សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្រូវការសាំងសកលថយចុះ ដោយសារកំណើនរថយន្តអគ្គិសនី
07, May 2024 , 9:29 pm        
រូបភាព
ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅខេត្ត Henan ចិន។ រូបភាព ៖ Xinhua
ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅខេត្ត Henan ចិន។ រូបភាព ៖ Xinhua
កំណើនតម្រូវការសាំងសកលរំពឹងថាថយចុះពាក់កណ្តាលនៅឆ្នាំនេះ ដោយសារតែបរិបទនៃការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីនៅចិន និងអាម៉េរិក។ នេះបើតាមក្រុមហ៊ុនថាមពល Wood Mackenzie។
 
ក្រុមហ៊ុន Wood Mackenzie បានព្យាករថាតម្រូវការសាំងសកលនៅឆ្នាំនេះនឹងកើនឡើងត្រឹម ២៦,៥លានបារ៉ែលក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើងប្រមាណតែ៣០០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ដែលប្រហាក់ប្រហែលពាក់កណ្តាលនៃកម្រិតកើនឡើង ៧០០ពាន់បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។ 
 
កំណើន​តម្រូវការសាំងទាប ដោយសារចិន និងអាម៉េរិកមាននិន្នាការប្រើប្រាស់រថយន្តអគ្គិសនៅកាន់តែច្រើនឡើង។ អ្នកវិភាគនៅក្រុមហ៊ុន Woodmac លោក Sushant Gupta បានបង្ហាញពីហេតុផលគឺការកើនឡើងនៃការជ្រៀតចូលនៃរថយន្តអគ្គិសនីនៅក្នុងទីផ្សារធំទាំងពីរនេះ។ លោកថា ៖ «នៅឆ្នាំនេះ តម្រូវការប្រេងសាំងរបស់ចិននឹងកើនឡើងត្រឹមតែ ១០ពាន់បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារកំណើនខ្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនី»។ នេះបើតាមសារព័ត៌មាន​ Reuters។  
 
បើតាមការព្យាកររបស់សាជីវកម្មប្រេងជាតិចិន (CNPC) ការប្រើប្រាស់សាំងរបស់ចិននឹងកើនឡើងត្រឹមតែ ១,៣ភាគរយឬប្រហែល ២លានតោននៃចំនួនការប្រើប្រាស់សរុប ១៦៥,១លានតោន ដែលស្មើនឹង ៣,៨លានបារ៉ែលក្នុងមួយថ្ងៃ។ 
 
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ចិនធ្លាប់ជាប្រទេសនាំមុខគេប្រើប្រាស់សាំងនៅលើពិភពលោក។ នៅឆ្នាំ២០២៤ ប្រទេសនេះនឹងមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្តអគ្គិសនីសរុបទូទាំងសកលលោក។ ដោយសារតម្លៃកាន់តែថោក IEA ប៉ាន់ប្រមាណថា ចំណែកទីផ្សាររថយន្តអគ្គិសនីនៅឆ្នាំនេះអាចឈានដល់ ៤៥ភាគរយនៅចិន ប្រហែល ២៥ភាគរយនៅអឺរ៉ុប និងច្រើនជាង ១១ភាគរយនៅអាម៉េរិក។
 
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាម៉េរិក ការប្រើប្រាស់សាំងរបស់ប្រទេសនេះបានធ្លាក់ចុះដល់ ៨,៩៤លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ ក្រោយពីកើនឡើងខ្ពស់ដល់ ៩,៣៣លានប៉ារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៨។ ការព្យាករតម្រូវការនៅឆ្នាំនេះរំពឹងថានឹងនៅតែមិនផ្លាស់ប្តូរ។ ដូច្នេះ ប្រាក់ចំណេញរបស់រោងចក្រចម្រាញ់ប្រេងរបស់អាម៉េរិកនឹងរងសម្ពាធធ្លាក់ចុះ នៅពេលដែលរដូវកាលបើកបរនារដូវក្តៅបានកន្លងផុតទៅ។
 
នៅអឺរ៉ុប តម្រូវការសាំងនឹងកើនឡើង ២,៣ភាគរយប្រមាណ ៥០ពាន់បារ៉ែល ដែលកើនដល់ ២,១៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាថាមពលសិង្ហបុរី  FGE។ 
 
យោងតាមក្រុមហ៊ុន Woodmac ប្រាក់ចំណេញរបស់រោងចក្រចម្រាញ់ប្រេងអឺរ៉ុបនឹងរងសម្ពាធ ដោយសារតែតម្រូវការតំបន់នេះបន្តមានស្ថិរភាព គួបផ្សំនឹងការកើនឡើងនៃការប្រជែងពីរោងចក្រចម្រាញ់ប្រេង Dangote ថ្មីរបស់នីហ្សេរីយ៉ា។ នេះជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតទាំងនៅទ្វីបអាហ្រ្វិក និងអឺរ៉ុប ដោយបូមប្រេងសាំងពី ២៨០-៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃទៅកាន់ទីផ្សារពិភពលោក។
 
ស្របពេលតម្រូវការប្រេងនៅចិន អាម៉េរិក និងអឺរ៉ុបលែងមានការកើនឡើង តម្រូវការសាំងអាចត្រូវបានទាក់ទាញនៅក្នុងប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងអត្រាប្រើប្រាស់រថយន្តអគ្គិសនីទាបដូចជាឥណ្ឌា និងឥណ្ឌូណេស៊ី។
 
តម្រូវការសាំងនៅឥណ្ឌានឹងឈានដល់កំណត់ត្រាថ្មីមួយគឺ ៣៩,២លានតោន (៩០៨ពាន់បារ៉ែលក្នុងមួយថ្ងៃ) នៅឆ្នាំ ២០២៥ ដែលកើនឡើងប្រហែល ៥ភាគរយធៀបគ្រាដូចគ្នានឹង ៣៧,២លានតោនខែមីនា ក្នុងឆ្នាំ ២០២៤៕ 

Tag:
 រថយន្តអគ្គិសនី
  សាំង
© រក្សាសិទ្ធិដោយ thmeythmey.com