ជាតិ
សេដ្ឋកិច្ច
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត ​បើកដំណើរការនៅកម្ពុជា
02, May 2024 , 11:29 am        
រូបភាព
ក្រុមហ៊ុន តូយ៉ូតា បានបើក​សម្ពោធ​ជាផ្លូវការ រោងចក្រ​ដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភានេះ ។ បើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រោងចក្រនេះ មានទុនវិនិយោគជិត៣៧លាន ដុល្លារ និងមានសមត្ថភាព​ដំឡើង​រថយន្ត​​ចំនួន ១ ​៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ក្នុងឆ្នាំ២០២៤។
 
រោងចក្រនេះ មានទីតាំងក្នុងតំបន់​សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​ជាការ​វិនិយោគ​រួមគ្នា រវាងក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION ​ប្រទេសជប៉ុន ​និង​ក្រុមហ៊ុន គង់ នួនគ្រុបនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឱ្យដឹងដូច្នេះមុននឹងបន្តថា ក្រៅពីក្រុមហ៊ុន តូយូតា បច្ចុប្បន្ន កម្ពុជាក៏មានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលកំពុង ដំណើរការចំនួន៥ទៀតដែរ រួមមាន ​រោងចក្រផលិតរថយន្ត SAMYUNG របស់ក្រុមហ៊ុន DAEHAN AUTO នៅខេត្តស្វាយរៀង។ រោងចក្រផលិតរថយន្ត FORD របស់ក្រុមហ៊ុន RMA ​នៅខេត្តពោធិ៍សាត់​។ រោងចក្រផលិតរថយន្ត HYUNDAI របស់ក្រុមហ៊ុន CAMKO MOTOR ​នៅខេត្តកោះកុង។ រោងចក្រផលិតរថយន្ត KIA របស់ក្រុមហ៊ុន HGB MOTORS ​នៅខេត្តបន្ទាយមានជ័យ និងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GTV MOTOR​៕
 


Tag:
 រថយន្ត
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com