សង្គមអន្តរជាតិ​
អន្តរជាតិ
កាសែតអាម៉េរិកចំនួន៨ ប្តឹងក្រុមហ៊ុនOpenAI និងMicrosoft ពីបទរំលោភសិទ្ធិអ្នកនិពន្ធ
02, May 2024 , 3:05 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
កាសែតអាម៉េរិកចំនួន៨ ក្រុមហ៊ុន បានបញ្ជាក់ថា ពួកគេត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍ព័ត៌មាន ប៉ុន្តែត្រូវបានក្រុមហ៊ុន OpenAI និង Microsoft លួចយកទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត។
 
កាសែតអាម៉េរិកចំនួន៨ស្ថាប័ន នៅថ្ងៃទី៣០ ខែមេសា បានដាក់ពាក្យប្តឹងក្រុមហ៊ុន OpenAI  ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី ChatGPT និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ដោយចោទប្រកាន់ការរំលោភសិទ្ធិអ្នកនិពន្ធ។
 
កាសែតដែលចូលរួមក្នុងបណ្តឹងនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ករួមមាន New York Daily News, Chicago Tribune, Denver Post, MediaNews Group's Mercury News, Orange County Register, St. Paul Pioneer-Press, Orlando Sentinel របស់ Tribune Publishing និង South Florida Sun Sentinel ។ កាសែតទាំងអស់នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alden Global Capital Group ។
 
ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់ OpenAI និង Microsoft ពីការលួចយកព័ត៌មានរាប់លានដែលរក្សាសិទ្ធិ ឬមិនបង់ប្រាក់ ដើម្បីប្រើប្រាស់ព័ត៌មាននៅក្នុង chatbots AI របស់ក្រុមហ៊ុនទាំងនេះ។
 
កាសែតទាំងនោះ បាននិយាយថា ពួកគេបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើការប្រមូលព័ត៌មាន និងការរាយការណ៍ ហើយនឹងមិនអនុញ្ញាតឱ្យ OpenAI និង Microsoft បន្តលួចមាតិកាដើម្បីបម្រើសកម្មភាពរបស់ពួកគេដោយមិនបង់ប្រាក់នោះទេ។
 
ក្រុមហ៊ុន Microsoft បានបដិសេធមិនឆ្លើយតបលើព័ត៌មានខាងលើទេ ខណៈ OpenAI បាននិយាយថា ក្រុមហ៊ុនមិនបានដឹងពីកង្វល់របស់ Alden Global Capital ពីមុនទេ ហើយថា OpenAI បានទាក់ទងស្ថាប័នព័ត៌មានជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងរកឱកាសជួបពិភាក្សាអំពីកង្វល់ និងដំណោះស្រាយ។
 
បន្ថែមពីលើកាសែតខាងលើ OpenAI និង Microsoft ក៏កំពុងប្រឈមមុខ នឹងការប្តឹងទាមទារកម្មសិទ្ធិពីកាសែត New York Times និងអ្នកនិពន្ធល្បីៗមួយចំនួនដូចជា John Grisham, Jodi Picoult និង George RR Martin នៅញូវយ៉ក។
 
ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ ក៏កំពុងត្រូវបានប្តឹងនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង San Francisco ដែរ៕ 

Tag:
 អាម៉េរិក
  OpenAI
  Microsoft
© រក្សាសិទ្ធិដោយ thmeythmey.com