កីឡាអន្តរជាតិ
អន្តរជាតិ
Alonso ថាសមត្ថភាព Leverkusen សមនឹងទទួលបានពានទាំង៣ រដូវកាលនេះ
10, May 2024 , 4:59 pm        
រូបភាព
Bayer Leverkusen បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ក្រោយបំបាក់ក្រុម AS Roma លទ្ធផលសរុបទាំងពីរជើង ៤-២។ លោក Xabi ​Alonso អ្នកចាត់ការទូទៅបាននិយាយថា Leverkusen សមទទួលបានពានរង្វាន់ទាំង៣ នៅរដូវកាលនេះ។


Leverkusen ទើបតែលើកពាន Bundesliga កាលពីពេលថ្មីៗនេះ បានបន្តទម្លាក់ Roma ដោយលទ្ធផលតាមស្មើ ២-២ បានធ្វើឱ្យក្រុមស្ថិតក្នុងលីគអាល្លឺម៉ង់បន្តកំណត់ត្រា ៤៩ប្រកួតរាល់កម្មវិធីប្រកួត មិនទាន់ចាញ់ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League។ ក្រុមដែលដឹកដោយអ្នកចាត់ការ Alonso នឹងត្រូវដណ្តើមពាន German Cup នៅថ្ងៃទី២៥ ខែឧសភា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ផងដែរ។
 
Leverkusen ជាក្លិបដំបូងប្រចាំប្រវត្តិសាស្ត្រ ព្រមទាំងបំបែកកំណត់ត្រាក្លិប SL Benfica ដែលប្រកួត ៤៨ប្រកួតមិនចាញ់ តាំងពីឆ្នាំ ១៩៦៤-១៩៦៥។
ក្រោយឃើញទម្រង់លេងរបស់កូនក្រុម ប្រឹងប្រែងបង្ហាញសមត្ថភាព រហូតអាចរកគ្រាប់តាមស្មើក្លិប AS Roma ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ថាកូនក្រុមសមទទួលបានពានរង្វាន់ទាំង ៣ ដែលពួកគេកំពុងតែប្រជែង។
 
«ជាលទ្ធផល យើងនឹងត្រូវលេងការប្រកួតផ្តាច់ព្រ័ត្រនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត។ យើងបានបង្ហាញគូប្រជែង បន្ទាប់ពីរកបានគ្រាប់ទីពីរ។ ខ្ញុំបានសម្លឹងមើលកីឡាករខ្ញុំទាំងអស់ទៅមុខទៀត ហើយឃើញថាពួកគេគឺស្រេកឃ្លានជ័យជម្នះបន្តទៀត។ យើងមានឱកាសក្នុងការឈ្នះពាន ៣ ក្នុងមួយរដូវកាល ហើយកីឡាកររបស់ខ្ញុំពិតជាសមនឹងទទួលបានពានទាំង ៣។»។ លោក Alonso បានរៀបរាប់បែបនេះ ក្រោយចប់ការប្រកួតទល់ Roma។
 
ចាប់តាំងពីលោក Alonso បានចូលដឹកនាំក្រុម Bayer Leverkusen តាំងពីខែតុលា ឆ្នាំ ២០២២ ក្លិបម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ បានងើបចេញពីតំបន់ក្រុមលំដាប់លេខ ២ បាតតារាង រហូតប្រែក្លាយជាក្រុមដ៏ខ្លាំងមួយឡើងវិញ នៅក្នុងរដូវកាល ២០២៣-២៤។ 
 
អ្នកចាត់ការដែលកើតចេញពីការដឹកនាំក្រុម Real Sociedad B បានដឹកនាំ Leverkusen បញ្ចប់ការឈ្នះពានជាប់ៗគ្នា ១១ឆ្នាំ របស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ដែលរបូតពានទាំងអស់ក្នុងរដូវកាល ២០២៣-២៤ នេះ៕

Tag:
 Xabi Alonso
  Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com