កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! ក្លិប Arnetero ដាក់គ្រូបង្វឹកអ្នក​ចាំទីជំនួស​ ដោយសារអ្នកចាំទីរបួសទាំងអស់
06, May 2024 , 9:29 pm        
រូបភាព
ប្រវត្តិសាស្ត្រកើតឡើងលើកដំបូងនៃពិភពបាល់ទាត់ នៅក្នុងលីគលំដាប់ទី៣ នៅក្នុងប្រទេសអេស្ប៉ាញ ដោយក្រុម CD Arnetero បានផ្លាស់ប្តូរគ្រូបង្វឹកចាំទី ឱ្យចូលលេង បន្ទាប់ពីអ្នកចាំទីប្រចាំក្លិបទាំងអស់រងរបួស។ លទ្ធផលក្នុងការប្រកួតរបស់ក្លិប Arenteiro បានតាមស្មើ Deportivo La Coruna  ២-២ វិញ ក្រោយការនាំមុខដល់ទៅ២គ្រាប់។


ជម្រើសទី១របួស ទី២មិនអាចលេងបាន ទី៣របួស, ឈុតយុវជន​មិនអាចប្រើបាន ទីបំផុត គ្រូចាំទី ក្លាយជាអ្នកចាំទី។ នេះជាមូលហេតុដែលក្រុម Arnetero ផ្លាស់ប្តូរគ្រូបង្វឹកចាំទីឱ្យចូលលេងជំនួស ស្របពេលអ្នកចាំទីដៃទីមួយ​ Diego Garcia ជួបបញ្ហារបួសកជើង អំឡុងពេលប្រកួត ខណៈអ្នកចាំទីដៃទីបី កីឡាករ Manu Figueroa ក៏ស្ថិតក្នុងបញ្ជីកីឡាកររបួស។ 
 
តាមពិតទៅអ្នកចាំទីដៃទីពីរ Pablo Brea អាចនឹងត្រូវចូលលេងជំនួសកីឡាករចាំទីដៃទីមួយ ប៉ុន្តែដោយសារតែកីឡាកររូបនេះជាអ្នកចាំទីដែលក្លិប Arenteiro ខ្ចីដៃពីក្លិប Deportivo ទើបធ្វើឱ្យគេមិនអាចចូលលេងទល់នឹងក្រុមដើមគេបាន ដោយយោងតាមច្បាប់របស់លីគអេស្ប៉ាញ។
 
គ្មានអ្នកជំនួសកន្លែងចាំទីក្នុងការប្រកួតសំខាន់ ខណៈក្លិបត្រូវការកីឡាករចាំទីចាំបាច់បំផុតដើម្បីជំនួសឱ្យចូលលេង ភ្លាមៗនោះក្លិប Arenteiro បានចុះឈ្មោះលោក Diego Rivas គ្រូបង្វឹកចាំទីភ្លាមៗ ចូលក្នុងបញ្ជីឈ្មោះកីឡាករក្នុងក្រុម។ 
 
បន្ទាប់ពីត្រូវបានក្លិប Deportivo នាំមុខក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Riazor លោក Diego Rivas ដែលបានផ្លាស់ប្តូរចូលលេងក្នុងនាមជាកីឡាករចាំទី បានជួយបង្ហាញផ្លូវក្រុមឱ្យមានទម្រង់លេងល្អមួយឡើងវិញ រហូតអាចស្វែងរកគ្រាប់តាមពីក្រោយរហូតអាចតាមស្មើលទ្ធផល ២-២ នៅចុងបញ្ចប់នៃការប្រកួត។ ការប្រកួតនោះទៀតសោត មុនពេលរកបានគ្រាប់តាមស្មើក្នុងនាទីបន្ថែមហៀបចំការប្រកួត លោក Rivas បានប្រែខ្លួនពីអ្នកចាំទីទៅជួយបង្កើនកម្លាំងប្រយុទ្ធចុងម៉ោង នៅក្នុងតំបន់ប្រអប់ទីរបស់ក្រុមម្ចាស់ផ្ទះ រហូតអាចជួយដល់កូនសិស្សក្នុងក្រុមរកបានគ្រាប់តាមស្មើ។ 
 
លោក Rivas ទទួលបានឈ្មោះជាកីឡាករបញ្ជូនបាល់ដល់ កូនក្រុមដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរតាមស្មើ លទ្ធផល ២-២។ 
 
លោក Diego Rivas ដំបូងឡើយជាអតីតអ្នកចាំទីលេងឱ្យក្រុម Deportivo ដែលជាក្លិបដំបូងរបស់លោក មុនបុរសសញ្ជាតិអេស្ប៉ាញ វ័យ៣៦ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីឆ្នាំមុន បន្ទាប់ពីចំណាយពេលវេលាលេងក្នុងលីគលំដាប់ទី២ និងទី៣ របស់អេស្ប៉ាញ អស់រយៈពេលជាយូរមក។ កាលពីរដូវកាលមុន លោកបានចូលរួមក្លិប Arenteiro ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទី៕

Tag:
 អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com