កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ចង់បន្តស្នាក់នៅ Liverpool ច្រើនឆ្នាំទៀត ទោះលោក Klopp ចាកចេញ
08, May 2024 , 8:29 am        
រូបភាព
Virgil Van Dijk ខ្សែការពារ និងជា ប្រធានក្រុម Liverpool បង្ហាញក្តីរីករាយចំពោះការប្រកបអាជីពជាមួយក្លិបក្នុងក្របខណ្ឌ Premier League នេះ ហើយថែមទាំងអះអាងថាចង់បន្តដំណើរច្រើនឆ្នាំបន្តទៀត បើទោះលោក Jurgen Klopp នឹងចាកចេញពីតំណែងអ្នកចាត់ការ ក្រោយចប់រដូវកាលនេះ។


ខ្សែការពារសញ្ជាតិហូឡង់ វ័យ ៣២ឆ្នាំ នឹងត្រូវផុតកំណត់កិច្ចសន្យារវាងក្លិប Liverpool នៅចុងបញ្ចប់រដូវកាល ២០២៤-២៥។ ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ខ្សែការពារឆ្នើមរូបនេះ សម្លឹងមើលការផ្លាស់ទៅលេងនៅក្លិបលីគកំពូលអាល្លឺម៉ង់ ដូចជា Bayern Munich និងក្លិប Borussia Dortmund ជាដើម។
 
ចាប់តាំងពីលោក Klopp បានប្រកាសថានឹងចាកចេញពីក្លិប កាលពីខែកុម្ភៈ Van Dijk ក៏បាននិយាយពីអនាគតរបស់ខ្លួនថា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ យ៉ាងណាក៏ដោយ ខ្សែការពាររូបនេះ ហាក់បង្ហាញពីចំណាប់អារម្មណ៍ធ្វើការងារជាមួយនឹងគ្រូបង្វឹកថ្មី លោក Arne Slot ដែលបានចុះកិច្ចសន្យាជាមួយ Liverpool រួចស្រេច ដើម្បីជំនួសលោក Klopp។ Van Dijk បញ្ជាក់ថាគេចង់បន្តលេងឱ្យ Liverpool។ 
 
«ការផ្តោតខ្លាំងពេលនេះ គឺ​ ២ប្រកួតដែលនៅសល់ ហើយក្លិបនឹងត្រូវបង្វែរការផ្តោតអារម្មណ៍លើអ្នកចាត់ការថ្មី។ នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំ ហើយខ្ញុំក៏ស្ថិតនៅក្នុងការផ្លាស់ប្តូរនេះដូចគ្នា។ ពេលនេះគ្មានអ្វីដែលខ្ញុំត្រូវជជែកពីរឿងអនាគតនោះឡើយ ព្រោះគ្មានដំណឹងពីបញ្ហានេះ។ ដូចខ្ញុំនិយាយពីមុនអ៊ីចឹង ខ្ញុំកំពុងតែរីករាយខ្លាំងនៅទីនេះ ខ្ញុំស្រលាញ់ក្លិប ហើយអ្នកអាចមើលឃើញដូចគ្នា វាគឺជាផ្នែកដ៏ធំមួយនៃជីវិតខ្ញុំ។»។ Van Dijk បាននិយាយបែបនេះ។
 
ជាធម្មតាការផ្លាស់ប្តូរថ្នាក់ដឹកនាំ ក៏ដូចជាគ្រូបង្វឹក ឬអ្នកចាត់ការរបស់ក្លិបនីមួយៗ នឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងក្លិប និងទម្រង់លេងរបស់ក្រុមទាំងមូល។ ខ្សែការពារវ័យ ៣២ឆ្នាំ ក៏បញ្ជាក់ថែមទៀតថា រូបគេនឹងមិនភ័យខ្លាចសម្រាប់ការផ្លាស់ប្តូរអ្វីឡើយ នៅពេលអ្នកចាត់ការថ្មីមកដល់។ 
 
បច្ចុប្បន្នក្លិប Liverpool កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៣ កំពូលតារាង ដោយមាន ៧៨ពិន្ទុ ក្នុងដៃ ឈរពីក្រោមក្រុមលេខ ១ Arsenal មានគម្លាត ៥ពិន្ទុ និង ៤ពិន្ទុ ពីក្រុមលេខ ២ Manchester City។ ២ប្រកួតចុងក្រោយ Liverpool នឹងត្រូវជួបតទល់ក្រុម Aston Villa មុនពេលបើកទ្វារផ្ទះស្វាគមន៍ក្រុម Wolverhampton Wanderers។ 
 
ជំនួបក្នុងកីឡដ្ឋាន Anfield ក្នុងការប្រកួតទី៣៨ ជាមួយ Wolver នឹងក្លាយជាការប្រកួតចុងក្រោយដែលលោក Klopp បានដឹកនាំក្រុមអស់រយៈពេល ៩ឆ្នាំ ហើយក៏ជាការលាគ្នាជាមួយនឹងអ្នកគាំទ្រក្រុមហង្សក្រហមថែមទៀតផង៕

Tag:
 Virgil Van Dijk
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com