កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករលើកទម្ងន់អូឡាំពិកអ៊ុយក្រែន Pielieshenko ស្លាប់ក្នុងសង្គ្រាមរុស្ស៊ី
07, May 2024 , 3:09 pm        
រូបភាព
កីឡាករលើកទម្ងន់ Oleksandr Pielieshenko ដែលតំណាងឱ្យប្រទេសអ៊ុយក្រែនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងរីយ៉ូ ឆ្នាំ ២០១៦​ នៅប្រេស៊ីល បានស្លាប់ក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី។ Pielieshenko ក្នុងចំណោមអត្តពលិក និងមន្ត្រីអ៊ុយក្រែនជាង ៤០០នាក់ ដែលអស់ជីវិតក្នុងសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ចាប់ពីឆ្នាំ ២០២២។


ម្ចាស់ជើងឯកលើកទម្ងន់តំបន់អ៊ឺរ៉ុប ២សម័យ Pielieshenko បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ បើយោងតាមគណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន (NOCU) Pielieshenko បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធក្នុងសមរភូមិជួរមុខនៅថ្ងៃទី៥ ខែឧសភា។
 
«ចាប់ពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី Pielieshenko បានចូលរួមក្នុងជួរកងទ័ពរបស់អ៊ុយក្រែន។ កាលពីម្សិលមិញ (ថ្ងៃអាទិត្យទី៥ឧសភា) យើងបានទទួលដំណឹងដ៏ក្រៀមក្រំនៃការស្លាប់របស់គាត់»។ NOCU បញ្ជាក់ដូច្នេះ។
 
លោក Viktor Slobodianiuk គ្រូបង្វឹក​ផ្នែក​លើក​ទម្ងន់ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​លើក​ទម្ងន់​អ៊ុយក្រែន (UWF) ចាត់ទុក Pielieshenko ជាវីរបុរសរបស់អ៊ុយក្រែន ចំពោះការពលីជីវិតដើម្បីបម្រើជាតិ។ លោក​​ Slobodianiuk រៀបរាប់ថាសង្គ្រាមបានប្រមូលប្រយោជន៍ពីអ៊ុយក្រែនអស់ច្រើនណាស់ហើយ។
 
Pielieshenko វ័យ៣០ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ៤ នៅអូឡាំពិករីយ៉ូ ក្នុងប្រភេទទម្ងន់ ៨៥គីឡូក្រាម និងបានឈ្នះមេដាយមាសនៅជើងឯកទ្វីបអឺរ៉ុប ២លើក ក្នុងឆ្នាំ ២០១៦ និង ២០១៧។ នៅឆ្នាំ២០១៨ រូបគេមិនបានចូលរួមប្រកួតប្រជែងឡើង ក្រោយធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់ (ដូពីង)។
 
គិតមកទល់ឆ្នាំ២០២៤នេះ Pielieshenko ស្ថិតក្នុងចំណោមអត្តពលិក និងមន្ត្រីអ៊ុយក្រែនជាង ៤០០នាក់ ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាម ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ពីខែកុម្ភៈ ឆ្នាំ២០២២ មក៕

Tag:
 Oleksandr Pielieshenko
  សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com