កីឡាជាតិ
ជាតិ
លោក នូ ចំរើន រំពឹង មានជាង២០០នាក់ ចូលរួមជិះកង់ងចម្ងាយ ៣១០គីឡូម៉ែត្រ ទៅសៀមរាប
07, May 2024 , 7:59 pm        
រូបភាព
ក្រុមកីឡាជិះកងជួបជុំគ្នានៅមុខប្រាសាទអង្គរ រូបពីសហព័ន្ធកីឡាទោចក្រយាន
ក្រុមកីឡាជិះកងជួបជុំគ្នានៅមុខប្រាសាទអង្គរ រូបពីសហព័ន្ធកីឡាទោចក្រយាន
ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា រំពឹងថាអ្នកចូលរួម អាចឈានដល់២០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ ដែលនឹងប្រព្រឹតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លើចម្ងាយផ្លូវ៣១០ គីឡូម៉ែត្រ ពីភ្នំពេញទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ គិតត្រឹមថ្ងៃទី៧ ខែឧសភាព មានអ្នកចុះឈ្មោះរួចរាល់ជាង១០០នាក់ ខណៈថ្ងៃបញ្ចប់ការចុះឈ្មោះ នៅថ្ងៃទី១១ ខែឧសភា។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ចំនួន២០០នាក់ ជាចំនួនសមល្មមក្នុងការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាព របស់អ្នកចូលរួមទាំងអស់។


លោក នូ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា មុនថ្ងៃទី១១ ខែឧសភា មានអ្នកចុះឈ្មោះ ១១៣នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ ពីភ្នំពេញ ទៅខេត្តសៀមរាប។ អគ្គលេខាធិការរូបនេះ ក៏រំពឹងថាចំនួនអ្នកចូលរួមអាចឈាន ដល់ជាង២០០នាក់ ព្រោះអ្នកទាំងនោះ រង់ចាំជិតដល់ថ្ងៃកំណត់ ទើបចុះឈ្មោះ។ 
 
អ្នកចូលរួមជាង ២០០នាក់នេះ គឺជាចំនួនច្រើនសមរម្យ ព្រោះអ្នករៀបចំកម្មវិធី អាចគ្រប់គ្រងបានល្អ និងអាចធនានូវសណ្ដាប់ធ្នាប់ក្នុងការធ្វើដំណើរ សុវត្ថិភាព និងការការពារបញ្ហាសុខភាព ណាមួយដែលអាចកើតមានអំឡុងពេលប្រណាំងកង់។ 
 
លោក នូ ចំរើន បាននិយាយប្រាប់ថា៖«ចំនួន២០០-៣០០នាក់ គឺច្រើន ព្រោះកង់ពេញដងផ្លូវ ហើយក្បួនជិះកង់ គឺវែង។ សម្រាប់យើង ចំនួនប៉ុណ្ណឹង យើងអាចគ្រប់គ្រង ប៉ុន្ដែបើលើសនេះ ក៏ពិបាកដែរ ព្រោះមនុស្សច្រើនអាចដាច់ក្បួន នាំឲ្យមានមុខមានក្រោយ។»។
 
អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា មូលហេតុ ដែលមានអ្នកចូលរួមច្រើន ព្រោះពួកគេចង់បំបែកឯកត្តកម្មផ្ទាល់ខ្លួន និងចង់យកសកម្មភាពកីឡានេះជាការរួមចំណែកក្នុងសប្បុរសធម៌។ ម្យ៉ាងវិញទៀត នេះ គឺឱកាសឲ្យក្រុមអ្នកជិះកង់តាមបណ្ដាលខេត្ត-ក្រុង បានជួបជុំគ្នា ផងដែរ។
 
«មូលហេតុ ដែលព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៣១០គីឡូម៉ែត្រជាលើកទី១នេះ មានអ្នកចូលរួមច្រើន គឺគោលបំណង នៃការជិះនេះ គឺដើម្បីបរិចាគសប្បុរសធម៌ ជួយទៅដល់មន្ដ្រីពេទ្យ និងទី២បំបែកឯកត្តកម្មផ្ទាល់ខ្លួន ដោយជិះកង់ពីភ្នំពេញទៅសៀមរាប ព្រោះមានអ្នកខ្លះធ្លាប់ជិះកង់។ ម្យ៉ាងវិញទៀត នេះ គឺជាការជួបជុំគ្នារវាងអ្នកចូលចិត្តជិះកង់ នៅតាមបណ្ដាលខេត្ត។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ដែលត្រូវជាថ្ងៃទិវាកុមារអន្ដរជាតិ។ ព្រឹត្តិការណ៍ជិះកង់នេះ មិនបានកំណត់តម្លៃ និងគុណភាពកង់ទេ។ នោះ មានន័យថាកង់ប្រភេទណាក៏អាចចូលរួមបានដែរ។ ចម្ងាយ៣១០គីឡូម៉ែត្រនេះ គឺត្រូវជិះរយៈពេលមួយថ្ងៃ ហើយចេញដំណើរចាប់ពីម៉ោង ៤:៣០ព្រឹក ដោយគ្រោងទៅដល់មន្ទីរពេទ្យកុមារអង្គរ នៅម៉ោង៧:៣០យប់៕

Tag:
 ជិះកង់
  សិទ្ធិកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com