RFI
អន្តរជាតិ
ស្រ្តីវៀតណាមម្នាក់ប្តឹងក្រុមហ៊ុន​ផលិតថ្នាំគីមីអាមេរិក ទៅតុលាការឧទ្ធរណ៍បារាំង
09, May 2024 , 8:59 am        
រូបភាព
ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហានអាមេរិកបាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់ពណ៌របស់ធុងថ្នាំគីមី ប្រមាណ៨០លានលីត្រទៅលើដីភូមិ ព្រៃ ជាង៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។  The LIFE Images Collection
ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហានអាមេរិកបាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់ពណ៌របស់ធុងថ្នាំគីមី ប្រមាណ៨០លានលីត្រទៅលើដីភូមិ ព្រៃ ជាង៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។ The LIFE Images Collection
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា 
 
នៅទីក្រុង​ប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការ​កាលពី​ថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ដើម្បីស្តាប់ពាក្យបណ្តឹង​របស់​ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ព​អាមេរិក​ហោះបាចសាច​នៅក្នុង​សម័យ​សង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជា​ជំងឺមហារីក និង​មានកូនចៅ​កើតជំងឺគ្រប់គ្នា ដោយសារ​ត្រូវ​ទឹកថ្នាំគីមី​ស្រោចពីលើអាកាស កាលពីឆ្នាំ​១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​អាមេរិក ចំនួន​១៤ ទៅតុលាការ​បារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេ​បានប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខភាពប្រជាជន​វៀតណាម ពី ២ទៅ ៤លាននាក់។
 
ស្រ្តីជនជាតិវៀតណាម​បារាំង Tran To Nga ​​​តស៊ូ មិនចុះចាញ់ នៅចំពោះមុខ​ក្រុមហ៊ុន​អាមេរិកជាង​១០ ដែល​លោកស្រី​ចោទប្រកាន់​ថា បានផលិត ផ្តល់​ថ្នាំគីមី ពណ៌លឿងទុំ​ ​ទៅឲ្យទាហានអាមេរិក ​យកទៅ​ទម្លាក់ បាចសាចនៅភាគខាងត្បូងវៀតណាម ​នៅក្នុង​សម័យ​សង្រ្គាម។
 
នៅ​ថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ពាក្យបណ្តឹង​របស់​លោកស្រី​ Tran To Ngaបាន​ឡើង​ដល់​តុលាការ​ឧទ្ធរណ៍​បារាំង បន្ទាប់ពីតុលាការ​ជាន់ទាប (តុលាការ​នៅ​Evry) បាន​សម្រេច​ កាលពីឆ្នាំ​២០២១​ថា តុលាការ​បារាំង​គ្មាន​សមត្ថភាព​ បើកការជំនុំជម្រះរឿងក្តីដែលមានក្រុមហ៊ុន​អាមេរិកជា​ចុងបណ្តឹង។ នៅក្នុងការសម្រេច​របស់ខ្លួនកាលណោះ ​តុលាការ​ជាន់ទាបបារាំង​​បាន​លើកឡើង​ពីអភ័យឯកសិទ្ធិដែលភាសាបារាំងហៅថា​ immunité de juridiction នៅបន្ទាប់ពី​ក្រុមហ៊ុន​អាមេរិកអះអាងថា ​គេ​ផលិតថ្នាំគីមី ទៅ​តាម​ការបញ្ជាទិញ​របស់​រដ្ឋាភិបាល​អាមេរិក។ អភ័យ​ឯកសិទ្ធិ immunité de juridiction ការពារប្រទេស​មួយឲ្យរួចផុត​ពីការជំនុំជម្រះ​របស់តុលាការ​ប្រទេស​មួយទៀត។
 
នៅ​ឆ្នាំ ២០០៥ សមាគមជនរងគ្រោះ​វៀតណាមនៅអាមេរិក​ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុនផលិតថ្នាំគីមីកម្ចាត់ស្មៅ ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្ម​សង្រ្គាម។ ប៉ុន្តែ តុលាការ​អាមេរិក​មិនទទួលយកពាក្យបណ្តឹង​ក្នុង​ហេតុផលថា សារធាតុគីមី ពណ៌លឿងទុំជា​ថ្នាំគីមី កម្ចាត់ស្មៅ ប៉ុន្តែ មិនមែនជាអាវុធគីមី។
នៅក្នុង​សវនាការ​កាលពីថ្ងៃអង្គារ មេធាវីតំណាងក្រុមហ៊ុន​អាមេរិក​Bayer Monanto បាន​ឡើងការពារសាជាថ្មីថា កិច្ចសន្យា​ជាមួយរដ្ឋាភិបាលអាមេរិក​កាលណោះ​​បាន​ចងជាប់ដៃជើង​របស់​ក្រុមហ៊ុន។ ប៉ុន្តែ មេធាវី​របស់​លោកស្រី​Tran To Nga ដែលជាជនរងគ្រោះ​​​មិន​យល់​ដូច្នោះទេ ព្រោះថា​ ក្រុមហ៊ុន​ទម្លាក់កំហុស​ទៅលើ​ទាហានអាមេរិក ដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។
 
យោងតាម​សមាគមជនរងគ្រោះវៀតណាម ​ ក្នុងរយៈពេល​១០ឆ្នាំ ពីឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហាន​អាមេរិក​បាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់​ពណ៌​របស់​ធុងថ្នាំគីមី ប្រមាណ​៨០លានលីត្រ​ទៅលើដីភូមិ ព្រៃ ជាង​៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។ ជាលទ្ធផល ប្រជាជន​វៀតណាម​ពី ២ទៅ ៤លាននាក់​រងផលប៉ះពាល់សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ សារធាតុគីមីដែលគេប្រើជាទូទៅសម្រាប់​កម្ចាត់ស្មៅ។
 
នៅក្នុងករណី​របស់​លោកស្រីTran To Nga លោកស្រីត្រូវស្រោចទទឹកជោគដោយសារធាតុគីមី ធ្លាក់ពីលើមេឃ នៅពេល​លោកស្រី​ មានអាយុ​២៤​ឆ្នាំ។ ដោយសារ​តែ​ថ្នាំគីមីរបស់អាមេរិក លោកស្រី​កើតមានជំងឺប្រចាំកាយ ដូចជា​របេង មហារីក ចំណែកកូនស្រីរបស់លោកស្រី​ម្នាក់​ស្លាប់នៅអាយុ​១ខួបកន្លះ ដោយសារ​បេះដូងលូតលាស់មិនប្រក្រតី។ កូនស្រីពីរនាក់ទៀត និង​ចៅៗ​របស់លោកស្រីសព្វថ្ងៃ​​មានជំងឺប្រចាំកាយឈឺធ្ងន់ធ្ងរ។
 
បន្ទាប់ពីតស៊ូប្តឹង ក្រុមហ៊ុន​អាមេរិកតាំងពី​ឆ្នាំ ២០០៥មក លោកស្រី​Tran To Nga ក្នុងវ័យ ៨២ឆ្នាំ មិនសូវរំពឹងខ្លាំងថា នឹងអាច​យកឈ្នះលើ​ក្រុមហ៊ុនអាមេរិកតាមផ្លូវតុលាការ។ ប៉ុន្តែ ទោះជា​ពងមាន់ត្រូវនឹងជល់ថ្ម លោកស្រី​Tran To Nga នៅតែមិនចុះចាញ់។ ដោយដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក លោកស្រី​ចង់បាន​សំណងជំងឺចិត្ត​និង​ទាញសញ្ញាអាសន្ន​ពីគ្រោះថ្នាក់នៃថ្នាំពុលគីមី ដែលមិនត្រឹមសម្លាប់សត្វ កម្ចាត់ស្មៅ ប៉ុន្តែ វា​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់​សុខភាពរបស់មនុស្ស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com