែលនៅតែដឹកនាំដោយ​លោកនាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ នោះទំនងជាគ្មានទេ ការភ្ជាប់ទំនាក់ទំនងអ៊ីស្រាអែល អារ៉ាប៊ី សាអូឌីត ព្រោះថា លោកនេតាន់យ៉ាហ៊ូប្រឆាំង​ខ្លាំងនឹង​ការបង្កើតរដ្ឋប៉ាឡេស្ទីន​ នៅក្រោយ​ភេរវកម្ម ៧តុលា។

© រក្សាសិទ្ធិដោយ thmeythmey.com