កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen បន្តមិនចាញ់ ៤៨ប្រកួត ទោះគ្មានវត្តមានលោក Alonso ដឹកនាំផ្ទាល់
06, May 2024 , 11:09 am        
រូបភាព
ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen បន្តកំណត់ត្រាមិនចាញ់របស់ខ្លួន លើកទី៤៨ប្រកួត បន្ទាប់ពីឈ្នះ Eintracht Frankfurt លទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ Bundesliga សប្តាហ៍ទី៣២ នៅថ្ងៃទី៥ ខែឧសភា។


លោក  Xabi Alonso បានត្រឹមអង្គុយមើលកូនក្រុមប្រកួតពីកន្លែងអង្គុយរបស់ភ្ញៀវកិត្តិយស ដោយសារមិនអាចចូលបញ្ជារកូនក្រុមប្រកួតដោយផ្ទាល់ បន្ទាប់ពីលោកបានជាប់បម្រាមកាតលឿងចំនួន ២ កាលពីសប្តាហ៍មុន។ ទោះគ្មានសកម្មភាពដឹងនាំផ្ទាល់ពីអ្នកចាត់ការវ័យ ៤២ឆ្នាំ ក៏ក្លិប Leverkusen គ្មានភាពប្រែប្រួលចំពោះទម្រង់លេងដ៏ខ្លាំងរបស់ពួកគេក្នុងរដូវកាលនេះ។
 
កូនក្រុមដណ្តើមបានជ័យជម្នះ ទោះគ្មានវត្តមានគ្រូធំបញ្ជារផ្ទាល់ នៅក្នុងសន្និសីទកាសែត លោក Alonso សរសើរពីកម្រិតនៃការលេងដ៏ពូកែរបស់កូនក្រុម។
 
អ្នកចាត់ការវ័យ ៤២ឆ្នាំ បាននិយាយដូច្នេះ៖«កម្រិតរបស់យើង ភាពស្ថិតស្ថេររបស់យើងនៅក្នុងរដូវកាលនេះគឺពិតជាអស្ចារ្យ ប៉ុន្តែយើងត្រូវតែសម្លឹងមើលទៅមុខជានិច្ច។ យើងត្រូវតែតាំងចិត្តទៅលើការងារ និងការពង្រឹងបង្ហាញសមត្ថភាព។»។ 
 
ជ័យជម្នះធ្វើឱ្យក្រុម Leverkusen បន្តស្ថិតនៅលើកំពូលតារាង ដោយមាន ៨៤ពិន្ទុពេញក្នុងដៃ ទោះបីឈ្នះពានរួចមកហើយក៏ដោយ។ ចំណែកក្រុម Frankfurt វិញបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ជាមួយពិន្ទុចំនួន ៤៥ពិន្ទុក្នុងដៃ។​ 
 
កំណត់ត្រា ៤៨ប្រកួត មិនចាញ់រាល់គ្រប់ការប្រកួតក្នុងពានរង្វាន់នានា របស់ Leverkusen ធ្វើឱ្យពួកគេតាមស្មើកំណត់ត្រា ដែលកាន់កាប់រយៈពេល ៥៩ឆ្នាំ ដោយក្រុម SL Benfica ​ក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប ដែលប្រកួត​ ៤៨លើក មិនចាញ់ ចាប់តាំងពីពានរង្វាន់សម្រាប់ក្លិបប្រកួតប្រជែងរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បង្កើតឡើងដំបូង ពីឆ្នាំ ១៩៦៣-៦៥។
 
ក្រុមដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលមិនទាន់ស្គាល់ពាក្យចាញ់ការប្រកួតនៅឡើយនោះ បច្ចុប្បន្នពួកគេនៅសល់ការប្រកួតក្របខណ្ឌលីគ Bundesliga ចំនួន​ ២ប្រកួត ក្នុងដៃ ខណៈពានរង្វាន់ក្នុងស្រុកបន្ថែមមួយទៀតត្រូវប្រជែងគឺ German Cup។ 
 
ក្រៅពីនេះពានរង្វាន់ទី៣ Europa League ក៏ក្រុម Leverkusen ក៏កំពុងបន្តប្រជែងដោយត្រូវតទល់នឹងក្រុម AS Roma ដែលជំនួបជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជំនួបជើងទីពីរ នឹងត្រូវធ្វើឡើងក្នុងទឹកដីប្រទេសអាល្លឺម៉ង់ដោយផ្ទាល់ ក្រោយពេលការប្រកួតជើងទីមួយ Leverkusen បានយកឈ្នះលទ្ធផល ២-០ លើ AS Roma រួចមកកាលពីសប្តាហ៍មុន។
 
២ប្រកួតចុងក្រោយក្នុងលីគកំពូលអាល្លឺម៉ង់ Leverkusen នឹងត្រូវប្រកួតប្រជែងទល់នឹងក្រុម VfL Bochum និងក្រុម Augsburg មុនពេលត្រូវប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Cup នៅថ្ងៃទី២៥ ខែឧសភា៕

Tag:
 Xabi Alonso
  Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com