សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោកលី សៀនឡុង៖ សិង្ហបុរីមានការអភិវឌ្ឍលឿន ព្រោះប្រព័ន្ធសិង្ហបុរីខុសពីប្រទេសដទៃ
02, May 2024 , 5:19 pm        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងទិវាពលកម្ម នៅថ្ងៃទី១ ខែឧសភា និងទិដ្ឋភាពទីក្រុងសិង្ហបុរី។ រូបភាព X_Lee Hsien Loong និងXinhua
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងទិវាពលកម្ម នៅថ្ងៃទី១ ខែឧសភា និងទិដ្ឋភាពទីក្រុងសិង្ហបុរី។ រូបភាព X_Lee Hsien Loong និងXinhua
សិង្ហបុរី មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិសេស ដោយសារតែប្រព័ន្ធដឹកនាំរបស់សិង្ហបុរីខុសប្លែកពីគេ។ នាយករដ្ឋមន្រ្តីសិង្ហបុរីជិតចុះចេញពីតំណែង លោក លី សៀនឡុង បានបញ្ជាក់បែបនេះនៅថ្ងៃទី១ ខែឧសភា ដោយបន្តថា អតីតមេដឹកនាំសិង្ហបុរី បានរៀបចំប្រព័ន្ធមួយ ដែលអាចរស់បានលើសពីអាណត្តិរបស់ពួកគេ ហើយមេដឹកនាំជំនាន់ក្រោយត្រូវធ្វើបែបនេះដូចគ្នា។​


អត្ថបទទាក់ទង
 
សិង្ហបុរី ដែលទទួលបានឯករាជ្យពីម៉ាឡេស៊ី នៅក្នុងឆ្នាំ១៩៦៥ បានរស់យ៉ាងលំបាកទាំងផ្នែកសេដ្ឋកិច្ច សង្គម និងទឹកស្អាតជាដើម។ ក្រោមការដឹកនាំរបស់មេដឹកនាំ ៣ជំនាន់ ដែលមានដូចជា លោកលី ក្វានយូ, លោក  Goh Chok Tong និងលោក លី សៀនឡុង សេដ្ឋកិច្ច និងសង្គមរបស់បុរីរដ្ឋមួយនេះ មានការអភិវឌ្ឍយ៉ាងរហ័ស ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមានផែអន្តរជាតិដ៏សំខាន់ថែមទៀត។ 
 
ក្នុងទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា លោកនាយករដ្ឋមន្រ្តី លី សៀនឡុង បានលើកឡើងថា ភាពរីកចម្រើនរបស់សិង្ហបុរីដ៏ពិសេសបែបនេះ គឺដោយសារប្រព័ន្ធដឹកនាំរបស់ខ្លួន គឺខុសពីប្រទេសដទៃ។ 
 
«សូមយល់ថា យើងបានសម្រេចគោលដៅរបស់យើង ហើយសិង្ហបុរីបានសម្រេចការអភិវឌ្ឍដ៏ពិសេស​ ព្រោះប្រព័ន្ធសិង្ហបុរីមានភាពខុសប្លែក»។ មេដឹកនាំសិង្ហបុរីត្រៀមចុះចេញពីតំណែង បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាសំខាន់ចុងក្រោយ មុនពេលផ្ទេរតំណែងទៅមេដឹកនាំជំនាន់ក្រោយ។
 
បើតាមលោកលី ដែលជាមេដឹកនាំសិង្ហបុរីជំនាន់ទីបី អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី ក្វាន់យូ និងលោក Goh Chok Tong បានរៀបចំប្រព័ន្ធដឹកនាំសិង្ហបុរីដ៏ខ្លាំងមួយ ដែលអាចទ្រាំទ្របានពីអាណត្តិដឹកនាំរបស់ខ្លួន។ ត្រង់ចំណុចនេះ កូនប្រុសស្ថាបនិកបុរីរដ្ឋ បានទទូចឱ្យមេដឹកនាំសិង្ហបុរីបន្ទាប់មានសមត្ថភាពខ្លាំង និងអាចបន្តរៀបចំប្រព័ន្ធដឹកនាំដូចមេដឹកនាំមុនៗបាន។ 
 
មេដឹកនាំកាន់តំណែងបាន២ទសវត្សរ៍រូបនេះ បានចាត់ទុកភាពអសកម្មដែលបង្កដោយប្រជានិយម ការបែកបាក់ និងការទទួលបានប្រយោជន៍រយៈពេលខ្លី នឹងធ្វើឱ្យប្រព័ន្ធដឹកនាំសិង្ហបុរី ប្រឈមការលំបាក ហើយទុនបម្រុងរបស់សិង្ហបុរី មិនអាចទ្រាំទ្របានយូរឡើយ។ 
 
តាមទិន្នន័យរបស់ធនាគារពិភពលោក (WB) ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗរបស់សិង្ហបុរីមានចំនួនជាង ៨២០០០ដុល្លារ នៅក្នុងឆ្នាំ២០២២។ 
 
មិនតែប៉ុណ្ណោះ លោកលី បានជំរុញឱរក្សាស្ថិរភាពនយោបាយ និងទំនុកចិត្តនៅក្នុងរដ្ឋាភិបាល ដើម្បីឱ្យសិង្ហបុរីដំណើរការបានល្អសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ លោក លី បានប្រកាសចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែឧសភា ដោយផ្ទេរតំណែងឱ្យលោក ឡរ៉ែន វង់ មេដឹកនាំជំនាន់ទីបួនរបស់បក្សសកម្មភាពប្រជាជន (PAP) កាន់តំណែងជំនួសវិញ៕ 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com