កីឡាជាតិ
ជាតិ
លួចស្នាដៃផលិតមាតិកាគុនខ្មែរ ទៅផ្សាយបន្ត ជាការសម្លាប់ម្ចាស់ដើម
04, May 2024 , 7:39 pm        
រូបភាព
លោក ជា សុភារិន នៅខាងស្ដាំដៃ កំពុងកាន់កាមេរ៉ា រូបពីហ្វេសប៊ុក ជា សុភារិន
លោក ជា សុភារិន នៅខាងស្ដាំដៃ កំពុងកាន់កាមេរ៉ា រូបពីហ្វេសប៊ុក ជា សុភារិន
អ្នកផលិតមាតិកាជាច្រើន បានផ្សព្វផ្សាយពីក្បាច់គុនប្រដាល់គុនខ្មែរ ដែលមាតិកា ទាំង នោះមានដូចជាវីដេ អូសម្ភាស រូបភាព និងអត្ថបទព័ត៌មាន ជាដើម។ លោក ជា សុភារិន ម្នាក់ក្នុងចំណោមអ្នកផលិតមាតិកាទាំងនោះ និយាយថា អ្នកជួយផ្សព្វផ្សាយច្រើនជារឿង ល្អ ប៉ុន្ដែពួកគេគួរតែបង្កើតមាតិកាដោយខ្លួនឯង ហើយកុំលួច ឬយកមាតិការបស់អ្នកដទៃ យកទៅផ្សាយបន្ត។ អ្នកផលិតមាតិការូបនេះ ចាត់ទុកទង្វើបែបនេះ ជាការសម្លាប់ទឹកចិត្ត អ្នកផលិតដែលជាម្ចាស់ដើម។
 
មួយរយៈចុងក្រោយនេះ ពោលគឺក្រោយពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មាតិកាគុនខ្មែរជាច្រើន ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម ដូចជា Facebook Youtube និង Tik Tok។ អ្នកផលិតមាតិកាខ្លះ ក៏ទទួលបានចំណូលពីក្រុមហ៊ុនបណ្ដាញសង្គម ទាំង នោះផងដែរ។ លោក ជា សុភារិន ព្រមទាំងលោកស្រី សេង ម៉ូលីនី ជាភរិយា ដែលត្រូវបានអ្នកគាំទ្រ ប្រដាល់គុនខ្មែរ ស្គាល់ថាជាអ្នកផលិតមាតិកាគុនខ្មែរ មានបទពិសោធន៍ច្រើន យល់ថា វិស័យប្រដាលនេះ នឹងកាន់តែល្បី ហើយមានប្រជាប្រិយភាពជាងនេះ តាមរយៈការផ្សព្វ ផ្សាយវិជ្ជមានគ្រប់រូបភាព។
 
លោក ភារិន និយាយបន្ថែមថា ប្រសិនបើមាតិកាទាំងអស់ កើតចេញពីការរក គំនិតរៀងៗ ខ្លួនរបស់អ្នកផលិតគឺល្អ ព្រោះអ្នកគាំទ្រអាចទទួលបានគ្រប់រូបភាពពីកីឡាករ-កីឡាការិនី ការប្រកួត និងអ្វីផ្សេងៗទៀត ក្រៅអំពីការប្រកួតផងដែរ។ អ្នកផលិតមាតិកាវ័យ ៣១ឆ្នាំ រូប នេះ ក៏កំពុងជួបបញ្ហា ដោយសារមានការលួចវីដេអូ រូបភាព និងគំនិតផ្សេងៗទៀត យក ទៅធ្វើជារបស់គេ។


លោក ជា សុភារិន និង លោកស្រី សេង ម៉ូលីនី
 
ទង្វើបែបនេះ ត្រូវបានលោក ភារិន ចាត់ទុកថា ជាការសម្លាប់ទឹកចិត្តអ្នកផលិតមាតិកា ដែលបានចុះទៅដល់ទីតាំងដើម្បីថត និងធ្វើវីដេអូ។«លួចយកវីដេអូគេ រូបភាពគេ ហើយ ទៅកាត់ដាក់ឡូហ្គូខ្លួនឯង ទង្វើនេះមិនមែនផ្សព្វផ្សាយគុនខ្មែរទេ ប៉ុន្ដែគឺពួកគេកំពុងសម្លាប់ ម្ចាស់ដើម ដែលខំទៅផលិតផ្ទាល់ដល់កន្លែង។»។ លោក ភារិន និយាយដូច្នេះ។
បុរសវ័យ៣១ឆ្នាំរូបនេះ ស្នើឲ្យផលិតមាតិកាទាំងអស់ ព្យាយាមបង្កើតគំនិត និងទៅយក រូបភាព វីដេអូ ដោយផ្ទាល់ និងមិនគួរយករបស់អ្នកដទៃទៅផ្សាយ ហើយដាក់ម្ចាស់ ឧបត្ថម្ភរបសខ្លួនឯងទេ៕
 

Tag:
 ប្រដាល់
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com