កីឡាអន្តរជាតិ
អន្តរជាតិ
លោក Vilanova អតីតគ្រូបង្វឹក Barcelona ស្លាប់ក្នុងអាយុ៤៥ឆ្នាំដោយសារមហារីក 26, Apr 2014 , 12:13 am
× ក្លិបយក្សអេស្ប៉ាញ Barcelona បានប្រកាសនៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៤ ថា អតីតអ្នកចាត់ការទូទៅរបស់ខ្លួន គឺ លោក Tito Vilanova បានទទួលមរណភាពហើយក្នុងអាយុ៤៥ឆ្នាំ បន្ទាប់ពីរងការញាំញីអស់រយៈពេលជាច្រើនឆ្នាំដោយសារជំងឺមហារីក។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ លោក Vilanova បានទទួលការវះកាត់យកសាច់ដុំចេញពីបំពង់ក ប៉ុន្តែជំងឺបានលាប់ឡើងវិញកាលពីខែធ្នូ ឆ្នាំ២០១២ ។ ដោយសារបញ្ហាសុខភាពនេះហើយ ទើបលោក Vilanova បានលាលែងតំណែងជាគ្រូបង្វឹក Barcelona កាលពីខែកក្កដា ឆ្នាំ២០១៣ ដើម្បីបន្តព្យាបាលជំងឺ ហើយលោក Gerardo Martino បានចូលទៅដឹកនាំបង្វឹកបន្ត។
ក្លិប Barcelona បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា៖ «FC Barcelona មានទុក្ខដ៏ក្រៀមក្រំ។ លោក Tito Vilanova បានទទួលមរណភាពក្នុងអាយុ៤៥ឆ្នាំ។ សូមលោកបានទៅកាន់សុគតិភព»។
លោក Tito Vilanova ដែលមានសញ្ជាតិអេស្ប៉ាញ គឺជាអតីតកីឡាយុវជនរបស់ Barcelona ហើយ កាលពីខែមិថុនា ឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យបន្តវេនពីលោក Pep Guardiola ដែលបានសម្រេចចិត្តលាលែងពីបាល់ទាត់ ប៉ុន្តែក្រោយមកទៅដឹកនាំ Bayern Munich រហូតមកដល់បច្ចុប្បន្ន។ លោក Vilanova បាននាំ Barcelona ឈ្នះពាន La Liga សម្រាប់រដូវកាល២០១២-២០១៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com