កីឡាអន្តរជាតិ
អន្តរជាតិ
ជាប់បម្រាមក្នុងបាល់ទាត់ Pogba នឹងលេចមុខជាតារាសម្តែងក្នុងភាពយន្តបារាំង
06, May 2024 , 3:29 pm        
រូបភាព
កីឡាករ Paul Pogba ដែលរួមចំណែកជួយបារាំងលើកពាន FIFA World Cup 2018 នឹងបង្ហាញមុខជាតួរសម្តែងនៅក្នុងខ្សែភាពយន្តរបស់បារាំង ដែលនឹងចាក់ផ្សាយនៅក្នុងខែមេសា ឆ្នាំ ២០២៥។ នេះបើតាមប្រភពដ៏ជិតស្និទ្ធិនឹង ​Pogba បានប្រាប់ទូរទស្សន៍ ESPN។


បច្ចុប្បន្ន Pogba ស្ថិតក្នុងនាមជាកីឡាករ ដែលជាប់បម្រាមរយៈពេល ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់ ក្រោយពេលរូបគេល្មើសច្បាប់កីឡា តាមរយៈការរកឃើញថាមានសារធាតុញៀន កាលពីខែកុម្ភៈ។ Pogba រួមចំណែកជួយបារាំងឈ្នះ World Cup ឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ី និយាយថារូបគេមិនបានប្រើប្រាស់សារធាតុញៀនអ្វីឡើយ និងព្យាយាមដាក់ពាក្យបណ្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការកីឡា។
 
ទោះជាយ៉ាងណា​ ពេលនេះ Pogba នឹងក្លាយជាតួរក្នុងភាពយន្តមួយដែលមានឈ្មោះថា 4 Zeros ដែលជាវគ្គថ្មី បន្តពីភាពយន្តវគ្គមុន ឈ្មោះថា 3 Zeros ដែលទទួលបានជោគជ័យក្នុងការផលិត និងបានចាក់ផ្សាយទទួលបានអ្នកទស្សនាច្រើន កាលពីឆ្នាំ ២០០២។
 
បើតាមការចុះផ្សាយរបស់កាសែតបារាំង French Outlet Le Parisien អតីតខ្សែបម្រើក្រុម Manchester United និង Juventus នឹងសម្តែងក្នុងនាមជាតួរគ្រូបង្វឹកបាល់ទាត់ក្រុមយុវជន មួយក្នុងខ្សែភាពយន្ត 4 Zeros នោះ។
 
ដោយឡែក ការប្តឹងឧទ្ធរណ៍របស់ Pogba លើការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុញៀន ត្រូវបានទទួលយកដោយតុលាការអាជ្ញាកណ្តាលកីឡា (CAS)។ ប្រសិនបើការប្តឹងឧទ្ធរណ៍របស់ Pogba ទទួលបានជោគជ័យ នោះការហាមឃាត់លើកីឡាករវ័យ ៣១ឆ្នាំ អាចនឹងត្រូវបានកាត់បន្ថយផងដែរ៕

Tag:
 Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com