សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌូណេស៊ីអាចផ្តល់សញ្ជាតិ២ ដើម្បីទាក់ទាញកម្មករជំនាញពីខាងក្រៅ
02, May 2024 , 7:29 pm        
រូបភាព
នារីម្នាក់កាន់លិខិតឆ្លងដែនឥណ្តូណេស៊ី។ រូបភាព ៖ ANTARA
នារីម្នាក់កាន់លិខិតឆ្លងដែនឥណ្តូណេស៊ី។ រូបភាព ៖ ANTARA
រដ្ឋាភិបាលឥណ្ឌូណេស៊ីអាចផ្តល់សញ្ជាតិចំនួន២ ដល់ពលរដ្ឋដែលមានដើមកំណើតឥណ្ឌូណេស៊ី និងកំពុងរស់នៅក្រៅប្រទេស ដើម្បីទាក់ទាញកម្មករជំនាញកាន់តែច្រើនចូលមកក្នុងប្រទេសវិញ។
 
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងផ្តល់សញ្ជាតិ២ ដល់ប្រជាជនដើមកំណើតឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី លោក Luhut Pandjaitan ។
 
ថ្លែងនៅថ្ងៃទី៣០ ខែមេសា ចំពោះមុខនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគ ១,៧ពាន់លានដុល្លារនៅឥណ្ឌូណេស៊ី លោក Luhut បាននិយាយថា លោកនឹងអញ្ជើញសហគមន៍ឥណ្ឌូណេស៊ីនៅក្រៅប្រទេស និងផ្តល់ឱ្យពួកគេនូវសញ្ជាតិពីរ។ នេះនឹងជួយនាំពលរដ្ឋឥណ្ឌូណេស៊ីដែលមានទេពកោសល្យត្រឡប់មកប្រទេសវិញ។ 
 
តាមទិន្នន័យពីនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ីជិត ៤០០០នាក់បានក្លាយជាពលរដ្ឋសិង្ហបុរីនៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ ២០២២។
 
អាជ្ញាធរ​អន្តោប្រវេសន៍​ឥណ្ឌូណេស៊ី​មិន​ទាន់​ឆ្លើយតប​ជុំវិញ​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។
 
បញ្ហានៃសញ្ជាតិ២ របស់ឥណ្ឌូណេស៊ី បានបង្កឱ្យមានភាពចម្រូងចម្រាសខ្លះៗក្នុងឆ្នាំ ២០១៦ នៅពេលប្រធានាធិបតី ចូកូ វីដូដូ បានដកលោក Arcandra Tahar ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ដែលកាន់មិនទាន់បានមួយខែពេញលេញ។ ពេលនោះ មានព័ត៌មានថា លោក Arcandra Tahar មានសញ្ជាតិអាម៉េរិក និងឥណ្ឌូណេស៊ី។ 
 
នៅក្នុងច្បាប់ពេលបច្ចុប្បន្ន ឥណ្ឌូណេស៊ីមិនទទួលស្គាល់មនុស្សពេញវ័យដែលមានសញ្ជាតិពីរទេ ហើយកុមារដែលមានលិខិតឆ្លងដែនពីរត្រូវតែជ្រើសរើសលិខិតឆ្លងដែនមួយ ហើយបោះបង់ចោលលិខិតឆ្លងដែនមួយទៀតនៅពេលគ្រប់មានអាយុ ១៨ឆ្នាំ៕ 

Tag:
 ឥណ្ឌូណេស៊ី
  សញ្ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com