RFI
អន្តរជាតិ
កាសែតឡឺម៉ុង៖ ក្រុមប្រដាប់អាវុធប្លន់ធនាគារនៅតំបន់ហ្កាហ្សាយកលុយសុទ្ធជាង ៦៦ លានអឺរ៉ូ
05, May 2024 , 5:59 pm        
រូបភាព
មនុស្សជាច្រើនឈររង់ចាំដកប្រាក់ពីធនាគារប៉ាឡេស្ទីន កាលពីចុងខែធ្នូ ២០២៣។ © AP
មនុស្សជាច្រើនឈររង់ចាំដកប្រាក់ពីធនាគារប៉ាឡេស្ទីន កាលពីចុងខែធ្នូ ២០២៣។ © AP
ដោយ៖ ហេង ឧត្តម/ RFI ខេមរភាសា
 
ក្រុមប្រដាប់អាវុធហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និងបំផ្ទុះម៉ាស៊ីនដកប្រាក់ ព្រមទាំងគាស់ទូម៉ាស៊ីនATM ជាច្រើនកន្លែង នៅទីប្រជុំជនក្រុងហ្កាហ្សា។ គ្រាន់តែក្នុងខែមេសា ពួកគេនោះអាចប្រមូលលុយសរុបជាទឹកប្រាក់ ប្រមាណ ៦៦ លានអឺរ៉ូ។ នេះបើតាមប្រភពពីកាសែតបារាំងឡឺម៉ុង និងដែលត្រូវទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ យកទៅផ្សាយព្រោងព្រាត។ តាមប្រភពដដែល, នៅតំបន់ហ្កាហ្សា កងទ័ពខាងអ៊ីស្រាអែលក៏បានរឹបអូសថវិកាពីធនាគារខ្លះដែរ ក្នុងបំណងមិនចង់ឲ្យលុយធ្លាក់ទៅដៃពួកហាម៉ាស។ 
 
អំលុងពាក់កណ្តាលខែមេសា នៅហ្កាហ្សា បណ្តាបុគ្គលិកធនាគារប៉ាឡេស្ទីនបានសម្គាល់ឃើញនៅព្រឹកថ្ងៃទី១៦មេសា ថាមានប្រហោងនៅបន្ទប់សម្ងាត់ កន្លែងសម្រាប់តម្កល់ប្រាក់របស់ធានាគារ ហើយនិងបាត់លុយអស់ប្រមាណ ២,៨ លានអឺរ៉ូ។
 
ស្អែកឡើង ថ្ងៃទី១៧ មេសា មានក្រុមប្រដាប់អាវុធបិទមុខ ទទូលក្បាល មកធនាគារធនាគារប៉ាឡេស្ទីនទៀត និងបានគំរាមសម្លាប់បុគ្គលិក ប្រសិនបើមន្ត្រីធនាគារមិនព្រមបើកសោទូសម្ងាត់ឲ្យពួកគេទេ។ កាលណោះ ពួកប្រដាប់អាវុធបានសម្រេចបើកយកលុយក្នុងទូតម្កល់ប្រាក់ ចំនួន៣។ សរុបជាទឹកលុយសុទ្ធ អស់ប្រមាណជា ២៩ លានអឺរ៉ុប។
 
មួយថ្ងៃបន្ទាប់ នៅសាខាធនាគារធនាគារប៉ាឡេស្ទីន នៅកណ្តាលក្រុងហ្កាហ្សា ក៏ជួបហេតុការណ៍ដូចគ្នានេះដែរ បង្កឡើងពីស្នាដៃពួកប្រដាប់អាវុធ ដែលអះអាងថា ខ្លួនជាអាជ្ញាធរកំពូលនៅហ្កាហ្សា ពោលគឺជារហស្សនាមរបស់ ពួកហាម៉ាស។ នៅថ្ងៃនោះ ពួកគេបានប្រើអាវុធបាញ់រះ តែមិនធ្វើឲ្យមានអ្នករបួសទេ វៀរលែងតែមនុស្សម្នាក់ ដែលដួលត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រោះតែជំងឺបេះដូង។ ធនាគារប៉ាឡេស្ទីន បាត់ប្រាក់ ៣៣,៦ លានអឺរ៉ូ ថែមទៀត។ មិនតែប៉ុណ្ណោះ ទូម៉ាស៊ីនដកប្រាក់ ត្រូវគេបំផ្ទុះ និងលួចយកប្រាក់ជាហូរហែ។
 
ហេតុការណ៍ទាំងអស់នេះ ធ្វើឲ្យបុគ្គលិករបស់ធនាគារប៉ាឡេស្ទីន ភ័យតក្កមា។ នៅថ្ងៃទី២០ មេសា ធនាគារប៉ាឡេស្ទីន ធ្វើរបាយការណ៍បូកសរុបមួយ ស្តីពីសកម្មភាពគាស់ទូប្រាក់និងប្លន់ប្រដាប់អាវុធនេះ ដើម្បីផ្ញើទៅដៃគូសហការចូលហ៊ុនរកស៊ីជាមួយគ្នា ឲ្យបានជ្រាបជាដំណឹង។ ធនាគារវាយតម្លៃប៉ាន់ប្រមាណថា បាត់សរុបជាង ៦៦លានអឺរ៉ូ។ សុទ្ធសឹងជាក្រដាកប្រាក់សុទ្ធ ជារូបិយប័ណ្ណអ៊ីស្រាអែល ស៊េគែល។
 
ទិន្នានុប្បវត្តិប្រចាំថ្ងៃបារាំង ឡឺម៉ុង បានទទួលដំណឹងទាំងអស់នេះពីប្រភពមន្ត្រីធនាគារដែលសុំមិនបញ្ចេញឈ្មោះ។ កាសែតបារាំងបានទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកទទួលត្រូវធនាគារប៉ាឡេស្ទីន តែគ្មានលទ្ធផល។
 
តាមប្រភពដដែល, នៅតំបន់ហ្កាហ្សា កងទ័ពអ៊ីស្រាអែលក៏បានរឹបអូសលុយពីធនាគារមួយចំនួន ក្នុងបំណងមិនចង់ឲ្យលុយធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចលនាហាម៉ាស។ កាសែតឡឺម៉ុងក៏បានសាកសួរអាជ្ញាធរអ៊ីស្រាអែលជុំវិញរឿងនេះ ប៉ុន្តែ គ្មានការបកស្រាយអ្វីទាំងអស់។
 
គ្រានេះ តំបន់ហ្កាហ្សា ធនាគារស្ទើរតែទាំងស្រុងបានបង្ខំចិត្តបិទសេវាកម្មរបស់ខ្លួន។ នៅសល់តែទូបញ្ជរធនាគារ ២ប៉ុណ្ណោះ ដែលនៅបន្តបើកឲ្យដកប្រាក់ នៅ រ៉ាហ្វាហ៍ និង តំបន់ឌែរ អាល់-បាឡាស់ គឺប៉ែកខាងត្បូងតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ គេត្រូវឈរចាំរាប់ម៉ោង ព្រោះមនុស្សរាប់សិបនាក់ ត្រូវការដកសាច់ប្រាក់។ មិនតែប៉ុណ្ណោះ គេត្រូវបង់កម្រៃជើងសាឲ្យពួកប្រដាប់អាវុធយាមទូម៉ាស៊ីនដកប្រាក់នោះទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com