សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុងម៉ានីលគ្រោងអនុវត្តថ្ងៃអាទិត្យគ្មានរថយន្ត ដើម្បីឲ្យប្រជាជនហាត់ប្រាណនៅខាងក្រៅ
07, May 2024 , 9:09 am        
រូបភាព
មហាវិថី Roxas Avenue ក្នុងទីក្រុងម៉ានីល ។ រូបភាព ៖ PGAA Creative Design
មហាវិថី Roxas Avenue ក្នុងទីក្រុងម៉ានីល ។ រូបភាព ៖ PGAA Creative Design
ហ្វីលីពីន កំពុងស្នើឲ្យអនុវត្តថ្ងៃអាទិត្យគ្មានរថយន្ត (Car-Free Sunday) នៅផ្នែកមួយនៃ មហាវិថី Roxas Avenue ក្នុងរដ្ឋធានីម៉ានីល ដើម្បីឲ្យប្រជាជនអាចហាត់ប្រាណនៅខាងក្រៅ និងមានពេលវេលាភ្ជាប់ទំនាក់ទំនងគ្នា។
 
ក្រុមប្រឹក្សាទីក្រុងម៉ានីល លោក Salvador Philip Lacuna បានដាក់សេចក្តីព្រាងច្បាប់លេខ ៨៧២៤ ដោយស្នើឱ្យបិទទាំងផ្លូវផ្នែកខាងជើង និងខាងត្បូង នៃមហាវិថី Roxas Avenue ពីចំណុច Padre Burgos Avenue ទៅ Quirino Avenue រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ ដល់ម៉ោង ៩ព្រឹក។ នេះបើតាមសារព័ត៌មាន​ Philstar ។ 
 
សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យអាជ្ញាធរក្នុងតំបន់ បិទផ្លូវជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ព្រមទាំងធ្វើសកម្មភាពអាជីវកម្ម ជាពិសេសកន្លែងលក់អាហារ និងភេសជ្ជៈ។ បន្ថែមពីនេះ អាជ្ញាធរត្រូវធានាដល់ប្រជាពលរដ្ឋថា ការបិទផ្លូវ Roxas Avenue នឹងមិនបង្កការកកស្ទះចរាចរណ៍នៅថ្ងៃអាទិត្យនោះទេ ព្រោះនឹងមានយានជំនិះតិចជាងមុន។
 
តាមការវាយតម្លៃពីប្រយោជន៍នៃការអនុវត្ត Car-Free Sunday អាជ្ញាធរទីក្រុងបាននិយាយថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ព្រោះវាលើកទឹកចិត្តដល់សកម្មភាពហាត់ប្រាណ ក៏ដូចជាការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ។
 
បច្ចុប្បន្ន​នេះ តំណាង​អាជ្ញាធរ​អភិវឌ្ឍន៍​ក្រុង​ម៉ានីល និង​មន្ទីរ​សាធារណការ ព្រមទាំងអាជ្ញាធរ​ផ្លូវ​ជាតិ មិន​ជំទាស់​នឹង​សំណើ​នោះឡើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រុង នៅថ្ងៃ ទី២ ខែឧសភា សមាជិកក្រុមប្រឹក្សាចំនួន១៣នាក់ ក្នុងចំណោម២២រូបដែលមានវត្តមាន បានអនុម័តលើការអានសេចក្តីព្រាងច្បាប់ ជាលើកទី២។ បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់នេះ រង់ចាំការចុះហត្ថលេខាពីអភិបាលក្រុងម៉ានីល មុនពេលត្រូវបានអនុវត្ត។
 
គំរូថ្ងៃអាទិត្យគ្មានរថយន្ត ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នៅតាមដងផ្លូវមួយចំនួននៃរដ្ឋធានីហ្សាការតា ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំ។ ថ្ងៃអាទិត្យគ្មានរថយន្ត ចាប់ពីម៉ោង៥ ដល់ម៉ោង ១០ព្រឹក នៅតំបន់ផ្លូវ Sudirman ក្រោមគំនិតផ្តួចផ្តើមដំបូង ដើម្បីកាត់បន្ថយការបំពុលបរិយាកាស៕ 
 

Tag:
 ម៉ានីល
  ហ្វីលីពីន
 ​ Car-Free Sunday
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com