RFI
អន្តរជាតិ
អុីស្រាអែលផ្តើម​​ជម្លៀស​ពលរដ្ឋ​ពី​​រ៉ាហ្វា​ មុន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​ហាម៉ាស
06, May 2024 , 9:59 pm        
រូបភាព
អ៊ីស្រាអែលផ្តើម​​ជម្លៀស​ពលរដ្ឋ​ពីក្រុង​រ៉ាហ្វា​ មុន​បើក​ប្រតិបត្តិការ​យោធា​កម្ចាត់​ជង្រុកចុងក្រោយ​របស់​ហាម៉ាស AFP - MOHAMMED ABED
អ៊ីស្រាអែលផ្តើម​​ជម្លៀស​ពលរដ្ឋ​ពីក្រុង​រ៉ាហ្វា​ មុន​បើក​ប្រតិបត្តិការ​យោធា​កម្ចាត់​ជង្រុកចុងក្រោយ​របស់​ហាម៉ាស AFP - MOHAMMED ABED
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

អ៊ីស្រាអែល​បាន​ប្រកាស​ជម្លៀស​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ប្រមាណ​១សែន​នាក់ ចេញ​ពី​ភាគ​ខាង​កើត​ក្រុង​រ៉ាហ្វា នៅថ្ងៃ​ទី ៦មេសា ២០២៤​នេះ ។ ក្នុង​ក្របខ័ណ្ឌ​នៃ​សង្គ្រាម​កម្ចាត់​​ចលនា​អ៊ីស្លាមប៉ាឡេស្ទីន យោធា​អ៊ីស្រាអែល​នឹង​​បើ​កប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ និងផ្តាច់​ព្រ័ត្រ​ នៅភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ដែល​អ៊ីស្រាអែល​យល់ថា​​ជា​សម្រុក​ចុងក្រោយរបស់ហាម៉ាស​។
 
បន្ថែម​ពីលើ​ខិត្តបណ្ណ និង​សេចក្តី​ជូន​ដំណឹង​តាម​បណ្តាញ​ព័ត៌មាន​ជា​ភាសាអារ៉ាប់ ប្រជាពលរដ្ឋ​នៅ​ប៉ាឡេស្ទីន​ខ្លះ​បាន​ទទួល​សារ​សំឡេង​ក្នុង​ទូរស័ព្ទ ណែនាំ​ឱ្យ​ចាក​ចេញ​ភ្លាម​ពី​ក្រុង​រ៉ាហ្វា។ ខ្លះ​ទៀតបាន​ទទួល​សារ​សរសេរ បូក​នឹង​ផែនទី​ចង្អុល​ផ្លូវ​ត្រូវ​ទៅ​។
 
ជា​សរុប​មាន​ពលរដ្ឋ​ចំនួន​ប្រមាណ​១សែន​នាក់​ រស់​នៅភាគ​ខាង​កើត​ក្រុង​រ៉ាហ្វា ត្រូវ​ជម្លៀស​ចេញ​ជា​បណ្តោះ​អាសន្ន ទៅ​កាន់​ជំរំ​មនុស្សធម៌​អាល់​ម៉ាវ៉ាស៊ី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​យោធាអ៊ីស្រាអែល នៅ​ថ្ងៃ​ចន្ទទី​៦​មេសា ​ដោយ​បញ្ជាក់​ថា ​ជំរំ​មនុស្សធម៌ ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​១០គីឡូម៉ែត្រ​ពី​ក្រុង​រ៉ាហ្វា ​ ត្រូវ​បាន​ពង្រីក​ធំ​ មាន​មន្ទីរពេទ្យ​ មាន​តង់ មាន​ស្បៀងអាហារ​ ទឹក​ស្អាត ថ្នាំ​សង្កូវ និង​អ្វីៗផ្សេងៗ​ទៀត​ ក្នុង​បរិមាណ​ដ៏​ច្រើន។
 
អ្នកនាំពាក្យ​យោធាបាន​អះអាង​ថែម​ទៀត​​ថា ផែនការ​ជម្លៀស​ក្នុង​​​ទ្រង់ទ្រាយ​ធំ​គួរ​សម ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ការពារ​ជន​ស៊ីវិលពី​គ្រោះថ្នាក់ និងបញ្ចៀស​កុំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​ក្នុង​​​ប្រតិបត្តិការ​យោធាដ៏​ចាំបាច់ ​នៅ​រ៉ាហ្វាដែលអ៊ីស្រាអែល​យល់​ថា​​ជាសម្បុក​ចុងក្រោយ​របស់​ហាម៉ាស។
 
រ៉ាហ្វា​ក្រុង​ភាគ​ខាង​ត្បូង​បំផុត​នៃ​តំបន់​ហ្កាហ្សា ក៏​ជា​បណ្តុំ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១លាន​ពីរ​សែន​នាក់ ភាគ​ច្រើន​ជនភៀស​ខ្លួន​មក​ពី​ខាង​ជើង ឬ​ស្មើ​នឹងពាក់​កណ្តាល​នៃ​ប្រជាជនសរុប​នៅ​ហ្កាហ្សា។ អង្គការ​អន្តរជាតិ​និង​ប្រទេស​ជា​ច្រើន រាប់​ទាំងសហរដ្ឋ​អាមេរិក​ផង ប្រឆាំង​នឹង​ប្រតិបត្តិការយោធា​នៅ​រ៉ាហ្វា តែ​លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​ប្តេជ្ញា​​បើក​យុទ្ធនាការ​កម្ទេច​ចលនា​ហាម៉ាស​ដែល​ហ៊ាន​វាយឆ្មក់​លើ​​អ៊ីស្រាអែល​កាលពី​ថ្ងៃ​៧​តុលា​២០២៣ ឱ្យ​អស់​បើ​ទោះបី​ជា​ការ​ចរចាដើម្បី​សេរីភាព​ចំណាប់​ខ្មាំង​​ផ្តល់​លទ្ធផល​យ៉ាងណា​ក៏​ដោយ។ ការចរចា​វគ្គ​ថ្មី នា​ថ្ងៃសៅរ៍​និងអាទិត្យ​ម្សិលមិញ នៅទីក្រុង​គែរ ត្រូវ​ជាប់​គាំង​ជា​ថ្មី ដោយ​ភាគី​ហាម៉ាស​បន្ត​ទាមទារ​ឱ្យ​មានការ​ឈប់​បាញ់​ទាំងស្រុងតែ​ម្តង​ មុន​ចុះ​កិច្ចព្រមព្រៀង ដែលនាយករដ្ឋមន្ត្រី​​​​ នេតាន់យ៉ាហ៊ូ​បញ្ជាក់​នៅ​យប់​មិញម្តង​ទៀត​ថា​ អ៊ីស្រាអែលមិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​៕

© រក្សាសិទ្ធិដោយ thmeythmey.com