ជាតិ
លោក Patrick Murphy នឹងប្រាប់ទូតអាម៉េរិកថ្មីថា ប្រជាជនខ្មែររួសរាយ និងមានគំនិតច្នៃប្រឌិត
04, May 2024 , 10:19 pm        
រូបភាព
ទូតអាមេរិកលោក Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននៅបណ្ណាល័យអាមេរិកក្នុងក្រុងសៀមរាប នាថ្ងៃទី២៩ មេសា ឆ្នាំ២០២៤។
ទូតអាមេរិកលោក Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននៅបណ្ណាល័យអាមេរិកក្នុងក្រុងសៀមរាប នាថ្ងៃទី២៩ មេសា ឆ្នាំ២០២៤។
សៀមរាប៖ លោក Patrick Murphy ទូតអាមេរិកជិតផុតអាណត្តិ អះអាងថា លោកនឹងប្រាប់អគ្គរដ្ឋទូត ថ្មីដែលនឹងមកជំនួសតួនាទីរបស់លោកនាពេលឆាប់ៗនេះ ឱ្យស្វែងយល់ពីប្រជាជនកម្ពុជាឱ្យបានច្រើន។ សម្រាប់លោក Patrick Murphy ពលរដ្ឋកម្ពុជាមានអាកប្បកិរិយាល្អ រួសរាយរាក់ទាក់ និងមានគំនិតច្នៃ ប្រឌិតខ្ពស់ ដែលនេះគឺជាចំណុចដ៏សំខាន់ដែលទូតអាម៉េរិក ត្រូវតែបានដឹង។
 
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៩ មេសាកន្លងទៅ លោក Murphy ចង់ប្រាប់អ្នកដែលមកជំនួស តួនាទីរបស់លោក គួរដឹងចំណុចខ្លះ ទី១គឺទាក់ទងនឹងប្រជាជនកម្ពុជា ដែលលោកនិយាយថា ពួកគេ មានការគោរពអ្នកដទៃបានល្អ រួសរាយរាក់ទាក់ និងមានគំនិតច្នៃប្រឌិត។ ក្នុងតួនាទីជាអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា ប្រមាណ ៥ឆ្នាំមកនេះ លោក Murphy ក៏យល់ឃើញថា ប្រជាជនកម្ពុជាមានលទ្ធភាព គ្រប់គ្រាន់ក្នុងការ ដោះស្រាយបញ្ហានានា ដែលកំពុងកើតមាននៅកម្ពុជាដោយខ្លួនឯងបានដែរ។ 
 
ចំណុចមួយទៀត លោក Patrick Murphy ក៏លើកទឹកចិត្តឱ្យទូតថ្មី ចុះតាមខេត្តឱ្យបានច្រើន ដើម្បី ស្វែងយល់ពីការងារ ឬបញ្ហាដែលកំពុងកើតមាន ដ្បិតថាតាមខេត្តនានាជាប្រភពនៃការកើតបញ្ហា មិន ថារឿងការអភិវឌ្ឍ ឬកង្វល់របស់ប្រជាជនឡើយ។ លោកលើកឡើងដូច្នេះថា៖«យើងប្រហែលគិតថា ភ្នំពេញជាកន្លែងសំខា ន់ដោយសារវាពោរពេញដោយកន្លែងជំនួញ ការធ្វើសកម្មភាពនានា។ ប៉ុន្តែរឿង ដែលយើងគួរដឹងបន្ថែមតាមពិតទៅគឺនៅតាមខេត្តនានា ដើម្បីស្វែងយល់បន្ថែម អំពីបញ្ហាដែលកំពុង កើតមាន ឬរឿងមួយចំនួនដែលសំខាន់ទាក់ទងនឹងការអភិវឌ្ឍ មានវិស័យកសិកម្ម អាជីវកម្មនានា របស់ ប្រជាជនតាមខេត្ត ដែលធ្វើដូច្នេះនឹងជួយឱ្យយើងស្គាល់កម្ពុជាកាន់តែច្បាស់»។ 
 
បំណងមួយទៀតនោះ គឺលោក Murphy ចង់ឱ្យលោកទូតថ្មីដែលមកបន្តវេនពីលោក បន្តការខិតខំប្រឹង ប្រែងក្នុងការជួយទ្រទ្រង់ ក៏ដូចជាធ្វើការជាដៃគូជាមួយប្រជាជននៅកម្ពុជាដើ ម្បីឱ្យមានការអភិវឌ្ឍ បន្ថែម ។ ក្រៅពីនេះ ត្រូវជំរុញ និងគាំទ្រស្រ្តី ឱ្យចូលរួមក្នុងកិច្ចការសំខាន់ដែលកំពុងមាន ព្រោះអ្វីដែលលោក មើលឃើញកន្លងមក ពួកគេមួយចំនួនធំមិនទាន់មានសិទ្ធិពេញលេញនៅឡើយ ក្នុងការចូលរួមកិច្ចការ ទាំងនេះ៕

Tag:
 ទូតអាមេរិក
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com