កីឡាអន្តរជាតិ
អន្តរជាតិ
EPL បំពាក់កាមេរ៉ាលើអាជ្ញាកណ្តាលលើកដំបូង ក្នុងជំនួបដែល Crystal Palace ឈ្នះ Man Utd ៤-០
07, May 2024 , 11:19 am        
រូបភាព
លោក Jerred Gillett អាជ្ញាកណ្តាលកាត់សេចក្តី ក្នុងជំនួបដែលក្រុម Crystal Palace បានលត់ក្រុម Manchester United លទ្ធផល ៤-០ បានបំពាក់កាមេរ៉ា ក្នុងការប្រកួតលើកដំបូង ប្រចាំប្រវត្តិសាស្ត្រ ក្របខណ្ឌ Premier League នាថ្ងៃទី៦ ខែមេសា។


បើតាមការអះអាងរបស់ស្ថាប័ន Premier League ការបំពាក់កាមេរ៉ានោះ ជាផ្នែកមួយការតាមដានសកម្មភាពកាត់ក្តីការប្រកួតនានា ក៏ដូចជាចាប់យកសកម្មភាពរបស់កីឡាករលើទី លាន។ កាមេរ៉ា តូចមួយត្រូវបានបំពាក់នៅត្រង់ត្រចៀករបស់ លោកអាជ្ញាកណ្តាល Gillett ភ្ជាប់ជាមួយនឹងកាសត្រចៀក ក៏ដូចជាមេក្រូ សម្រាប់និយាយទំនាក់ទំនងក្នុងការប្រកួតនោះ ។
 
កាលរដូវកាលមុន សមាគមបាល់ទាត់អង់គ្លេស (FA) ក៏ធ្លាប់បានប្រកាសដាក់ប្រើប្រាស់សាកល្បង បំពាក់កាមេរ៉ាលើមន្រ្តីអាជ្ញាកណ្តាល នៅក្នុងលីគលំរបស់ប្រទេសអង់គ្លេស។ គោល បំណងការបំពាក់កាមេរ៉ា ដើម្បីបញ្ជាក់ថាតើបច្ចេកវិទ្យាកាមេរ៉ាលើអាជ្ញាកណ្តាល អាចជួយសម្រួលដល់ការងារអ្វីខ្លះ ទៅលើឥរិយាបថកីឡាករ និងដើម្បីឱ្យមានការគោរពដល់អាជ្ញាកណ្តាល។
 
លីគកំពូល Bundesliga ក៏មានប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាលើអាជ្ញាកណ្តាល (RefCam) លើកដំបូងដូចគ្នា អំឡុងការប្រកួតរវាងក្រុម Eintracht Frankfurt ស្មើលទ្ធផល ២-២ ទល់នឹងក្រុម VfL Wolfsburg កាលពីខែកុម្ភៈ។
  


លីគកំពូលអង់គ្លេស ប្រកាសប្រាប់អ្នកគាំទ្រដូច្នេះថា ៖«អ្នកគាំទ្រ នឹងអាចពិនិត្យមើលវានៅក្នុងឆ្នាំដែលជាផ្នែកនៃគម្រោងដែលធ្វើឡើង ដោយក្រុមអ្នកផលិតរបស់ Premier League ដែលមានគោលបំណង ផ្តល់នូវការយល់ដឹង និងការអប់រំបន្ថែមទៅលើការទាមទារ នៃការចូលបម្រើការងារនៅ Premier League។ បច្ចេកវិទ្យានេះ មានឧបករណ៍ភ្ជាប់ទៅនឹងក្បាល ដែលត្រូវបញ្ចូលទៅក្នុងប្រព័ន្ធទំនាក់ទំនង អាជ្ញាកណ្តាលជាធម្មតា។»។ 
 
ចំពោះ​ការប្រកួត ដែលបំពាក់កាមេរ៉ាលើអាជ្ញាកណ្តាលលើកដំបូងវិញ បានក្លាយជារឿងដ៏អាម៉ាស់បន្ថែមមួយទៀត សម្រាប់ក្រុម​រហស្សនាម​បិសាចក្រហម ដោយប្រកួតចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Crystal Palace លទ្ធផល ៤-០។​ បរាជ័យដ៏អាម៉ាស់ ហាក់បង្ហាញថា ពេលវេលាសម្រាប់តំណែងរបស់លោក Erik ten Hag នៅក្នុងទឹកដី Old Trafford នឹងត្រូវអស់ពេល ក្នុងគ្រាដ៏ឆាប់ខាងមុខ។ 
 
យ៉ាងណា ទោះក្រុមចាញ់ការប្រកួតក្តី តែបុរសសញ្ជាតិហូឡង់ នៅតែបន្តអះអាងថា លោកនឹងបន្តជម្នះឱ្យបាន ក្នុងការនាំក្រុមវិលត្រឡប់ទៅភាពល្អប្រសើរឡើងវិញ។



«ខ្ញុំនឹងបន្តប្រយុទ្ធ ហើយខ្ញុំបានរៀបចំក្រុមមួយ ស្ថិតក្នុងផ្លូវដ៏ល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន។ វាមិនទាន់ល្អគ្រប់គ្រាន់នៅឡើយមកដល់ពេលនេះ ពិតជាយើងមិនទាន់ល្អគ្រប់គ្រាន់ឡើយ។ ដូច្នេះខ្ញុំត្រូវតែមានទំនួសខុសត្រូវ លើរឿងនេះ។»។ លោក Ten Hag បាននិយាយបែបនេះ។
 
ប្រសិនបើចុងបញ្ចប់រដូវកាល លោក Ten Hag ត្រូវបានក្លិបបណ្តេញចេញពីតំណែងទៀត នោះបុរសហូឡង់រូបនេះ នឹងក្លាយជាគ្រូបង្វឹកទី៧ ដែលក្លិបបិសាចក្រហមបណ្តេញចេញនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ជាមួយនឹងចំណាត់ថ្នាក់បច្ចុប្បន្ន ដែលក្រុមបានរំកិលខ្លួនធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៨ ទៀតសោត បិសាចក្រហមនឹងត្រូវខកខានការប្រកួតក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង ចាប់តាំងពីរដូវកាល ១៩៨៩-៩០។
 
Man United មិនធ្លាប់មកឈរនៅចំណាត់ថ្នាក់ក្រោមលេខ ៧ ឡើយ ក្នុងក្របខណ្ឌ Premier League ប៉ុន្តែការគេចចេញឱ្យផុតពីចំណាត់ថ្នាក់ទាបមិនធ្លាប់មានពីមុនរបស់ពួកគេ អាចនឹងក្លាយជាបញ្ហាសម្រាប់រដូវកាលនេះ ដើម្បីក្លិបកែតម្រូវនៅរដូវកាលក្រោយ។ ការប្រកួតបន្ទាប់ Man United ត្រូវតទល់ក្រុម Arsenal ដែលកំពុងប្រជែងពានយ៉ាងស្វិតស្វាញទល់  Man City៕
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com