កីឡាអន្តរជាតិ
អន្តរជាតិ
Marcus Reus នឹងចេញពី Dortmund ក្រោយរួមរស់រយៈពេល ១២ឆ្នាំ
04, May 2024 , 2:29 pm        
រូបភាព
Marcus Reus កីឡាករជើងចាស់ប្រចាំក្រុម Borussia Dortmund នឹងចាកចេញក្រោយចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីរូបគេបានរួមរស់ជាមួយក្លិបអស់រយៈពេល ១២ឆ្នាំ។ Reus និងក្លិបបានព្រមព្រៀងគ្នាមិនបន្តកិច្ចសន្យាបន្ថែមទៀត។

 
កីឡាករវ័យ ៣៤ឆ្នាំ បានចូលរួមជាមួយ Dortmund តាំងពីឆ្នាំ ២០១២ និងបានចំណាយពេលជាមួយក្លិបស្ថិតក្នុងកីឡដ្ឋាន Ruhr Vally ក្នុងនាមជាកីឡាករកើតជាចេញពីក្រុមយុវជន។ Reus ដល់ពេលនេះរកបាន ១៦៨គ្រាប់ ពីការបង្ហាញខ្លួនលេងចំនួន ៤២៤ប្រកួត សម្រាប់ Dortmund។ 
 
នាមជាកីឡាករខ្សែបម្រើប្រយុទ្ធមានទេពកោសល្យពូកែខាងញ៉ាក់បាល់ និងបង្កើតឱកាសរកគ្រាប់បាល់ ដ៏ឆ្លាតវ័យ Marcus Reus បានក្លាយជាប្រធានក្រុមរយៈពេល ៥ឆ្នាំចុងក្រោយនៅត្រឹមឆ្នាំ ២០២៣។ Reus ជួយ Dortmund ឈ្នះពាន German Cup ២លើក បន្ទាប់មកទៀតមិនដែលឈ្នះពានលីគម្តងណាឡើយ ហើយកាលពីរដូវកាលមុនរូបគេក៏ខកខានឈ្នះពាន Bundesliga ផងដែរ។
 
ឱកាសចុងក្រោយ Reus អាចនឹងឈ្នះពានរង្វាន់លំដាប់កំពូលអឺរ៉ុប ជាមួយ Dortmund ខណៈបច្ចុប្បន្នរូបគេកំពុងជួយក្រុមប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ កាលពីសប្តាហ៍មុនរូបគេរួមចំណែកជាមួយក្រុមយកឈ្នះលើ Paris Saint Germain លទ្ធផល ១-០ ជើងទីមួយ។
 
ការចាកចេញកីឡាករជើងចាស់ប្រចាំក្រុមបានបញ្ជាក់ថាក្លិប និងរូបគេ យល់ព្រមគ្នាមិនបន្តកិច្ចសន្យាទៀតឡើយ។ Reus បាននិយាយដូច្នេះ៖«ក្លិប និងខ្ញុំបានសម្រេចមិនបន្តកិច្ចសន្យាអ្វីទៀតឡើយ។ ខ្ញុំបានចំណាយពេលជាពាក់កណ្តាលជីវិតរបស់ខ្ញុំជាមួយនឹងក្លិប ខ្ញុំក៏មានមោទកភាព និងរីករាយដែលបានលេងឱ្យក្លិបបានច្រើនឆ្នាំរួចមកនេះ។ ខ្ញុំពិតជាគ្មានពាក្យបកស្រាយច្រើនទេ។»។
 
ទោះត្រូវចាកចេញក្រោយចប់រដូវកាល តែ Reus ប្តេជ្ញាចិត្តថានឹងជួយក្រោយទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley សម្រាប់ពានរង្វាន់ UEFA Champions League។
«រឿងដែលសំខាន់ដែលអ្នកត្រូវដឹង អ្នកគាំទ្រ គឺថាយើងនៅតែមានក្តីស្រមៃធំដូចគ្នា។ យើងចង់ទៅកាន់ការប្រកួតក្នុងកីឡដ្ឋាន Wembley សម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយនឹងនាំមកនៅពានរង្វាន់លំដាប់កំពូលមកកាន់ក្លិប Dortmund។»។ Marcus Reus បានអះអាងបែបនេះ។
 
Dortmund ធ្លាប់ឈ្នះ UCL កាលពីឆ្នាំ ១៩៩៧ ជាការឈ្នះចុងក្រោយបំផុត។ នៅសប្តាហ៍ក្រោយ Dortmund ត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង សម្រាប់ជំនួបជើងទីពីរ ក្រោយក្តីរំពឹងនោះគឺជាការឡើងវគ្គផ្តាច់ព្រ័ត្រ UCL លើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៣៕
 

Tag:
 Marcus Reus
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com