ជាតិ
តារាល្បីៗ
សិល្បះ
លោកស្រី ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បៈខ្មែរអណត្តិទី៦ 02, May 2024 , 12:14 pm
លោកស្រី ម៉ៅ ចំណាន ឡើងថ្លែងសុន្ទរកថា ក្នុងនាមជាប្រធានសមាគមសិល្បៈខ្មែរ។ រូបថត CNC Live
× អតីតតារាសម្តែង លោកស្រី ម៉ៅ ចំណាន ដែលគេស្គាល់ជាទូទៅថា ស្រីតូច ចំណាន បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បៈខ្មែរ អណត្តិទី៦ ដោយមានសំឡេងគាំទ្ររហូតដល់ទៅ៩៣ភាគរយ។
រៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា នេះ លោកស្រី ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រពីសិល្បករ-ការិនី ចំនួន៥២៧នាក់ ស្មើនឹង៩៣ភាគរយ ដោយឈ្នះដាច់ឆ្ងាយពីគូប្រជែងពីរនាក់ទៀត គឺលោក ផាត់ ដារ៉ារដ្ឋ និងលោក គួច ខេវិន ដែលមានអ្នកបោះគាំទ្រតែ២៩នាក់ (៥ភាគរយ) និង១១នាក់ (២ភាគរយ) ប៉ុណ្ណោះ។
លោកស្រី ម៉ៅ ចំណាន ក្លាយជាបុគ្គលទី៥ ដែលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ បើគិតចាប់តាំងពីឆ្នាំ២០០៦មក។ សមាគមនេះផ្តួចផ្តើមគំនិតបង្កើតដំបូងបំផុតដោយលោក សយ សុភាព អ្នកសារព័ត៌មានជើងចាស់ និងលោក ជុំ កុសល អតីតអ្នកសិល្បៈ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
លោក អៀង ស៊ីធុល បានកាន់តំណែងជាប្រធានសមាគមអណត្តិទី១ ហើយលោក ម៉ិញ សុធីវណ្ណ បន្តអណត្តិទី២។ លោក សុះ ម៉ាច គ្រប់គ្រងពីរអណត្តិជាប់គ្នា គឺទី៣ និងទី៤។ អណត្តិទី៥ ដែលដឹកនាំដោយលោកស្រី ចន ច័ន្ទលក្ខិណា មានរយៈពេលវែងជាងគេ ដោយសារតែឆ្លងកាត់ដំណាក់កាលវិបត្តិកូវីដ-១៩ ពោលគឺតាំងពីឆ្នាំ២០១៧ រហូតដល់ពេលលោកស្រីប្រកាសលាលែង កាលពីអំឡុងខែកុម្ភៈ កន្លងមក។
លោកស្រី ម៉ៅ ចំណាន ដែលមានគោរមងារជាអ្នកឧកញ្ញ៉ា និងជាភរិយារបស់លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវកាន់តំណែងជាប្រធានសមាគមសិល្បៈខ្មែរអណត្តិទី៦ រហូតដល់ឆ្នាំ២០២៩៕
© រក្សាសិទ្ធិដោយ thmeythmey.com