អង្គការស្លាបព្រាកម្ពុជា (Spoon) ជាអង្គការក្នុងស្រុកមួយ ដែលកំពុងបណ្ដុះបណ្ដាលយុវជនពីគ្រួសារក្រីក្រ និងដាច់ស្រយាល ឱ្យទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកចុងភៅ, ភេសជ្ជៈ, ដុតនំ, ភាសាអង់គ្លេស, ជំនាញទន់ និងឱកាសការងារ ស្ថិតក្នុងខេត្តសៀមរាប។ ថ្មីៗនេះ អង្គការស្លាបព្រាកម្ពុជា បានរៀបចំព្រឹត្តិការណ៍ Gala dinner «Chef Get Together»ឡើង ដោយមានការចូលរួមពីចុងភៅជាតិ និងអន្តរជាតិ៦ប្រទេស។
ក្រុមចុងភៅកម្ពុជា «PINAK POU» និងក្រុមចុងភៅអន្តរជាតិ «Chef Outta Water បាន ស្មគ្រ័ចិត្តចូលរួមចម្អិនអាហារ ក្នុងកម្មវិធីអាហារពេលល្ងាចនេះ។ ក្រុមចុងភៅទាំងនោះ មកពីប្រទេសផ្សេងគ្នាក្នុងនោះមាន កម្ពុជា, អូស្ត្រាលី, អាម៉េរិក, អៀរឡង់,ហូឡង់ និងប៉ូឡូញ។
សកម្មភាពសិក្សារបស់សិក្ខាកាម នៃអង្គការស្លាបព្រាកម្ពុជា។ រូបភាពដោយ អង្គការស្លាបព្រាកម្ពុជា៕
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននារាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ អ្នកស្រី ម៉ៅ សុផានី ប្រធានអង្គការស្លាបព្រាកម្ពុជា លើកឡើងថា កម្មវិធីអាហារពេលល្ងាចនេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកា ជួយដល់អង្កការរបស់អ្នកស្រី ឱ្យបន្តបេសកកម្មជួយដល់យុវជន មកពីគ្រួសារមានជីវភាពក្រីក្រ ឱ្យទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច។
«ការរៃអង្គាសនេះ គឺដើម្បីរកប្រាក់ចំណូលដែលបានមកពីការញ៉ាំអាហារថ្ងៃនេះ ទុកសម្រាប់ផ្គត់ផ្គង់ការសិក្សាជាមួយយើង។ ការចូលរួមថ្ងៃនេះ ជាចំណែកមួយ ដើម្បីឱ្យយើងបន្តបេសកកម្មរបស់យើងទៅថ្ងៃបន្តទៀត»។ នេះជាការអះអាងរបស់អ្នកស្រី ម៉ៅ សុផានី។
រូបភាពដោយ អង្គការស្លាបព្រាកម្ពុជា។
បើតាមអ្នកស្រី សុផានី ដដែល អង្គការស្លាបព្រាកម្ពុជា កំពុងតែបណ្ដុះបណ្ដាលសិស្សចំនួន៧៥នាក់។ ចំនួននេះមានការកើនឡើងជាងឆ្នាំមុន ដែលទទួលសិស្សតែចំនួន២០នាក់ប៉ុណ្ណោះ។ តែគោលដៅរបស់អ្នកស្រី គឺទទួលសិស្ស ១៥០នាក់ ក្នុងមួយឆ្នាំ។
គួរជម្រាបផងដែរថា ចាប់តាំងពីបើកទ្វារក្នុងឆ្នាំ២០០៩មក SPOON បានបណ្ដុះបណ្ដាលយុវជនកម្ពុជាបានចំនួនជាង៥០០នាក់ ក្នុងនោះ៦០ភាគរយជាស្ត្រី។ ពួកគេទាំងអស់បានបញ្ចប់ការសិក្សាដោយគ្មានការបោះបង់ ជាមួយជំនាញពិតប្រាកដ និងការងារ។ បច្ចុប្បន្នសិស្សដែលបានបញ្ចប់ការសិក្សាពីអង្គការ ពួកគេទាំងនោះកំពុងតែបម្រើការងារបដិសណ្ឋារកិច្ច នៅតាមខេត្តគោលដៅទេសចរណ៍ដូចជារាជធានីភ្នំពេញ, សៀមរាប និងព្រះសីហនុ។ នេះជាការអះអាងរបស់អ្នកស្រី ម៉ៅ សុផានី៕
រូបភាពដោយ អង្គការស្លាបព្រាកម្ពុជា។
រូបភាពដោយ អង្គការស្លាបព្រាកម្ពុជា។
រូបភាពដោយ អង្គការស្លាបព្រាកម្ពុជា។