កីឡាអន្តរជាតិ
អន្តរជាតិ
Ipswich ឡើងទៅលីគកំពូល, Leeds Southampton West Brom និង Norwich ត្រូវ playoff
06, May 2024 , 1:59 pm        
រូបភាព
Ipswich Town ជាក្រុមទី២បន្ទាប់ពីម្ចាស់ជើងឯក Leicester City ដែលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយ។ Ipswich រង់ចាំ២២ឆ្នាំ សម្រាប់ការបង្ហាញខ្លួនជាថ្មីនៅលីគកំពូលអង់គ្លេស។ Leeds United, Southampton, West Bromwich Albion និង Norwich City ត្រូវប្រកួតជម្រុះ playoff ដើម្បីយកមួយកៅអីទៅលីគកំពូល។


Ipswich ដណ្តើមបានចំណាត់ថ្នាក់ទី២ ក្នុងក្របខណ្ឌ Championship តាមរយៈការយកឈ្នះ Huddersfield Town ២-០ ក្នុងការប្រកួតបិទរដូវកាល ២០២៣-២៤ នៅថ្ងៃទី៤ ខែឧសភា។ Leeds ដែលចាញ់ Southampton ២-១ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
តាមច្បាប់លីគបាល់ទាត់អង់គ្លេស ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ នៃក្របខណ្ឌលំដាប់ទី២អង់គ្លេស ទទួលបានកៅអីទៅលីគកំពូលតែម្តង ស្របពេល៤ក្រុម ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលេខ៣ ដល់លេខ៦ សល់ឱកាសប្រកួត playoff ដើម្បីប្រជែងគ្នាយក ១កៅអីបន្ថែមទៀត។
 
ក្រៅពី Ipswich ដែលឡប់ទៅលីគកំពូល ក្រោយរង់ចាំរយៈពេល២២ឆ្នាំ និង Leicester ដែលកក់កៅអីរួចស្រេច ក្រុមចំនួន៤ទៀត រួមមាន Leeds, Southampton, West Brom និង Norwich ត្រូវប្រកួតគ្នាយក១ក្រុម ឡើងទៅ Premier League រដូវកាលក្រោយ។
 
ក្នុងការប្រកួត playoff ក្រុម Leeds ត្រូវជួប Norwich ស្របពេល West Brom ប៉ះ Southampton ដោយប្រកួតប្តូរទឹកដីគ្នាម្នាក់មួយជើង។ ក្រុមឈ្នះនៅវគ្គនេះ នឹងបន្តជួបគ្នាវគ្គផ្តាច់ព្រ័ត្រប្រកួតគ្នាយក១ក្រុមទៅលីគកំពូល។
 
Birmingham City, Huddersfield Town និង Rotherham United ធ្លាក់ពី Championship ទៅលីគកម្រិតទី៣ League 1 ស្របពេល២ក្រុមពី League 1 រួមមាន Portsmouth និង Derby County ឡើងទៅ Championship វិញ។ Bolton Wanderers, Peterborough United, Oxford United និង Barnsley ត្រូវប្រកួត​ playoff ដណ្តើមគ្នាយក១ក្រុម ទៅលីគទី២អង់គ្លេស៕
Bolton Wanderers

Tag:
 Championship
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com