កីឡាជាតិ
ជាតិ
កីឡាករប្រដាល់គុនខ្មែរ អាចមានបញ្ហាសុខភាព បើបន្ដរត់ក្រោមកម្ដៅថ្ងៃ ៤០អង្សា
02, May 2024 , 10:59 am        
រូបភាព
លោក រីក គី ពាក់អាវខ្មៅរត់មុខគេ ដឹកនាំសិស្សប្រដាល់ រូបពីហ្វេសប៊ុក Ricky Sun
លោក រីក គី ពាក់អាវខ្មៅរត់មុខគេ ដឹកនាំសិស្សប្រដាល់ រូបពីហ្វេសប៊ុក Ricky Sun
ក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ បានផ្លាស់ប្ដូរម៉ោងហ្វឹកហាត់ ពីម៉ោង៣រសៀល ទៅចាប់ផ្តើមពីម៉ោង ៤ រសៀលវិញ ដោយសារកម្តៅឡើងខ្ពស់។ លោក រីក គី ប្រធានក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ បានបញ្ជាក់ពីមូលហេតុថា ធាតុអាកាសក្ដៅខ្លាំង បណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពកីឡាករ-កីឡាការិនី នៅពេលហ្វឹកហាត់រត់។


ក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ ដែលមានទីតាំងនៅខ័ណ្ឌឬស្សីកែវ មានសិស្សចំនួន៣០នាក់។ សិស្សប្រុសទាំងអស់នោះ តែងចេញហាត់រត់នៅតាមផ្លូវ ចាប់ពីម៉ោង៣ រសៀល។

ដោយឡែក ១ខែមុនពេលចូលឆ្នាំខ្មែរ លោក រីក គី ប្រធានក្លិប និងជាគ្រូបង្វឹក ក៏បានផ្លាស់ប្ដូរម៉ោងហ្វឹកហាត់ ដោយសារសីតុណ្ហភាពឡើងក្ដៅរហូតដល់ ៤០អង្សា។ 

សិស្សប្រដាល់ខ្លារខិនមានឬទ្ធិ ហូបអាហារថ្ងៃត្រង់ រូបពីហ្វេសប៊ុក លោក រីក គី
 
គ្រូបង្វឹករូបនេះ បញ្ជាក់ថា កីឡាករ នឹងមានបញ្ហាសុខភាព ដោយសាររត់ក្រោមកម្ដៅក្ដៅពេក។ កន្លងមក កីឡាករខ្លះ បានឈឺដោយសារបញ្ហានេះ។ «ពេលយើងហាត់ក្រោមកម្ដៅថ្ងៃក្ដៅពេក ធ្វើឲ្យកីឡាកររបស់យើង ដង្ហក់។ យើង ដូរមកម៉ោង ៤-៦វិញ ធ្វើឲ្យកីឡាករយើង មិនដង្ហក់ ហើយក៏មិនប៉ះពាល់ដល់សុខាភាពកីឡាករដែរ។»។ លោក រីក គី បាននិយាយដូច្នេះ។
 
ការហ្វឹកហាត់ នឹងចាប់ផ្ដើមពីម៉ោង៤-៦ រសៀល មានដូចជារត់ ហ្វឹកហាត់ទាត់ ទាត់ខ្យល់ លោតលើសម្បកកង់ឡាន ជាដើម៕
 

Tag:
 រីកគី
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com