កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់​​ជម្រើស​ជាតិ​ម៉ាឡេស៊ី Faisai Halim រង​ការ​ជះ​ទឹក​អាស៊ីត
06, May 2024 , 4:39 pm        
រូបភាព
Faisal Halim កីឡាករក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងក្លិប Selangor FC បានរងការវាយប្រហារដោយទឹកអាស៊ីតនៅឯផ្សារទំនើបមួយកន្លែង ក្នុងក្រុងគូឡាឡាំពួ កាលពីថ្ងៃទី៥ ខែឧសភា។


Halim រងការជះទឹកអាស៊ីត នៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងក្នុងតំបន់ Klang Valley ទីក្រុងគូឡាឡាំពួ ស្របពេលរួបគេកំពុងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Go-kart ។

តាមរយៈការចែកចាយរូបភាពលើសង្គម ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំបានអង្គុយរុំកន្សែងសើមនៅលើខ្លួនក្រោយរងការជះទឹកអាស៊ីពីជនល្មើស។
 
យោងតាមទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama មានជនមិនស្គាល់អត្តសញ្ញាណបានជះទឹកអាស៊ីតទៅលើ Faisal Halim។ មេប៉ូលិសក្រុង Selangor លោក Datuk Hussein Omar Khan អះអាងថានៅពេលនេះកម្លាំងរបស់ខ្លួនបានសហការតាមតំបន់ដើម្បីស្វែងរកជនដៃដល់។
 
ក្រោយហេតុការណ៍នេះ ក្លិប Selangor FC បានបង្ហាញក្តីបារម្ភ និងស្នើឱ្យអាជ្ញាធរស៊ើបអង្កេតឧប្បត្តិហេតុនេះ ថាកើតឡើងដោយសារមូលហេតុអ្វី។ ក្លិប Selangor FC បានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «Halim បានក្លាយជាជនរងគ្រោះ ដោយទឹកអាស៊ីត។ ក្លិប ជំរុញឱ្យគាំទ្របាល់ទាត់ទូទាំងប្រទេស ផ្តល់ការគាំទ្រខាងសីលធម៌ និងគោរពឯជនភាព Halim និងក្រុមគ្រួសាររបស់គេផង»។
 
រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី អ្នកស្រី Hannah Yeoh ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ថ្កោលទោសការវាយប្រហារនេះ និងជំរុញឱ្យប៉ូលីសចាត់វិធានការជាបន្ទាន់។
 
ការវាយប្រហារលើ Halim បានកើតឡើង ៥ថ្ងៃមុនពេលការប្រកួតលីគកំពូលម៉ាឡេស៊ី MSL ឆ្នាំ ២០២៤ ចាប់ផ្តើម នៅពេលដែល Selangor នឹងត្រូវជួបក្រុមការពារជើងឯក Johor Darul Ta'zim។
 
Halim ជាកីឡាករជម្រើសជាតិម៉ាឡេស៊ីទី២ហើយ ដែលជួបហេតុការអាក្រក់នេះ បន្ទាប់ពីខ្សែបម្រើស្លាប Akhyar Rashid របស់ក្លិប Terengganu FC បានរងរបួសក្បាល និងជើង បន្ទាប់ពីត្រូវចោរប្លន់ពីរនាក់ វាយធ្វើបាប នៅក្បែរផ្ទះ ក្នុងទីក្រុង Kuala Terengganu។ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បន្ទាប់​ពី​បាន​យក​ប្រាក់​របស់ Rashid ហើយសមត្ថកិច្ចរកមិនឃើញជនដៃដល់ឡើយ៕

Tag:
 Faisai Halim
© រក្សាសិទ្ធិដោយ thmeythmey.com