RFI
អន្តរជាតិ
ប៉ាគីស្ថានឆ្លងកាត់ខែមេសា ជាមួយនឹងទឹកភ្លៀងច្រើនបំផុតមិនធ្លាប់មាន គិតពីឆ្នាំ១៩៦១
06, May 2024 , 8:39 am        
រូបភាព
ប្រជាជនប៉ាគីស្ថានឈរមើលទឹកជំនន់គួចត្របាញ់ ដែលកំពុងហូរបំបាក់ស្ពាននៅតំបន់ Chaman ថ្ងៃទី​១៨មេសា​២០២៤។ AFP - ABDUL BASIT
ប្រជាជនប៉ាគីស្ថានឈរមើលទឹកជំនន់គួចត្របាញ់ ដែលកំពុងហូរបំបាក់ស្ពាននៅតំបន់ Chaman ថ្ងៃទី​១៨មេសា​២០២៤។ AFP - ABDUL BASIT
ដោយ៖ ម៉ម ពិសី/RFI ខេមរភាសា
 
ប៉ាគីស្ថាន – ស្របពេលដែលប្រទេសសឹងតែទាំងអស់ នៅតំបន់អាស៊ីបានឆ្លងកាត់ រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថានឯនោះ គឺទឹកភ្លៀងបានធ្លាក់យ៉ាងច្រើនសន្ធឹកមិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ១៩៦១មក។ ជំនន់ទឹកភ្លៀង ព្រម ទាំងការបាក់ដីផង បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១៤៤នាក់ ក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថាន។ ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយកត្តា បម្រែបម្រួលអាកាសធាតុ។
 
ខែមេសាកន្លងទៅ គឺជាខែដែលមានភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រ ប៉ាគីស្ថាន បើគិតចាប់ពីឆ្នាំ១៩៦១មក។ យោងតាមអាជ្ញាធរឧតុនិយមប៉ាគីស្ថាន ក្នុងខែមេ សា ទឹកភ្លៀងបានធ្លាក់ក្នុងកម្រិត ៥៩,៣មីលីម៉ែត្រ ខណៈដែលជាមធ្យមតាមធម្មតា គឺមាន ត្រឹមតែ ២២,៥មីលីម៉ែត្រ។ ខេត្តបាលីជីស្ថាន ជាប់ព្រំដែនអ៊ីរ៉ង់ជាទីដែលទឹកភ្លៀងបាន ធ្លាក់ ច្រើនជាងគេ លើសកម្រិតធម្មតាដល់ទៅ ៤,៥ដង។
 
ជំនន់ទឹកភ្លៀងក្នុងខែមេសា បានសម្លាប់ជីវិតប្រជាជនប៉ាគីស្ថានចំនួន១៤៤នាក់។ ខេត្ត ដែលមានមនុស្សស្លាប់ច្រើនបំផុត គឺខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យ ដែលមានមនុស្សស្លាប់ ៨៤នាក់ ក្នុងនោះ៣៨នាក់ជាកុមារ។ អាជ្ញាធរប៉ាគីស្ថានកំពុងព្រួយបារម្ភជាខ្លាំង ខណៈរដូវភ្លៀងមូសុងមែនទែននៅមិនទាន់ដល់នៅឡើយនោះទេ តែភ្លៀងធ្លាក់ជន់ជោរម្លឹងទៅហើយ។ តាមធម្មតា រដូវភ្លៀងមូសុង គឺត្រូវបន្តរហូតដល់ ខែកញ្ញាទើបផុត។
 
លោក Zaheer Ahmad Babar អ្នកនាំពាក្យអាជ្ញាធរឧតុនិយមប៉ាគីស្ថាន បានអះអាងថា កត្តាបម្រែបម្រួលអាកាសធាតុ គឺជាមូលហេតុនៅពីក្រោយបញ្ហានេះ។ ស្របពេលដែលប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី មិនថាឥណ្ឌា ភូមា ថៃ វៀតណាម ហ្វីលីពីន ដែលឆ្លងកាត់ខែមេសាដ៏ក្តៅហួតហែង សីតុណ្ហភាពនៅប៉ាគីស្ថានបែរជាធ្លាក់ចុះត្រជាក់ ត្រឹម២៣,៦៧°c ជាមធ្យម ខណៈតាមធម្មតាគឺមាន ២៤,៥៤°c។
 
គួរកត់សំគាល់ថា ថ្នាក់ដឹកនាំប៉ាគីស្ថាន តែងតែបរិហារថា ប្រជាជនប៉ាគីស្ថានទាំង២៤០លាននាក់ បានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មិនដល់១%ផងទេទូទាំង។ តែផ្ទុយទៅវិញ ប៉ាគីស្ថាន គឺជាអ្នករងគ្រោះ ដោយសារតែកត្តាឧតុនិយម ដែលកាន់ តែកាចសាហាវ ធ្ងន់ធ្ងរខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនថាទឹកជំនន់ និងសីតុណ្ហភាពក្តៅហួតហែង។
 
គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសក្រីក្រ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែកត្តាបម្រែ បម្រួលអាកាសធាតុ និងដោយសារតែកត្តាភូមិសាស្ត្រ។ អ្នកជំនាញបានលើកឡើងថា ប៉ាគីស្ថានរងគ្រោះខ្លាំង គឺមួយផ្នែកដោយសារតែ គ្មានហេដ្ឋរចនាសម្ព័ន្ធរឹងមាំ ដើម្បីទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងបញ្ហាគ្មានអភិបាលកិច្ចត្រឹមត្រូវពីអាជ្ញាធររដ្ឋ។ គ្រោះ មហន្តរាយធម្មជាតិ មិនត្រឹមតែបានផ្តាច់ជីវិតមនុស្ស បំផ្លាញស្ពានថ្នល់ និងផ្ទះសម្បែង ប្រជាជនប៉ុណ្ណោះទេ តែវាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ដល់ភោគផលដំណាំរបស់កសិករ ប៉ាគីស្ថាន ដែលក្រីក្រខ្លាំងណាស់ទៅហើយ។ ទន្ទឹមពេលដែលខែមេសាឆ្នាំនេះ មានភ្លៀង ធ្លាក់ខ្លាំងបំផុត តែបច្ចុប្បន្នប៉ាគីស្ថានខ្វះទឹកប្រើប្រាស់ ប្រមាណជា៣០% បើប្រៀបធៀបទៅ នឹងតម្រូវការ ខណៈរដូវសាបព្រោះដំណាំស្រូវនិងកប្បាស់ ត្រូវចាប់ផ្តើម។
 
សូមរំលឹកថា កាលពីឆ្នាំ២០២២ ប៉ាគីស្ថានបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវទឹកជន់លិច១ភាគ៣ប្រទេស មនុស្សស្លាប់ប្រមាណ១៧០០នាក់ និងប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជន៣៣លាននាក់។ ជិត២ឆ្នាំកន្លងមកនេះ អង្គការសហ ប្រជាជាតិលើកឡើងថា យ៉ាងហោចណាស់កុមារប៉ាគីស្ថាន១០លាននាក់ ដែលស្ថិតនៅ តំបន់រងគ្រោះ នៅតែបន្តរស់រំពឹងលើជំនួយស្បៀងអាហារមនុស្សធម៌។ អង្គការUnicef បានទាញសញ្ញាអាសន្នថា គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត គឺជាកត្តា ប្រឈមយ៉ាងខ្លាំង ប៉ះពាល់ទៅលើការលូតលាស់ធំធាត់ ទាំងរូបរាងកាយនិងសតិស្មារតី របស់កុមារប៉ាគីស្ថាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com