ជាតិ
តំបន់មួយចំនួន អាចមានភ្លៀងធ្លាក់នៅថ្ងៃនេះ ប៉ុន្តែកម្តៅនៅមិនទាន់ថមថយ
05, May 2024 , 10:40 am        
រូបភាព
អាជ្ញាធរបាញ់ទឹកនៅ​ ​បរិវេណវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកម្តៅ កាលពីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
អាជ្ញាធរបាញ់ទឹកនៅ​ ​បរិវេណវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកម្តៅ កាលពីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
ដោយ: ថ្មីៗ
បណ្តាខេត្តមួយចំនួន រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ បណ្តាខេត្តជាប់សមុទ្រ និងជួរភ្នំបូកគោ អាចមានធ្លាក់ នៅថ្ងៃទី៥ ខែឧសភានេះ។ ដ្បិតមានភ្លៀង ប៉ុន្តែរលកកម្តៅនៅមិនទាន់ថមថយនៅឡើយ លើកលែងតែបណ្តាខេត្តជាប់សមុទ្រប៉ុណ្ណោះ។ នេះបើតាមការព្យាករអាកាសធាតុសម្រាប់ ថ្ងៃទី៥ ខែឧសភា របស់ក្រសួងធនធានទឹក និងឧតុនិយម។
 
យោងតាមក្រសួងធនធានទឹក នៅថ្ងៃទី៥ឧសភានេះ តំបន់វាលទំនាបមាន សីតុណ្ហភាពអប្បបរមា ២៦ អង្សា និងអតិបរមា ៣៨ អង្សា ខណៈតំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ ភាគរយ។
 
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ២៦ អង្សា និងអតិបរមា ៣៩ អង្សា។ ភាគឧត្តរនៃតំបន់នេះដែលមានខេត្តព្រះវិហារ ស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥ ភាគរយ។ ក្រសួងធនធានទឹក ឱ្យដឹងដូច្នេះ ដោយបន្តថា តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ២៥ អង្សា និងសីតុណ្ហភាពអតិបរមា ៣៦ អង្សា។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០ ភាគរយ ខណៈ រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ០.៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៥០ ម៉ែត្រ៕
 

Tag:
 ភ្លៀង
  អាកាសធាតុ
  ក្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com