អន្តរជាតិ
ថៃ ស្នើឱ្យសាលារៀនបិទថ្នាក់បណ្តោះអាសន្ននៅក្នុងថ្ងៃក្តៅខ្លាំង
05, May 2024 , 4:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អគ្គលេខាធិការគណៈកម្មការអប់រំមូលដ្ឋាន (BEC) បានស្នើឱ្យសាលារៀនទាំងអស់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មការអប់រំមូលដ្ឋាន បិទថ្នាក់រៀនបណ្តោះអាសន្ន នៅថ្ងៃមានអាកាសធាតុក្តៅខ្លាំង ដើម្បីការពារសុខភាពសិស្ស និងគ្រូបង្រៀន។
 
មួយរយៈចុងក្រោយ សីតុណ្ហភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានកម្តៅក្តៅយ៉ាងខ្លាំង ដោយនៅតំបន់ខ្លាំងមានដល់ ៤៥អង្សា។ ទាក់ទិននឹងបញ្ហានេះ ថៃ បានបញ្ជាឱ្យសាលារៀនមួយចំនួនបិទបណ្តោះអាសន្ន នៅក្នុងថ្ងៃក្តៅខ្លាំង ដើម្បីការពារសុវត្ថិភាព សុខភាពរបស់សិស្ស និងគ្រូបង្រៀនពីកម្តៅកើនឡើងនៅក្នុងខ្លួន។ 
 
«គណៈគ្រប់គ្រងសាលាទាំងអស់ ដែលស្ថិតនៅក្រោមគណៈកម្មការអប់រំមូលដ្ឋាន គួរតែអនុវត្តគោលនយោបាយបែបនេះ ដើម្បីការពារសុវត្ថិភាពរបស់សិស្ស និងគ្រូបង្រៀន ដោយសារអាកាសធាតុក្តៅខ្លាំង អាចធ្វើឱ្យកម្តៅកើននៅក្នុងខ្លួនខ្លាំង»។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីលោក Thanu Wongchinda អគ្គលេខាធិការគណៈកម្មការអប់រំមូលដ្ឋាន ដែលបានថ្លែងនៅថ្ងៃទី៥ ខែឧសភា។ 
 
អគ្គលេខាធិការរូបនេះ បានបន្តថា អាកាសធាតុក្តៅខ្លាង អាចកើតមាននៅតំបន់ភាគខាងជើង, ភាគឦសាន, ភាគខាងកើត និងកណ្តាល ដែលសាលានៅទីនោះ ចាប់ផ្តើមការបង្រៀនឆមាសទីមួយ។ 
 
ទន្ទឹមនេះ លោក Thanu បានណែនាំថា ក្នុងអាកាសធាតុក្តៅ សាលាគួរផ្អាកសកម្មភាពនៅក្រៅថ្នាក់ និងឱ្យសិស្ស និងគ្រូបង្រៀនបរិភោគទឹកឱ្យបានច្រើន។ ចំណែកប្រព័ន្ធភ្លើង គួរតែពិនិត្យឱ្យបានត្រឹមត្រូវ ហើយការបង្រៀននៅក្នុងថ្នាក់គួរផ្អាក និងចាប់ផ្តើមការបង្រៀនតាមប្រព័ន្ធអនឡាញ។ 
 
ទន្ទឹមនេះ មន្រ្តីថៃ បានអំពាវនាវឱ្យបុគ្គលសាលាត្រួតពិនិត្យរថយន្តដឹកសិស្សឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការចាក់សោរសិស្សនៅក្នុងរថយន្ត ក្នុងពេលមានអាកាសធាតុក្តៅខ្លាំង៕
 

Tag:
 ថៃ
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com