RFI
អន្តរជាតិ
ចិនបង្ហោះយាន Chang'e 6 ទៅព្រះចន្ទ ដើម្បីស្រង់យកដីនិងថ្មមកសិក្សាស្រាវជ្រាវ
05, May 2024 , 8:59 pm        
រូបភាព
យានអវកាស Chang Zheng 5 កំពុងហោះឡើងនាំយកយាន Chang
យានអវកាស Chang Zheng 5 កំពុងហោះឡើងនាំយកយាន Chang'e-6 ទៅកាន់ព្រះចន្ទ។ ស្ថានីយ៍អវកាស Wenchang កោះហៃណាន ថ្ងៃទី ៣ ឧសភា ២០២៤ AP - Guo Cheng
ដោយ៖ ម៉ម ពិសី/ /RFI ខេមរភាសា
 
វិស័យអវកាសចិន កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំង ជាមួយនឹងបេសកកម្មដ៏ក្លាហាន និងមុនដំបូងគេ។ កាលពីថ្ងៃសុក្រ ទី៣ឧសភា ចិនបានបង្ហោះយានឆាងអឺ៦ ( Chang’e 6 ) ឆ្ពោះទៅកាន់ព្រះចន្ទ នៅត្រង់ផ្នែកដែលបែរខ្នងមកភពផែនដី ដែលនេះគឺជាលើកទី១ហើយ។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា បេសកកម្មនេះគឺដើម្បីស្រង់យកសំណាកដី ថ្ម និងរ៉ែ ដែលស្ថិតនៅតំបន់នោះ យកមកសិក្សាស្រាវជ្រាវលំអិត អំពីសមាសធាតុ ព្រមទាំងប្រវត្តិនៃការកកើតរបស់ព្រះចន្ទ។
 
យានChang’e -6 បានហោះចេញពីស្ថានីយ៍អវកាសចិន Wenchang ស្ថិតនៅលើកោះហៃណាន នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃសុក្រទី៣ឧសភា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បានផ្សាយថា នេះគឺជាបេសកកម្មលើកដំបូង និងឈានមុខគេបង្អស់ហើយ ដែលយានអវកាសនឹងទៅទំលាក់ឧបករស្ទង់នៅត្រង់តំបន់មួយចំហៀងទៀតនៃព្រះចន្ទ ដែលមនុស្សមើលមិនដែលឃើញទេពីផែនដី ព្រោះផ្នែកនេះបែរខ្នងមករកភពផែនដីជានិច្ច។
 
លោក Wang Qiong អនុប្រធាននៃបេសកកម្មChang’e 6 បានឲ្យដឹងថា បេសកកម្មនេះ គឺមានកម្មវត្ថុ ទៅប្រមូលយកដី ថ្ម និងរ៉ែ ចំនួនប្រមាណ២គីឡូក្រាម ពីតំបន់ដែលយាននេះចុះចត ដែលគេហៅឈ្មោះថា តំបន់ខាងត្បូង Aitken។ មានរយៈពេលសរុប ចំនួន៥៣ថ្ងៃ បេសកកម្មនេះ គឺជាបេសកកម្មដ៏លំបាក និងច្រើនដំណាក់កាលណាស់ទំរាំតែយានអវកាស អាចហោះត្រលប់មកដល់ស្ថានីយ៍អវកាស Wenchang វិញ។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ចិនធ្លាប់បានបង្ហោះយានទៅចុះចតនៅតំបន់ ដែលបែរខ្នងជាប្រចាំមករកភពផែនដីម្តងរួចហើយ តែកាលនោះ មិនបានបញ្ជូនយកមកផែនដី នូវដីឬថ្មីពីព្រះចន្ទទេ។ លោក Ge Ping អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវព្រះចន្ទនិងវិស្វកម្មអវកាសចិន បានលើកឡើងថា នេះគឺជាលើកទីមួយហើយ ដែលដីថ្មនិងរ៉ែនៅតំបន់មួយចំហៀងទៀតនៃព្រះចន្ទ នឹងត្រូវគេប្រមូលស្រង់យកមកធ្វើការសិក្សាស្រាវជ្រាវលំអិត។ លោកបានបន្ថែមថា ការស្រាវជ្រាវអំពីសមាសធាតុនៃព្រះចន្ទនៅត្រង់តំបន់នេះ គឺអាចឲ្យគេដឹងកាន់ច្រើនអំពីប្រវត្តិកកើតរបស់ព្រះចន្ទ និងអាចវិលត្រលប់ទៅកាន់អាយុកាលភូមិវិទ្យា ដល់ទៅ៤ពាន់លានឆ្នាំមុន។
 
គួរកត់សំគាល់ថា វិស័យអវកាសចិន កំពុងតែបោះពួយទៅមុខយ៉ាងខ្លាំង ជាមួយនឹងជោគជ័យជាបន្តបន្ទាប់ ដើម្បីសម្រេចកម្មវត្ថុ ដែលលោក ស៊ី ជីនពីង បានហៅថាជា "សុបិនអវកាស" របស់ចិន។ ចិនជាប្រទេស១ក្នុងចំណោម៣ ដែលអាចបញ្ជូនមនុស្សទៅកាន់អវកាស ដោយមធ្យោបាយផ្ទាល់ខ្លួន។ ក្រៅពីស្រាវជ្រាវនៅព្រះចន្ទ ចិនបានបញ្ជូនយានរ៉ូបូ ទៅកាន់ភពព្រះអង្គារផងដែឬ។ ហើយកាលពីសប្តាហ៍កន្លងទៅ ចិនបានបញ្ជូនក្រុមអវកាសរបស់ខ្លួន ទៅកាន់ខ្សែអកប៊ីដផែនដី ដើម្បីចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅលើលំហអាកាស ដែលមានឈ្មោះថា Tiangong។
 
ការបោះជំហានជឿនលឿនរបស់ចិន ក្នុងវិស័យអវកាសនេះ បានធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំង។ កាលពី ខែមេសាថ្មីៗនេះ លោក Bill Nelson អគ្គនាយកទីភ្នាក់ងារអវកាសអាមេរិក Nasa បានលើកឡើងថា ចាប់ពីពេលនេះទៅសហរដ្ឋអាមេរិកត្រូវតែប្រកួតប្រណាំងជាមួយចិនហើយ។ លោកម្នាក់នេះ បានអះអាងទៀតថា កម្មវិធីស្រាវជ្រាវអវកាសរបស់ចិន គឺធាតុពិតមានលាក់បំពួនដោយផែនការកងទ័ព មិនមែនជាកម្មវិធីស្រាវជ្រាវលក្ខណៈស៊ីវីលទេ។
 
សូមបញ្ជាក់ថា តាមការគ្រោងទុក ចិនមានគម្រោងបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ នៅរវាងឆ្នាំ២០៣០។ បេសកកម្ម Chang’e 6 នៅពេលនេះ គឺជាតំណាក់កាល១ក្នុងចំណោម៣។ នៅក្នុងពេលឆាប់ៗខាងមុខ យាន Chang’e 7 នឹងហោះទៅប៉ូលខាងត្បូងព្រះចន្ទ ដើម្បីស្រាវជ្រាវរកទឹកនៅទីនោះ ហើយបន្ទាប់មកទៀត យាន  Chang’e 8 នឹងទៅសិក្សាអំពីលទ្ធភាពបច្ចេកទេស ដើម្បីសាងសង់ទីតាំងមូលដ្ឋានមួយនៅលើព្រះចន្ទ៕

© រក្សាសិទ្ធិដោយ thmeythmey.com