ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងរៀនសូត្រពីប្រទេសហ៊្សកហ្ស៊ី ពីការកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម
07, May 2024 , 8:39 am        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(ឆ្វេង) ថតរូបជាមួយលោកស្រី Natia Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី (ស្តាំ)នាអំឡុងបំពេញបេសកកម្មការងារនៅប្រទេសហ្ស៊កហ្ស៊ី នាថ្ងៃទី៣ឧសភា។ រូបថត៖ ធនាគារជាតិនៃកម្ពុជា​។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(ឆ្វេង) ថតរូបជាមួយលោកស្រី Natia Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី (ស្តាំ)នាអំឡុងបំពេញបេសកកម្មការងារនៅប្រទេសហ្ស៊កហ្ស៊ី នាថ្ងៃទី៣ឧសភា។ រូបថត៖ ធនាគារជាតិនៃកម្ពុជា​។
​ហ្ស៊​ក​ហ្ស៊ី (Georgia) ក្លាយជាប្រទេសគោលដៅគំរូមួយរបស់កម្ពុជា​ ក្នុងការកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម​ នៃសកម្មភាពសេដ្ឋកិច្ចជាតិ។​ ជិត១០ឆ្នាំមកនេះ ប្រទេសដែលស្ថិតចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច​មួយនេះ​ បានកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម ពី៩០ភាគរយក្នុងសេដ្ឋកិច្ច នាឆ្នាំ២០១៥ មកនៅត្រឹម ៤៥ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤។
 
«នេះជាមេរៀន និងជាគំរូមួយនៃការជោគជ័យ ដែលកម្ពុជាអាចពិនិត្យ និងសិក្សាបន្ថែមបាន»។ ​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានសរសេរបែបនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន​ នាអំឡុងពេលបំពេញបេសកកម្ម នៅប្រទេសហ៊្សកហ្ស៊ី នាថ្ងៃទី៣ ខែឧសភា ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោកស្រី Natia Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី។
 
បើតាមលោកស្រី ជា សិរី នេះជាលើកដំបូងហើយ ដែលធនាគារកណ្តាលនៃប្រទេសទាំងពីរ បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិ បត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាលផងដែរ។
 


ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលអនាគត។ ធនាគារជាតិនៃកម្ពុជា បានបន្តរៀបរាប់យ៉ាងដូច្នេះ៖ «ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្ស៊ី បានទទួលជោគ ជ័យ ក្នុងការកាត់បន្ថយដុល្លារូបនីយកម្ម ប្រកបដោយជោគជ័យក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។ បទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត នាពេលខាងមុខ»។ 
 
ជាមួយគ្នានេះ លោកស្រី Natia Turnava ក៏បានស្នើឱ្យលោកស្រី ជា សិរី ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូត និងការទូទាត់ឆ្លងដែនជាដើម។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមកបន្តទៀត។ ធនាគារជាតិនៃកម្ពុជា រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ធនាគារកណ្តាល​ហ៊្សកហ្ស៉ី។ 
 
តាមរយៈកិច្ចព្រមព្រៀងខាងលើ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមក បន្តទៀត៕ 

Tag:
 ប្រាក់រៀល
  ដុល្លារូបនីយកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com