កីឡាជាតិ
ជាតិ
E-Sports៖ Detective ជាកីឡាករដែលមានឆន្ទៈខ្ពស់ក្នុងក្រុម CFU Gaming
05, May 2024 , 8:19 pm        
រូបភាព
ញ៉ែម ច័ន្ទដាវណ្ណ ក្លាយជាកីឡាករម្នាក់ មានមហិច្ឆតាចង់នាំក្រុមឈ្នះពានរង្វាន់ នៅក្នុងការប្រកួតលីគកីឡាអេឡិចត្រូនិកអាជីពរបស់កម្ពុជា MPL KH ព្រមទាំងជួយក្រុមឡើងទៅកាន់ការប្រកួតអន្តរជាតិនានា។ ញ៉ែម ច័ន្ទដាវណ្ណ ឬរហស្សនាមក្នុងការប្រកួត Detective ជាកីឡាករក្រុម CFU Gaming បានចែករំលែកពីដំណើរជីវិតរបស់ខ្លួន នៅក្នុងវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ជាមួយការប្តេជ្ញាចិត្ត និងការលើកទឹកចិត្តដល់យុវជនដទៃផ្សេងទៀត។

 
មានវ័យត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ ធ្លាប់បានបង្ហាញខ្លួនសម្រាប់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតនោះ។ កីឡាករក្រុម CFU Gaming រូបនេះ ត្រូវបានគេស្គាល់ថា ជាកីឡាករដែលលេងលើតួនាទី Jungler ល្អជាងគេបង្អស់ប្រចាំប្រទេសកម្ពុជា។ 
 
ជាកីឡាករម្នាក់ ដែលមានតួនាទីផ្នែក Jungler ដ៏ខ្លាំងពូកែប្រចាំក្រុម CFU Gaming នេះ Detective បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ដែលនិយមក្នុងវិស័យ E-Sport បានស្គាល់រូបគេកាន់តែច្បាស់ តាមការប្រកួតនោះ។ 
 
តើ Detective ជានរណា?
 
ញ៉ែម ច័ន្ទដាវណ្ណ មានវ័យត្រឹមតែ ១៧ឆ្នាំ ជាកូនប្រុសពៅ ចំណោមបងប្អូនប្រុស ២នាក់ ស្រី ១នាក់ រស់នៅក្នុងក្រុមគ្រួសារមានជីវភាពធូធារមួយ ក្នុងរាជធានីភ្នំពេញ។ ស្ថិតក្នុងបន្ទុកគ្រួសារដែលជាអ្នកប្រកបរបររកស៊ីលក់សត្វគោ ក៏ជាម្ចាស់កសិដ្ឋានចញ្ចឹមគោផងនោះ ដាវ៉ាន់ ឬ Detective តែងតែប្រើប្រាស់ពេលវេលាផ្តោតលើការសិក្សា ជាជាងការលេងហ្គេមជាប្រចាំ មុនពេលដែលរូបគេចូលរួមលើប្រភេទ E-Sports ពេញលេញ។
 
ថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាស Detective បាននិយាយថា ខ្លួនបានយកវិស័យ E-Sports ដោយបញ្ឈប់ការសិក្សា ក្រោមមូលហេតុថា នៅពេលខ្លួនផ្តោតលើការប្រកួតប្រជែងខ្លាំងនោះ មិនអាចផ្តោតអារម្មណ៍លើការសិក្សាបាននោះឡើយ។ ឈប់រៀនដើរតាមក្តីសុបិន្តលើវិស័យ E-Sports ក្រុមគ្រួសារ Detective ក៏ធ្លាប់បានរារាំង មិនគាំទ្រ និងមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់គេមួយនេះ។ Detective សុំមិនបញ្ជាក់ចំពោះកម្រិតសិក្សា ក្រោយរូបគេបានសម្រេចឈប់រៀនឡើយ នៅពេលត្រូវបានក្រុមអ្នកកាសែតចោទសួរ។


 
សមិទ្ធផលដ៏ធំសម្រាប់ Detective ផ្ទាល់ នៅពេលដែលគេបានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិកម្ពុជា លើប្រភេទវិញ្ញាសាកីឡាអេឡិចត្រូនិក Mobile Legends ដោយគេបានដណ្តើមបានមេដាយសំរិទ្ធិ អំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងរយៈពេល ៦២ឆ្នាំ។ រឿងនេះហើយដែលក្រុមគ្រួសារ Detective បានបង្វែរការគិតដោយទៅជាគាំទ្រដល់គេខ្លាំងបន្ថែមទៀត ឱ្យកាន់តែសម្រេចក្តីស្រម៉ៃរបស់គេផ្ទាល់។
 
«គ្រួសារដំបូងបង្អស់គាត់មិនយល់ព្រមអនុញ្ញាតឱ្យខ្ញុំលេងនោះទេ ប៉ុន្តែការជម្នះចង់លេងរបស់ខ្ញុំរហូតនៅពេលដែលខ្ញុំបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ហើយទទួលបានចំណាត់ថ្នាក់លេខ ៤។ ពេលនោះហើយដែលគាត់អនុញ្ញាតឱ្យខ្ញុំដើរលើវិស័យនឹងពេញលេញ ហើយគាត់កាន់តែគាំទ្រខ្លាំងឡើង។»។ Detective បានបញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីបែបនេះ។
 
តើរូបគេមានដំណើរក្នុងវិស័យកីឡាអេឡិចត្រូនិកបែបណា?
 
«ដំបូងឡើយ កាលខ្ញុំអាយុ ១៥ឆ្នាំ ខ្ញុំត្រឹមតែជាក្មេងម្នាក់លេងហ្គេម Mobile Legends ធម្មតា តែកាលនោះខ្ញុំបានហ្វឹកហាត់ស្ថិតនៅក្នុងក្រុម Impunity Try-Out ព្រោះខ្ញុំត្រូវបានជំរុញឱ្យចូលរួមដោយ Tyy (កីឡាករក្រុម Team MAX អតីតកីឡាករ Impunity KH)។ ពីមុនខ្ញុំមិនធ្លាប់គិតទេថានឹងអាចក្លាយមកជាកីឡាករកីឡាអេឡិចត្រូនិកអាជីព។»។ Detective បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗបែបនេះ ក្នុងកិច្ចសម្ភាសជាមួយនឹងក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ។
 
ក្រោយមិនសម្រេចក្លាយជាកីឡាកររបស់ក្រុម Impunity KH ម្ចាស់ពាន ១សម័យ MPL Cambodia កីឡាករ Detective ក៏ត្រូវបានគ្រូបង្វឹកលោក Northking (អតីតគ្រូ Impunity) ណែនាំរូបគេឱ្យទៅសាកល្បងសមត្ថភាពបន្ថែមនៅក្នុងក្រុម CFU Gaming ដែលជាក្រុមរបស់គេកំពុងតែលេងឱ្យនាពេលបច្ចុប្បន្ន។


 
ចូលក្រុម CFU ពីដំបូង កីឡាករវ័យ ១៧ឆ្នាំ មានតួនាទីជាកីឡាករលេងលើប្រភេទតួអង្គ EXP-Lane ប៉ុណ្ណោះ ប៉ុន្តែដោយគ្រូបង្វឹកមើលឃើញពីសមត្ថភាពកម្រិតនៃការលេងដ៏ល្អក្នុងប្រភេទតួអង្គ Jungler កីឡាករ Detective បានហ្វឹកហាត់រហូតអាចបង្ហាញខ្លួនលេងជាកីឡាករដៃ Jungler ល្អបំផុតមួយក្នុងប្រទេសកម្ពុជា។ Detective បានបញ្ជាក់ថាខ្លួនបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងសមត្ថភាពកាន់តែល្អ រហូតទទួលបានការទុកចិត្តពីគ្រូបង្វឹក។
 
នៅពេលបានចូលប្រកួតក្នុងពានរង្វាន់ទាំងតូច ទាំងធំដូចជា MPL KH ដែលជាលីគអាជីពជាដើម Detective ធ្លាប់ជួយនាំក្រុមឡើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាច្រើនលើក ប៉ុន្តែជារឿងសោកស្តាយក្រុម តែងបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៃការប្រកួតទាំងនោះ។ កាលដើមឆ្នាំ ២០២៤ Detective ជួយក្រុម CFU ឈ្នះពានរង្វាន់ថ្នាក់ជាតិលើវិញ្ញាសា MLBB។
 
យ៉ាងណា ក្តីស្រម៉ៃឈ្នះពាន MPL KH មិនទាន់ធ្វើបានសម្រេច ក៏ដូចជាការទៅបង្ហាញមុខលើឆាកអន្តរជាតិ Detective បកស្រាយថាខ្លួនមិនទាន់មានរឿងដែលរីករាយខ្លាំងនៅឡើយក្នុងអាជីពរបស់ខ្លួន។ កីឡាករវ័យ ១៧ឆ្នាំ អះអាងដូច្នេះ៖«ពេលវេលាដែលរីករាយបំផុតក្នុងអាជីពនេះខ្ញុំមិនទាន់មាននៅឡើយ ព្រោះមិនទាន់បានឈ្នះពានរង្វាន់តាមក្តីស្រម៉ៃ។ ហើយរឿងដែលធ្វើឱ្យក្រុមសោកស្តាយបំផុតនោះគឺការចាញ់វគ្គផ្តាច់ព្រ័ត្រ MPL KH ២លើកក្រោមថ្វីដៃក្រុម Flash KH កាលពីរដូវកាលទី៤ និង See You Soon រដូវកាលទី៥។»។


 
ក្រៅពីការប្រកួត និងរឿងរ៉ាវអនាគត
 
ជាបុគ្គលជាដែលចូលចិត្តលេងសើចបង្កើតភាពសប្បាយក្នុងក្រុម ធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពរីករាយ Detective ក៏ជាយុវជនម្នាក់ដែលមានការតាំងចិត្តខ្ពស់ទោះមានវ័យនៅក្មេងក៏ដោយ។ ទំនេរពីការហ្វឹកហាត់ ច័ន្ទដាវណ្ណ តែងតែប្រើពេលវេលានោះ ទៅដើរលេងជាមួយនឹងមិត្តស្រីលំហែរកាយ ក៏ដូចជាការញាំអាហារច្រើនតាមចំណូលចិត្តរបស់គេ។ 
 
«ពេលទំនេរខ្ញុំចូលចិត្តញាំអាហារ ហើយរបស់ដែលខ្ញុំចូលចិត្តបំផុតនោះគឺជាប្រភេទសាច់ដុំបំពង។ ក្រៅពីនេះខ្ញុំទៅដើរលេងជាមួយនឹងមិត្តស្រីរបស់ខ្ញុំ ពេលដែលចប់រដូវកាល ឬក៏ការហ្វឹកហាត់ជាដើម។»។ បើតាមសម្តីរបស់ Detective។
 
មានវ័យទើបតែ ១៧ឆ្នាំ Detective ថាខ្លួនមិនទាន់សម្រេចចិត្តលើអនាគតបន្ទាប់ពីបញ្ចប់ការលេងកីឡា E-Sports នៅឡើយ ដ្បិតខ្លួនចង់សម្រេចក្តីស្រម៉ៃជួយក្រុមឈ្នះពាន និងបង្ហាញមុខតំណាងប្រទេសកម្ពុជាលើអន្តរជាតិជាមុនសិន។ ទោះមិនទាន់គិតខ្លាំងលើរឿងអនាគតខ្លាំង តែទៅលើការចាយវាយប្រចាំថ្ងៃវិញ Detective ថាខ្លួនចាយវាយប្រាក់បានពីការប្រកួតនានា និងប្រាក់ខែរបស់ក្រុម ហើយភាគច្រើនប្រាក់មួយចំណែករូបគេបានសន្សំទុក ដោយមិនចំណាយលើឧបករណ៍ថ្លៃៗឡើយ ព្រោះដើម្បីរក្សាទុកនៅពេលអនាគតក្រោយគេឈប់ពី E-Sports។


 
វិលចូលក្នុងវិស័យ E-Sports វិញ នៅពេលត្រូវបានសួរនាំពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ ថាតើរូបគេចង់ទៅលេងនៅក្រុមក្រៅប្រទេសដែរឬទេ? ប្រសិនបើមានក្រុមត្រូវការគេ។ ដោយគិតបន្តិច Detective បានប្រាប់ចម្លើយដ៏ទាក់ទាញមួយថា ៖«ខ្ញុំចង់ទៅលេងនៅក្រុមមកពីប្រទេសចិន, កូរ៉េខាងត្បូង និងហ្វីលីពីន។ ដោយហេតុថាប្រទេសចិន និងកូរ៉េខាងត្បូង ជាប្រទេសដែលខ្លាំងនៅលើការប្រកួតប្រជែង E-Sports ហើយហ្វីលីពីនក៏ជាប្រទេសដ៏ខ្លាំងមួយក្នុងការប្រកួត MLBB។»។

E-Sports ធ្វើឱ្យ Detective ក្លាយជាមនុស្សរឹងមាំ និងស្គាល់មនុស្សថ្មីច្រើន
 
ចាប់ផ្តើមពីយុវជនម្នាក់ដែលចូលចិត្តលេងហ្គេមលើវិញ្ញាសា MLBB ត្រឹមតែជាអ្នកលេងធម្មតា មិនធ្លាប់គិតថានឹងអាចក្លាយជាកីឡាករអាជីពដូចសព្វថ្ងៃ Detective បន្តថាកីឡាអេឡិចត្រូនិកបានកែរប្រែរូបគេខ្លាំងមែនទៅក្នុងសង្គម។ 
 
ត្រង់ចំណុចនេះ ញ៉ែម ច័ន្ទដាវណ្ណ ឬ Detective បានបកស្រាយមួយៗដូច្នេះថា៖«កីឡាអេឡចត្រូនិកពិតជាបានផ្លាស់ប្តូរខ្ញុំខ្លាំងមែនទែន។ វាបានជួយត្រួសត្រាយផ្លូវសម្រាប់ខ្ញុំឱ្យចេះរឹងមាំដោយខ្លួនឯង, ធ្វើអ្វីជាខ្លួនឯង, និងឯករាជ្យភាពលើខ្លួនឯង។ មិនតែប៉ុណ្ណោះវាបានធ្វើឱ្យខ្ញុំស្គាល់មនុស្សថ្មីៗជាច្រើន ដូចជាមិត្តរួមក្រុមគ្រូបង្វឹកដែលមានអាយុលើសខ្ញុំ ហើយពួកគេតែងបង្រៀនខ្ញុំឱ្យធ្វើជាមនុស្សល្អ កីឡាករល្អម្នាក់ក្នុងសង្គម។»។
 
ក្រៅពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន បទពិសោធន៍ក្នុងវិថី E-Sports កីឡាករវ័យ ១៧ឆ្នាំ ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាកីឡាករកីឡាអេឡិចត្រូនិកអាជីព ឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ទាំងផ្ទាល់ខ្លួន ក៏ដូចជាមួយក្រុមដែលមាន។ មិនតែប៉ុណ្ណោះរូបគេក៏បានដាស់តឿនយុវជនដែលចង់ក្លាយជាកីឡាករអាជីពឱ្យចេះរៀនគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង បុគ្គលិកលក្ខណៈ និងអាកប្បកិរិយាល្អទាំងក្នុងក្រុម និងនៅក្រៅក្រុមផងដែរ៕



Tag:
 កីឡាអេឡិចត្រូនិក
  Detective
© រក្សាសិទ្ធិដោយ thmeythmey.com