កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៣
05, May 2024 , 11:39 am        
រូបភាព
ព្រះខ័នរាជស្វាយរៀង អបអរជ័យជម្នះខ្លួន រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង អបអរជ័យជម្នះខ្លួន រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ (Cambodian Premier League) បើទោះជាសល់២ប្រកួត ក្នុងវគ្គទាត់ខ្វែង ៤ក្រុមចុងក្រោយក៏ដោយ។ ក្នុងសប្ដាហ៍ទី២៨ ថ្ងៃទី៤ ខែឧសភា ព្រះខ័នរាជស្វាយរៀង បានឈ្នះ បឹងកេត ក្នុងលទ្ធផល៤-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ទន្ទឹមពេលជាមួយគ្នានោះ ភ្នំពេញក្រោន អស់ឱកាសដណ្ដើមជើងឯក ក្រោយចាញ់ វិសាខា ២-០ នៅកីឡដ្ឋាន Smart RSN។

 
មុនពេលជំនួបជាមួយបឹងកេត ព្រះខ័នរាជស្វាយរៀង មាន៦៩ពិន្ទុ និងត្រូវការតែ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះដាច់ភ្នំពេញក្រោន ដែលមាន៦៤ពិន្ទុ។ ចំណែក ភ្នំពេញក្រោន ត្រូវការឈ្នះ ៣ប្រកួតចុងក្រោយ ដែលនៅសល់ ដើម្បីប្រជែងតំណែងជើងឯក។ ប៉ុន្ដែក្រោយការប្រកួតនៅសប្ដាហ៍ទី២៨ នៃ Cambodian Premier League នាថ្ងៃទី៤ ខែឧសភា ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត នាំឲ្យមាន៧២ពិន្ទុ ដាច់ភ្នំពេញក្រោន ដែលបរាជ័យ ក្នុងជំនួបជាមួយ វិសាខា។
 
ព្រះខ័នរាជស្វាយរៀង ប្រើពេលត្រឹម ៧វិនាទី នៃតង់ទី១ ដើម្បីរកគ្រាប់បាល់ទី១ លើក្រុមបឹងកេត ដោយការកែបាល់ និងប៉ះមួយពីរ (One-two) រហូត កីឡាករ គឹម សុខយុទ្ធ របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទី។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ផ្សេងទៀត រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី២២, Bounkong Bounphachan នៅនាទី២៨ និង Takashi Odawara នៅនាទី៥៦។ ចំណែក បឹងកេត វាយបកបាន ១គ្រាប់ ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៥៣។ 
 
ដោយឡែក បើទោះជាតំណែងជើងឯក បានទៅលើព្រះខ័នរាជស្វាយរៀង និងជើងឯករង បានទៅលើភ្នំពេញក្រោន ប៉ុន្ដែវិសាខា និងបឹងកេត នៅតែបន្ដដណ្ដើម យកចំណាត់ថ្នាក់លេខ៣។ វិសាខា បានឈ្នះ ភ្នំពេញក្រោន ២-០ ដែល នាំឲ្យមាន ៤៧ពិន្ទុ។ ៤៧ពិន្ទុនេះ នៅមានទាន់ឈ្នះដាច់ បឹងកេត ដែលមាន៤១ពិន្ទុ នៅឡើយទេ។ ប្រសិនជាបឹងកេត ចាញ់ប្រកួតណាមួយ ក្នុងចំណោម២ប្រកួត ដែលនៅសល់ ក្រុមនេះ នឹងអស់ឱកាសប្រជែង យកលេខ៣ នៃលីគកំពូលកម្ពុជា។ 
 
២គ្រាប់ ដែលវិសាខា យកឈ្នះ ភ្នំពេញក្រោន រកបានដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៥៤ និងកីឡាករ សារ ទី នៅនាទី៨៣។
 
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣ ដែលព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ដែលលើកទី១ គឺនៅឆ្នាំ ២០១៣ លើកទី២ឆ្នាំ២០១៩ និងលើកទី៣នៅរដូវកាល ២០២៣-២០២៤។ ចំណែក ភ្នំពេញក្រោន នេះគឺជាលើកទី២ ឈ្នះ តំណែងជើងឯករង ខណៈក្រុមនេះ ធ្លាប់ឈ្នះជើងឯក លីគកំពូល ៨សម័យកាល៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com