ជាតិ
​ស្រ្តី២រូប ប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន រហូតក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័នព័ត៌មាន
03, May 2024 , 2:29 pm        
រូបភាព
កញ្ញា ពៅ រក្សា អនុប្រធានការិយាល័យទូរទស្សន៍BTV  (ខាងឆ្វេង )អ្នកស្រី ស្រីទៀង និពន្ធនាយិកានៅសារព័ត៌មានដំរី(ខាងស្ដាំ )។
កញ្ញា ពៅ រក្សា អនុប្រធានការិយាល័យទូរទស្សន៍BTV (ខាងឆ្វេង )អ្នកស្រី ស្រីទៀង និពន្ធនាយិកានៅសារព័ត៌មានដំរី(ខាងស្ដាំ )។
ភ្នំពេញ៖ វត្តមានស្រី្ត បានរួមចំណែកយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាន។ ប៉ុន្តែ​ចំនួនស្រ្តីក្នុងវិស័យនេះ នៅមានចំនួនតិច ជាពិសេស​ថ្នាក់ដឹកនាំជាស្រី្ត ក្នុងវិស័យ​សារព័ត៌​មា​ន បើធៀបទៅនឹងចំនួនបុរស។ ថ្នាក់ដឹកនាំស្រី្តក្នុងវិ​ស័យសារព័ត៌មានពីររូប មើលឃើញ​ថាការដឹកនាំ មិនអាស្រ័យលើភេទឡើយ ប៉ុន្តែសមត្ថភាពទៅវិញទេ​ដែលជាអត្ត​សញ្ញាណ​នៃអ្នកដឹកនាំ។ ដូច្នេះ​ស្រី្ត ​ ក៏មានសមត្ថភាពក្លាយជាថ្នាក់ដឹកនាំដ៏ឆ្នើ​ម ​ក្នុងវិស័យសារ​ព័ត៌​មាន​​បានដែរ។
 
នៅក្នុងជួរថ្នាក់ដឹកនាំស្ថាប័ន កញ្ញា ពៅ រក្សា មានតួនាទីជាអនុប្រធានការិយាល័យព័ត៌មាន នៅស្ថានីយ៍ទូរទស្សន៍​បាយ័ន(BTV)។ កញ្ញា រក្សា មានឱកាសចូលប្រឡូកក្នុងអាជីព​ជាអ្នក​សារព័ត៌មាន អំឡុងពេលសិក្សាឆ្នាំទី២ ​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​ក្នុងឆ្នាំ​២០០៩​។ មិនប្លែកទេ ដែលកូនអ្នកខេត្តបាត់ដំបងរូបនេះ ធ្វើការខុសជំនាញដែលរៀន ក៏​ព្រោះតែចិត្តស្រលាញ់ និងមានចំណង់ចំណូលចិត្តតាមដានព័ត៌មានជាប្រចាំ។ ថ្វីដ្បិត​ការ​ងារ និងជំនាញដែលរៀនខុសគ្នាក៏ដោយ តែអ្នកព័ត៌មានរូបនេះ បាន​សង្វាតហាត់រៀនជំ​នាញកាសែត តាមរយៈការងារប្រចាំថ្ងៃ និងរៀនពីរៀមច្បង។ 
 


ចាប់ផ្ដើមការងារដំបូងជាអ្នកបកប្រែព័ត៌មានអន្តរជាតិ កញ្ញា រក្សា បានដុសខាត់សមត្ថភាព​ខ្លួន រហូតអាចក្ដោបបានការងារជាច្រើនក្នុងអាជីព​ រាប់តាំងពីការអានព័ត៌មាន រាយការណ៍​ផ្ទាល់ និងសរសេរព័ត៌មានជាដើម។ ហេតុអ្វីចាំបាច់ចេះការងារច្រើន? ក្នុងវចនានុក្រម របស់កញ្ញា ពៅ រក្សា បានដាក់ពាក្យថា ធ្វើច្រើន ចេះច្រើន ដូចផ្ដល់តម្លៃការងារ និងខ្លួនឯង​។ ដូចនេះហើយ សំណាងមិនធ្លាក់ពីលើមេឃឡើយ ការប្រឹងប្រែងតស៊ូ និងការអភិវឌ្ឍខ្លួន​ឥតឈប់ឈរ បាននាំផ្លូវស្រី្តមកពីជនបទរូបនេះ ឆ្ពោះទៅរកភាពជោគជ័យ ដោយ​កញ្ញា​បានឡើងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាអនុប្រធានការិយាល័យព័ត៌មានទូរទស្សន៍ BTV ក្នុងឆ្នាំ២០២១។ 



ពីអ្នកសារព័ត៌មានធម្មតា  ក្លាយជាអនុប្រធានការិយាល័យព័ត៌មានទូរទស្សន៍ដ៏ធំមួយ នៅ​កម្ពុជា ស្រី្តវ័យ៣២ឆ្នាំរូបនេះ ទទួលស្គាល់ថាពិតជាលំបាក និងត្រូវមានទំនួលខុសគ្នា​ច្រើន​។

«ពីមុនយើងគ្រាន់តែជាក្មេងម្នាក់ ប៉ុន្តែឥលូវនេះអ្នកនៅក្រោម​ដែលយើងត្រូវមើល​ច្រើន អ្នកខ្លះគេចាស់ជាងយើង អ្នកខ្លះមានបទពិសោធច្រើន។ ដូច្នេះយើងធ្វើការទៅតាមតួនាទី​ឱ្យច្បាស់លាស់។ យើងជាអ្នកដឹកនាំបើគ្មានភាពច្បាស់លាស់  បុគ្គលិកគេអត់ស្ដាប់ទេ ហើយជាមួយសមត្ថភាពដូចគ្នា យើងត្រូវពង្រឹកបន្ថែមរហូត»។ នេះជាការអះអាងរបស់ កញ្ញា ពៅ រក្សា។



«ការដឹកនាំ ការសម្រេចចិត្តរបស់ស្រី្តមិនខុសពីបុរសឡើយ។ ស្រី្តអាចដើរស្មើនឹងបុរស»។​នេះជាការមើលឃើញរបស់អ្នកស្រី អេង ស្រីទៀង និពន្ធនាយិកាសារព័ត៌មានដំរី ដែលជា​ស្រ្តី​ម្នាក់ដឹកនាំក្នុងវិស័យសារព័ត៌មាន រយៈពេល ១០ឆ្នាំ។
  
អ្នកស្រី អេង ស្រីទៀង មិនដែលប៉ងចង់ធ្វើជាអ្នកសារព័ត៌មានឡើយ រីឯជាអ្នកដឹកនាំក្នុង វិស័យសារព័ត៌មានកាន់តែឆ្ងាយទៅទៀត។ តាមពិតទៅ អ្នកស្រី ស្រីទៀង មានក្ដីស្រមៃ ចង់ក្លាយជាពហុនិកាលើយន្តហោះ ដែលត្រូវនឹងជំនាញរៀនផ្នែកទេសចរណ៍ និងបដិ សណ្ឋារកិច្ច។ ក្រោយប្រឡងចូលធ្វើហុនិកាមិនជាប់ អ្នកស្រី ស្រីទៀង ក៏ចោលក្ដីស្រមៃមក ស្វែងរកការងារផ្សេងជំនួស។
   
ផ្ដើមការងារក្នុងអាជីពកាសែត ជាអ្នកសរសេរព័ត៌មានទស្សនាវដ្ដី ក្នុងអំឡុងឆ្នាំ២០០៨  អ្នក​ខេត្តកណ្ដាលរូបនេះ ក៏បន្តនិស្ស័យជាមួយអាជីពកាសែត ​រហូតមកដល់បច្ចុប្បន្ន។ ​រយៈ ពេល​១៦ឆ្នាំ ដើរលើវិថីសារព័ត៌មាន អ្នកស្រី ស្រីទៀង មានបទពិសោធក្រាស់ក្រែល និង​ឆ្លងកាត់ការងារច្រើនស្ថាប័ន។ អ្នកស្រី ស្រីទៀង ធ្លាប់ធ្វើការនៅទស្សនាវដ្ដីសុខភាពយើង  វិទ្យុ VOD  សារព័ត៌មានដើមអម្ពិល  ទូរទស្សន៍ CNC ជាអ្នកផលិតកម្មវិធីព័ត៌មានសារ​ព័ត៌មាន Swift News ក្នុងតំណែងជាចាងហ្វាងការផ្សាយ  និងបច្ចុប្បន្នធ្វើនិពន្ធនាយិកានៅ សារព័ត៌មានដំរី។
 


ជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មានរយៈពេលជិត១០ឆ្នាំ  និពន្ធនាយិការូបនេះ ថាការងារ​នេះមានភាពងាយស្រួល តិចជាងលំបាក ។ «បើស្ថាប័នរីកចម្រើន គេអាចសរសើរយើង បើ​ស្ថាប័នថយក្រោយ គេថាមកពីអ្នកដឹកនាំហ្នឹងហើយ»។ អ្នកស្រី ស្រីទៀង លើកឡើងដូច នេះ។ 

ដើម្បឱ្យស្ថាប័នសារព័ត៌មានដែលទើបបង្កើតថ្មីនេះ រីកចម្រើននិងមានការទទួលស្គាល់​ពីសាធារណជនលឿន អ្នកខេត្តកណ្ដាលរូបនេះ បានដឹកនាំផង និងចុះផលិតព័ត៌មានផ្ទាល់​ផង ​ដោយមិនប្រកាន់ខ្លួនឡើយ។  អ្នកស្រី ស្រីទៀង អះអាងដូចនេះ ៖« ខ្ញុំប្រកាន់គោល​ការណ៍មួយថា យើងធ្វើជាថ្នាក់ដឹកនាំគេ យើងត្រូវតែធ្វើច្រើនជាងគេ។ មួយវិញទៀត យើង​ដឹងការងារច្រើន។ រឿងខ្លះបើយើងចាំតែបញ្ជា យើងមានព័ត៌មានណាផ្សាយ»។ 
 
ទោះបីជារបៀបនៃការដឹកនាំរបស់ស្រ្តី ពូកែមិនចាញ់បុរស តែកញ្ញា រក្សា និង អ្នកស្រី ស្រី​ទៀង មើលឃើញថា ចំនួនស្រ្តីដើរតួនាទីជាថ្នាក់ដឹកនាំ​ក្នុងវិស័យសារព័ត៌មាន​នៅ​មានចំនួន​តិចនៅឡើយ បើធៀបនឹងចំនួនបុរស។ អ្នកដឹកនាំទាំងពីររូបនេះ ចង់ឃើញស្រ្តី​កាន់តែច្រើន​ចូលរួមក្នុងវិស័យសារព័ត៌មាន បង្កើនថាមពលនិងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាថ្នាក់​ដឹកនាំ និងសសរទ្រូង​ដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ វិស័យសារព័ត៌មាន ឱ្យកាន់តែរីក​ចម្រើន៕




Tag:
 អ្នកសារព័ត៌មាន
  ស្រ្តី​ដឹកនាំ
© រក្សាសិទ្ធិដោយ thmeythmey.com