ជាតិ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
04, May 2024 , 6:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី កាត់កញ្ចប់វិញ្ញាសាការប្រឡងគ្រូអនុវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ហ៊ុន ម៉ានី កាត់កញ្ចប់វិញ្ញាសាការប្រឡងគ្រូអនុវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ភ្នំពេញ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ នឹងត្រូវរៀបចំឡើងជា ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជនតែ ៤៤១នាក់ប៉ុណ្ណោះ ឱ្យបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងការប្រឡងគ្រូបង្រៀននៅអនុវិទ្យាល័យនេះ មានបេក្ខជនចុះឈ្មោះចូលជាង៣ម៉ឺននាក់ឯណោះ។ នេះបើតាមលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាក្រសួងទទួលបន្ទុកជ្រើសរើសមន្ត្រីក្របខណ្ឌសម្រាប់ក្រសួង ស្ថាប័ននានា។
 
ការប្រឡងប្រជែងលើកទី១ ដែលមានបេក្ខជនចំនួន ៣៣ ៣១៤នាក់  ចូលរួមដោយចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភានេះ។ វិញ្ញាសាប្រឡង មានសំណួរចម្លើយពាក់ព័ន្ធវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស។ សម្រាប់ចំនួនបេក្ខជនដ៏ច្រើននេះ ការប្រឡងនេះ ត្រូវបានរៀបចំនៅមណ្ឌលប្រឡង៣ផ្សេងគ្នា គឺនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា៖ «នេះជាលើកដំបូង ក្នុងចំណោមការប្រឡងជ្រើសរើសមន្រ្តីរាជការទាំងលើកទី៦ ដែលមានបេក្ខជនចុះឈ្មោះប្រឡងដល់ទៅ៥ម៉ឺននាក់ ប៉ុន្តែជាង ៣ម៉ឺននាក់មានឈ្មោះចូលរួមប្រឡង ដោយសារបំពេញបានត្រឹមត្រូវ»។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
ដោយសារកំណើននៃការចុះឈ្មោះច្រើន ទើបតម្រូវឱ្យមានការរៀបចំការប្រឡងជា ២ដំណាក់កាល។ ការប្រឡងដំណាក់កាលទី១ នឹងជ្រើសរើសបេក្ខជនចំនួន ១ ៣២៣នាក់ ដើម្បីបន្តប្រឡងនៅដំណាក់កាលទី២។ បើតាមលោក ហ៊ុន ម៉ានី ការជ្រើសរើសត្រឹម ១ ៣២៣នាក់ គឺយកចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៤៤១នាក់ មកគុណនឹង៣ដង។ សម្រាប់ដំណាក់កាលទី២ នឹងមានបេក្ខជនប្រឡងចំនួន ១ ៣២៣នាក់។
 
លោក ហ៊ុន ម៉ានី បន្តថា ក្នុងដំណើរការប្រឡងនេះ គណៈកម្មការរៀបចំបានធ្វើយ៉ាងណា ដើម្បីឱ្យការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ដោយរៀបចំរយៈពេល ៤ថ្ងៃ និង១ថ្ងៃ ប្រឡង២វេន។ ជាមួយគ្នានេះ ដំណើរការកំណែវិញ នឹងធានាយ៉ាងណាឱ្យការសម្រាំងមានគុណភាព។ 
 
សូមបញ្ជាក់ថា ការប្រឡងពីថ្ងៃទី២-៥ ឧសភា រៀបចំចំនួន ២វេន ដោយវេនទី១ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៦ល្ងាច។ ដោយឡែកដំណើរការកំណែ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល៕







Tag:
 ប្រឡង
  ក្រសួងមុខងារសាធារណៈ
  គ្រូអនុវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com