ជាតិ
ពាក់មួកត្នោត ផ្តល់តម្លៃដល់អ្នកធ្វើ និងលើកតម្កើងអត្តសញ្ញាណជាតិ
04, May 2024 , 9:39 pm        
រូបភាព
អ្នកស្រី ពួយ រ៉ែម ជាអ្នកដេរមួកត្នោតនៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ
អ្នកស្រី ពួយ រ៉ែម ជាអ្នកដេរមួកត្នោតនៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ
សៀមរាប៖ ពលរដ្ឋនៅតំបន់អង្គរ បន្តការងារដេរ និងប្រើប្រាស់មួកត្នោត ដែលបង្ហាញពីការបន្តលើកតម្លៃអត្តសញ្ញាណខ្មែរ។ ទាំងមួកត្នោត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទេសចរជាតិ និងអន្តរជាតិ។
 
ពលរដ្ឋរស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ គឺអ្នកស្រី ពួយ រ៉ែម ជាអ្នកដេរ ឬធ្វើមួកត្នោតលក់។ ស្រ្តីវ័យ៦១ឆ្នាំរូបនេះប្រាប់ថា ចេះជំនាញដេរមួកត្នោតនេះនៅអាយុ៩ឆ្នាំ។ ក្រៅពីមានពេលបន្ដិចបន្តួចរៀនអក្សរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុមារី រ៉ែម បានឆ្លៀតរៀនថ្នាក់ដេរក្រមា និងមួកត្នោតជាមួយក្រុមកុមារឯទៀត។ សកម្មភាពរៀននេះ ក៏ជាតម្រូវពីអង្គការ ដែលចង់បានមួកសម្រាប់ឱ្យប្រជាជនប្រើប្រាស់ នារដូវដកស្ទួង។ 
 
កន្លងទៅច្រើនឆ្នាំ អ្នកស្រី រ៉ែម ទើបនឹងចាប់ផ្តើមសើរើជំនាញវិជ្ជាជីវៈនេះឡើងវិញ និងផ្តើមដេរមួកត្នោត តាមការចេះចាំដែលសេសសល់។ អ្នកស្រីប្រាប់ថា ទើបនឹងដេរមួកត្នោតលក់ខ្ទង់ ៣ឆ្នាំនេះប៉ុណ្ណោះ គឺដេរទុកនៅផ្ទះ ខ្លះទៀតគេបញ្ជាទិញជាដើម។ ក្រៅពីដេរមួក អ្នកភូមិតាប្រុករូបនេះ ក៏មានជំនាញត្បាញកន្ទេលផ្អាវ ដូចស្រ្តីក្នុងភូមិឯទៀតដែរ។ 


 
សម្រាប់ការដេរមួកត្នោតនេះវិញ អ្នកស្រី រ៉ែម រៀបរាប់ថា មិនសូវពិបាកប៉ុន្មានទេ ប៉ុន្តែក៏មិនសូវមានអ្នកចេះច្រើនដែរ។ មួកត្នោតត្រូវដេរដោយដៃ ហើយរៀងយូរបន្ដិចទម្រាំធ្វើបានមួយៗ។ ក្នុងមួយថ្ងៃ ប្រសិនបើអង្គុយធ្វើជាប់លាប់ ស្រ្តីរូបនេះអាចដេរបានមួក២។ មួកនោះទៀតសោត មាន២ខ្នាត មានតូច និងធំល្មម ហើយខ្នាតតូចលក់ដាច់ជាងគេ។ នេះបើតាម ការបញ្ជាក់ពីអ្នកស្រី រ៉ែម។ 
 
តាមការបញ្ជាក់ពីស្រ្តីខាងលើ ដើម្បីឱ្យមួកត្នោតមាំ និងប្រើបានយូរនោះ គឺស្លឹកត្នោតត្រូវហាលឱ្យស្ងួត ដេរឱ្យញឹក និងលាបជ័រទឹកពីលើ ដើម្បីការពារជាប់ធុនបានយូរ។ ជ័រទឹក ធ្វើឱ្យស្លឹកត្នោតមានពណ៌ភ្លឺថ្លា និងមិនជ្រាបទឹក។ បើប្រើថែទាំ មួកមួយអាចប្រើប្រាស់បាន ជាងមួយឆ្នាំឬពីរឆ្នាំឯណោះ។


 
អ្នកស្រី គង់ ស៊ត់ ជាអ្នកភូមិនគរក្រៅ ក៏ពេញចិត្តនឹងមួកត្នោតដែលអ្នកស្រីកំពុងពាក់ដែរ។ជាពលករកំណាយនៅស្រះទឹកខាងកើតប្រាសាទបាយ័ន ស្រ្តីរូបនេះតែងពាក់មួកត្នោតមក ធ្វើការ ជាប់ជានិច្ច។ មួកអ្នកស្រី ស៊ត់ មានហាមធំ ដែលអ្នកស្រីធ្វើជាពិសេសសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន។ និយាយបណ្ដើរញញឹមបណ្ដើរ ស្រ្តីវ័យ៥៧ឆ្នាំរូបនេះប្រាប់ថា៖« មួកត្នោត ត្រជាក់ស្រួល ងាយស្រួលពាក់ ខ្ញុំពាក់ច្រើនឆ្នាំហើយ តាំងពីណាពីណីមក។ បើខូចមួយ ដេរ មួយទៀត ព្រោះអត់ចេញពាក់មួកក្រណាត់»។ 
 
ជាផ្នែកនៃការចង់បន្តជំនាញពីបុរាណ ក៏ដូចជាស្រឡាញ់មួកត្នោតខ្មែរនោះ អ្នកស្រី ពួយ រ៉ែម ពេញចិត្តនឹងបន្តការងារដេរមួកត្នោត ទោះរបរនេះរកចំណូលមិនបានច្រើនក៏ពិតមែន។ អ្នកស្រី រ៉ែម ចង់ឃើញពលរដ្ឋខ្មែរងាកមកជួយគាំទ្រមួកត្នោតកាន់តែច្រើន ដើម្បីលើកទឹក ចិត្តឱ្យអ្នកស្រីបន្តធ្វើរបរនេះ និងផ្ទេរជំនាញសិប្បកម្មមួកត្នោត តទៅអ្នកជំនាន់ក្រោយៗ ទៀត៕


អ្នកស្រី គង់ ស៊ត់ ពាក់មួកត្នោតអង្គុយធ្វើការនៅការដ្ឋានកំណាយស្រះខាងកើតប្រាសាទបាយ័ន។


© រក្សាសិទ្ធិដោយ thmeythmey.com