ប្លែកៗ
អន្តរជាតិ
លោកអូបាម៉ាត្រូវបានគេហាមឃាត់មិនអោយចូលក្នុងយន្តហោះដោយសារក្លិនទុរេន 29, Apr 2014 , 12:27 pm
× មុនបន្តដំណើរទៅកាន់ប្រទេសហ្វីលីពីនដែលជាទិសដៅចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា មកកាន់តំបន់អាស៊ី លោកត្រូវបានក្រុមសន្តិសុខសម្ងាត់ ដែលជាផ្នែកមួយនៃក្រសួងសន្តិសុខជាតិអាមេរិក ហាមឃាត់មិនចូលក្នុងយន្តហោះ ដោយសារម៉ាស៊ីនចាប់ឧស្ម័នគ្រោះថ្នាក់ ដំណើរការដោយក្លិនទុរេនចេញពីខ្យល់ដកដង្ហើមលោកអូបាម៉ា។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ហាក់បីដូចជាមានភាពសប្បាយរីករាយក្នុងការភ្លក់រសជាតិផ្លែឈើសម្បូរបែបជាពិសេសគឺផ្លែ ទុរេន ដែលមានក្លិនអាក្រក់ តែបើនិយាយពីរសជាតិនោះគឺផ្អែមឆ្ងាញ់មិនអាចបំភ្លេចបាននោះ។ តែរឿងរ៉ាវមិនគួរអោយជឿមួយបានកើតមានឡើងមុនពេលលោកចាកចេញពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសហ្វីលីពីននោះ គឺលោកអូបាម៉ា ត្រូវបានភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួនរបស់លោកហាមមិនអោយលោកចូលក្នុងយន្តហោះ ខណៈពេលដែលលោកឡើងដល់ទ្វាយន្តហោះទៅហើយនោះ។ ហើយលោកត្រូវបានភ្នាក់ងារសន្តិសុខទាំងនោះអញ្ជើញអោយចូលទៅក្នុងរថយន្តរបស់លោក និងធ្វើដំណើរទៅកាន់បន្ទប់រង់ចាំសម្រាប់ភ្ងៀវពិសេស ដើម្បីអោយលោកអូបាម៉ាខ្ពុរមាត់ដើម្បីបំបាត់ក្លិនអាក្រក់នៃផ្លែទុរេននោះ។
អ្នកនាំពាក្យម្នាក់របស់ភ្នាក់ងារសន្តិសុខសម្ងាត់អាមេរិក ដែលបដិសេធមិនបញ្ចេញឈ្មោះ បានអោយដឹងថា វិធានការដ៍តឹងតែងដែលបានធ្វើឡើងនេះ គឺមិនមែនជារឿងសាមញ្ញឡើយ ប៉ុន្តែពួកគេត្រូវតែធ្វើដើម្បីធានាថា វាពិតជាមានសុវត្ថិភាពគ្រប់គ្រាន់ហើយឬនៅ នៅក្នុងដំណើររបស់លោកប្រធានាធិបតីនៅលើយន្តហោះនោះ ហើយដោយសារផ្លែឈើនៅតំបន់អាស៊ីមានក្លិនខ្លាំងហើយវាអាចបង្កអោយមានបញ្ហាដល់ការហោះហើរផងដែរ។
លោកបានបន្ថែមថាលោកពិតជាសូមអភ័យទោសចំពោះលោកប្រធានាធិបតី ប៉ុន្តែវាជាកាតព្វកិច្ច និងជាវិន័យមួយក្នុងការត្រូតពិនិត្យលើក្លិនចម្លែកដែលអាចធ្វើអោយមានបញ្ហាដល់ដំណើរហោះហើរនៃយន្តហោះនោះ។
កាតព្វកិច្ចរបស់ពួកគេគឺថែរក្សាសុវត្ថិភាពរបស់ប្រធានាធិបតី តែបើប្រធានាធិបតីកំពុងប្រឈមមុខនឹងគ្រោះថា្នក់ដោយបញ្ហាបែបនេះ ពួកគេចាំបាច់ត្រូវការពារមិនអោយបញ្ហាកើតមានឡើង។ ក្រុមសន្តិសុខទាំងនោះបានអះអាងថា ក្រោយពេលដែលលោក អូបាម៉ាឡើងដល់ជណ្តើយន្តហោះ លោកបាននិយាយពាក្យសួស្តីទៅកាន់ពួកគេតែក្លិនដែលចេញមកពីមាត់របស់លោកបារ៉ាក់ អូបាម៉ា ពិតអាចជាធ្វើអោយឧបករណ៍អេឡិចត្រូនិចការពារបញ្ហានៅក្នុងយន្តហោះដំណើរការមិនខានទេ។
ចំពោះលោកអូបាម៉ា បានអោយដឹងផងដែរថា លោកពិតជាមិនអាចអត់ធ្មត់ចំពោះការមិនភ្លក់រសជាតិផ្លែទុរេននៅតាមដងផ្លូវនៅក្នុងប្រទេសម៉ាឡេស៊ីបាននោះឡើយ ដោយសារវាបានរំលឹកលោកអំពីអនុស្សាវរីយ៍ដែលលោកធ្លាប់មានកាលពីក្មេងដោយលោកបានរីកធំធាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com