ជាតិ
ឧតុនិយម៖ ពីថ្ងៃចន្ទដល់ថ្ងៃពុធ កម្តៅអតិបរិមា ត្រឹមពី៣៥ទៅ៣៧អង្សាសេ
06, May 2024 , 8:54 am        
រូបភាព
កម្តៅអតិបរិមា មិនឡើងដល់៤០អង្សានោះឡើយចន្លោះពីថ្ងៃទី៦ ដល់ទី៨ ខែឧសភា។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។


ស្ថានភាពសម្ពាធទាបដែលគ្របដណ្ដប់មកលើកម្ពុជា ធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពពី២៥ទៅ៣៦អង្សាសេ ហើយខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។

នៅតំបន់ខ្ពង់រាប សីតុណ្ហភាពស្ថិតនៅចន្លោះពី២៤ទៅ៣៧អង្សាសេ ហើយខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។

នៅតំបន់មាត់សមុទ្រវិញ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី ហើយកម្តៅមានចន្លោះពី២៤ទៅ៣៥អង្សាសេ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រីឯរលកសមុទ្រមានកម្ពស់០,៥០ទៅ ១,៥០ម៉ែត្រ៕

© រក្សាសិទ្ធិដោយ thmeythmey.com