អន្តរជាតិ
លោកសេដ្ឋា ប្តេជ្ញាដាក់កញ្ឆាក្នុងបញ្ជីនីកូទីនសារជាថ្មីឱ្យបានត្រឹមដំណាច់ឆ្នាំ២០២៤
09, May 2024 , 8:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ខាងស្តាំ)។ រូបភាព AFP និង X_Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ខាងស្តាំ)។ រូបភាព AFP និង X_Sretha Thavisin
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានប្តេជ្ញាដាក់កញ្ឆាក្នុងបញ្ជីនីកូទីនជាថ្មីឱ្យបានត្រឹមដំណាច់ឆ្នាំ២០២៤។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលថៃ បានសន្យាបង្រ្កាបគ្រឿងញៀនឱ្យបានខ្លាំងក្លានៅក្នុងប្រទេស។
 
ក្នុងកិច្ចប្រជុំមួយនៅវិមានរដ្ឋាភិបាលក្នុងថ្ងៃទី៨ ខែឧសភា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកប្រធានកញ្ឆា និងការបង្រ្កាបគ្រឿងញៀនយកទៅពិភាក្សា។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ក្នុងកិច្ចប្រជុំដែលមានវត្តមានរដ្ឋមន្រ្តីយុត្តិធម៌, រដ្ឋមន្រ្តីសុខាភិបាល, រដ្ឋមន្រ្តីមហាផ្ទៃ និងទីភ្នាក់ងារពាក់ព័ន្ធ លោកសេដ្ឋា បានជំរុញឱ្យដាក់កញ្ឆាចូលទៅក្នុងបញ្ជីនីកូទីនជាថ្មី និងបង្រ្កាបគ្រឿងញៀននៅក្នុងប្រទេស ដែលផ្តល់ផលប៉ះពាល់ដល់យុវជន។
 
ទន្ទឹមនេះ ក្នុងសំណេរលើបណ្តាញសង្គម X នៅថ្ងៃដដែល ប្រមុខរដ្ឋាភិបាលថៃ បានប្តេជ្ញាដាក់កញ្ឆាក្នុងបញ្ជីនីកូទីនជាថ្មីឱ្យបានត្រឹមដំណាច់ឆ្នាំ២០២៤។
 
«លោកសេដ្ឋាចង់ឱ្យក្រសួងសុខាភិបាលដាក់ចេញបទបញ្ញាត្តិមួយ ដែលអនុញ្ញាតប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្រ្ត និងសុខាភិបាលប៉ុណ្ណោះ»។ កាសែតបាងកកប៉ុស្តិ៍បានស្រង់សម្តីលោកសេដ្ឋា​បែបនេះ។ ថៃចង់ដាក់កញ្ឆាទៅក្នុងបញ្ជីនីកូទីនទី៥ នេះ ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់តែនៅក្នុងវិស័យសុខាភិបាលប៉ុណ្ណោះ។
 
នៅក្នុងឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសនៅក្នុងតំបន់អាស៊ីដំបូង ដោយអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់ តាមរយៈការដកកញ្ឆាចេញពីបញ្ជីរឹតត្បិតទី៥នោះ។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលថៃ នៅអាណត្តិមុនមិនអាចដាក់ចេញច្បាប់គ្រប់គ្រងកញ្ឆាបានច្បាស់លាស់ឡើយ។ ក្រោមរដ្ឋាភិបាលលោកសេដ្ឋា ដែលមានលោក Cholnan Srikaew អតីតរដ្ឋមន្រ្តីសុខាភិបាល បានធ្វើសេចក្តីព្រាងច្បាប់លើការគ្រប់គ្រងកញ្ឆា និងសកម្មភាពហាមឃាត់ការប្រើប្រាស់កញ្ឆា។ រដ្ឋមន្រ្តីសុខាភិបាលថ្មី លោក Somsak Thepsuthin បានប្តេជ្ញាធ្វើសេចក្តីព្រាងច្បាប់នេះបន្ត។
 
មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ផងដែរថា លោកនឹងស្តាប់សំឡេងរបស់ប្រជាជន មុននឹងដាក់កញ្ឆាទៅក្នុងបញ្ជីនីកូទីនជាថ្មី។ 
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីថៃ បានប្រកាសដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងប្រទេសផង ហើយបានបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធទាំងអស់រួមគ្នា ដើម្បីបង្ហាញសមិទ្ធផលត្រឹមរយៈពេល ៩០ថ្ងៃ។
 
«គ្រឿងញៀនជាបញ្ហា ដែលបំផ្លាញអនាគតរបស់ប្រទេស»។ មេដឹកនាំថៃ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំនៅវិមានរដ្ឋាភិបាលក្នុងថ្ងៃទី៨ ខែឧសភា ដោយបន្តថា យុវវ័យជាច្រើន កំពុងញៀនថ្នាំ ហើយអាជ្ញាធរ ត្រូវតែធ្វើការឱ្យបានឆាប់រហ័ស ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជួញដូរគ្រឿងញៀន។ 
 
ផែនការនៃការដាក់កញ្ឆាចូលទៅក្នុងបញ្ជីរឹតត្បិតវិញ មិនត្រូវបានអ្នកគាំទ្រអាជីវកម្មសារធាតុមួយនេះ គាំទ្រឡើយ។ អគ្គលេខាធិការ Cannabis Future Network លោក Prasitchai Nunual បានយល់ឃើញថា ការដាក់កញ្ឆាទៅក្នុងបញ្ជីរឹតត្បិតនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ជាពិសេសអាជីវកម្មពាក់ព័ន្ធនឹងកញ្ឆា ដែលបានបើករួច។ បានសេចក្តីថា អាជីវកម្មទាំងនោះ អាចប្រឈមនឹងការបិទវិញ ប្រសិនបើកញ្ឆាដាក់ក្នុងបញ្ជីនីកូទីន៕  

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com