ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារកំពុងបង្កក្តីបារម្ភចំពោះប្រទេសដែលជំពាក់បំណុលច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តួយ៉ាង ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថានភាពជំពាក់បំណុលតានតឹង ខណៈកោះម៉ាល់ឌីវ ប៉ាពួអាស៊ីនូវែលហ្គីណេ គិរីបាទី និងកោះម៉ាហ្សាល់ ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់នៃបំណុល។
«ភាពងាយរងគ្រោះនៃបំណុល នៅតែធ្ងន់ធ្ងរក្នុងប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម និងទាប»។ កាសែតជប៉ុន Nikkei Asia បានដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Sunichi Suzuliនិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងកាលពីចុងសប្តាហ៍មុននៅរដ្ឋធានីប៊ីលីស៊ីរបស់ហ្សកហ្ស៊ី។
នៅថ្ងៃទី៣ ខែឧសភា លោក Suzuki មានកិច្ចពិភាក្សាស្តីពីនិរន្តរភាពបំណុលជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិក។ នៅថ្ងៃដដែលនោះ ADB បានយល់ព្រមជាមួយម្ចាស់ជំនួយក្នុងការផ្តល់ដើមទុនសម្រាប់គាំទ្រគម្រោងនានាដល់ប្រទេសសមាជិក ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជប៉ុនជាម្ចាស់ជំនួយដ៏ធំបំផុតនៃប្រភពទុនទាំងនេះ។
បំណុលសាធារណៈក្នុងប្រទេសកំពុងរីកចម្រើន និងចំណូលមធ្យមនៅអាស៊ីនឹងកើនឡើងដល់ ៨២,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះដែលខ្ពស់ជាង ៣ភាគរយកាលពីឆ្នាំមុន។ នេះបើតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ កម្រិតបំណុលនេះគឺខ្ពស់ជាងផលធៀប ៣៦,២ភាគរយនៅក្នុងប្រទេសស្រដៀងគ្នាតំបន់អឺរ៉ុប និងខ្ពស់ជាងផលធៀប ៦៨,៥ភាគរយនៅក្នុងបណ្តាប្រទេសនៅអាម៉េរិកឡាទីន។
ផលធៀបបំណុលសាធារណៈនឹង GDP នៃប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិក។ ក្រាហ្វិក ៖ IMF/Nikkei
សម្រាប់ប្រទេសដែលមានចំណូលទាបនៅអាស៊ី ផលធៀបបំណុលសាធារណៈទៅនឹង ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករថានឹងកើនឡើង១ភាគរយនៅឆ្នាំនេះដល់អត្រា ៤៤,៦ភាគរយ។ កាលពីឆ្នាំមុន ៧០ភាគរយនៃបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកមានឱនភាពថវិកា។ នេះបើយោងតាមទិន្នន័យរបស់ ADB ។
កាលពីខែកុម្ភៈ IMF បានវាយតម្លៃថា ក្នុងចំណោមប្រទេសដែលមានចំណូលទាបចំនួន ៦៩ នៅអាស៊ី មានប្រទេសចំនួន៩ បានធ្លាក់ចូលទៅក្នុងស្ថានភាពតានតឹងនៃបំណុលពីខាងក្រៅ ហើយប្រទេសចំនួន២៥ ផ្សេងទៀតប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងស្ថានភាពដូចគ្នា។ ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតក្នុងស្ថានភាពបំណុលតានតឹង ខណៈកោះម៉ាល់ឌីវ ប៉ាពួអាស៊ីនូវែលហ្គីណេ គិរីបាទី និងកោះម៉ាហ្សាល់ ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់នៃបំណុល។
បំណុលសាធារណៈរបស់ឡាវបានកើនលើសពី ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៣។ ពាក់កណ្តាលនៃបំណុលបរទេសរបស់ឡាវ ជាប្រាក់កម្ចីរបស់ចិន។ នេះបើតាមទិន្នន័យរបស់ធនាគារពិភពលោក (WB) ។ អ្នកសង្កេតការណ៍ខ្លះនិយាយថា តួលេខជាក់ស្តែងអាចខ្ពស់ជាងនេះ ប្រសិនបើបំណុលលាក់កំបាំងត្រូវបានដាក់បញ្ចូល។
ថ្មីៗនេះ ប្រាក់គីបឡាវបានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារ និងប្រាក់បាតថៃ ដោយសារការព្រួយបារម្ភអំពីស្ថានភាពសារពើពន្ធរបស់ប្រទេស។ ការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុកធ្វើឱ្យឡាវកាន់តែលំបាកក្នុងការសងបំណុលជាប្រាក់ដុល្លារ។ លើសពីនេះ ការផ្គត់ផ្គង់ប្រេង និងអាហារភាគច្រើនរបស់ឡាវត្រូវតែនាំចូល ដូច្នេះការធ្លាក់ថ្លៃប្រាក់គីបក៏នាំឲ្យមានការព្រួយបារម្ភនៃការកើនឡើងអតិផរណាខ្ពស់ដែរ។
សម្រាប់ប៉ាឡាវ និងហ្វ៊ីជី បំណុលសាធារណៈមានលើសពី ៨០ភាគរយនៃ GDP ។ បណ្តាប្រទេសកោះ គឺងាយរងគ្រោះដោយការកើនឡើងនូវកម្រិតទឹកសមុទ្រ និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ដែលនាំឱ្យតម្រូវការកើនឡើងនៃការចំណាយថវិកាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះ ជំហររបស់ចិនចំពោះបណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិកកំពុងកើនឡើង ខណៈដែលទីក្រុងប៉េកាំងផ្តល់ប្រាក់កម្ចីយ៉ាងច្រើនទៅកាន់ប្រទេសទាំងនេះ។ អាម៉េរិក និងសម្ព័ន្ធមិត្តកំពុងស្វែងរកការផ្តល់ជូនប្រទេសកោះប៉ាស៊ីហ្វិកនូវភាពជាដៃគូជំនួសចិន តាមរយៈគំនិតផ្តួចផ្តើមដែលសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងប្តេជ្ញាធានានូវតម្លាភាពបំណុល។
ចំណែកស្រីលង្កា ជាឧទាហរណ៍បង្ហាញពីរបៀបប្រទេសនេះជាប់វិបត្តិបំណុល។ ក្នុងឆ្នាំ ២០១៧ ស្រីលង្កាបានផ្ទេរការគ្រប់គ្រងកំពង់ផែសមុទ្រ Hambantota ទៅកាន់ចិន។ អ្នកសង្កេតការណ៍មួយចំនួនបានមើលឃើញថាជាសញ្ញាមួយដែលប្រទេសនេះត្រូវបានជាប់គាំងជាមួយនឹងប្រាក់កម្ចីពីចិន។ កំពង់ផែនេះនៅមហាសមុទ្រឥណ្ឌាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសម្រាប់សន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សេដ្ឋកិច្ចរបស់ស្រីលង្កាបន្តធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាលដាលកូវីដ-១៩។ នៅខែមេសា ឆ្នាំ ២០២២ រដ្ឋាភិបាលនៃប្រទេសនេះបានប្រកាសផ្អាកការសងបំណុលបរទេសជាបណ្តោះអាសន្ន៕